ចិន បង្កើតព្រលានយន្តហោះ នៅលើកំពូលភ្នំកម្ពស់ជាង ១៨០០ម៉ែត្រឯណោះ!
ព្រលានយន្តហោះថ្មីមួយរបស់ចិនឈ្មោះ Wushan កំពុងត្រូវបានសាងសង់នៅលើកំពូលភ្នំដែលមានកម្ពស់រហូតដល់ជាង ១ ៨០០ ម៉ែត្រ។
យោងតាមអាជ្ញាធរក្រុង Wushan ឲ្យដឹងថា ព្រលានយន្តហោះនេះស្ថិតនៅលើកំពូលភ្នំ Taohua ដែលនឹងចំណាយទឹកប្រាក់អស់ជាង ២៥៣ លានដុល្លារសម្រាប់ការសាងសង់។ ជាមួយគ្នាដែរ ព្រលាននេះមានផ្លូវរត់ប្រវែង ២ ៦០០ ម៉ែត្រ និងទទឹង ៤៥ ម៉ែត្រព្រមទាំងមានកន្លែងចតយន្តហោះបាន ៥ទៀតផង។
យ៉ាងណាមិញ ដោយសារតែតំបន់នេះជាតំបន់ភ្នំ កម្មករសាងសង់ត្រូវប្រើគ្រាប់បែកដើម្បីបំផ្ទុះថ្ម និងកាប់ព្រៃឈើដើម្បីយកទីតាំងសាងសង់ព្រលានយន្តហោះនេះ។គួរឲ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះនេះបានចាប់ផ្ដើមកាលពី ៦ឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅខែ មិថុនាឆ្នាំក្រោយ៕