ឃើញឪពុករញីរញ័រ បំបែកតុឲ្យហូបបាយតែឯង បែរចុងក្រោយ ជួបរឿងមិននឹកស្មានដល់…
បុរសចំណាស់រញីរញ័រម្នាក់ បានរស់នៅជាមួយកូនប្រុស កូនប្រសាស្រី និងចៅប្រុសអាយុ ៤ឆ្នាំក្រោមដំបូលផ្ទះតែមួយ។ ដោយសារតែវ័យកាន់តែជរា ដៃរបស់លោកតាចាប់ផ្ដើមញ័រ ភ្នែកក៏ស្រវាំង និងដំណើរមិនអាចទប់លំនឹងខ្លួនឯងបានទេ។
វេលាមួយ គ្រួសារនេះបានអង្គុយហូបបាយរួមតុជាមួយគ្នា។ ប៉ុន្តែដៃញ័រ និងភ្នែកព្រិលរបស់លោកតា បានធ្វើឲ្យការពិសាអាហាររបស់គាត់កាន់តែពិបាក។ ពេលខ្លះ គ្រាប់សណ្ដែករមៀលចេញពីស្លាបព្រារបស់គាត់ កំពប់ពេញកម្រាលឥដ្ឋ។ ពេលគាត់ចាប់កាន់កែវទឹកដោះគោ មិនប្រយ័ត្នក៏ធ្វើឲ្យទឹកដោះគោកំពប់ប្រឡាក់កម្រាលតុ។
កូនប្រុស និងកូនប្រសាស្រីកាន់តែធុញទ្រាន់នឹងសកម្មភាពរបស់លោកតាស្ទើររាល់ថ្ងៃ។ “យើងគួរតែធ្វើអ្វីម្យ៉ាងចំពោះបញ្ហាពុក” កូនប្រុសរបស់លោកតានិយាយ។ “មើលទៅយើងមិនអាចទ្រាំនឹងសភាពរញីរញ័រ កំពប់នេះកំពប់នោះ និងការរំខានផ្សេងៗដោយសារគាត់ទៀតទេ”។ គិតដូច្នេះ ទាំងប្ដីប្រពន្ធក៏បានរៀបចំតុមួយនៅកៀនជញ្ជាំងសម្រាប់លោកតាពិសាបាយដាច់ដោយឡែកម្នាក់ឯង។
នៅតុនោះលោកតាបានពិសាបាយម្នាក់ឯង ខណៈសមាជិកផ្សេងៗទទួលទានជុំគ្នាយ៉ាងរីករាយ។ ដោយសារលោកតាធ្វើឲ្យបែកចានអស់មួយពីរ ពួកគេចាប់ផ្ដើមឲ្យលោកតាទទួលទានដោយប្រើចានឈើ។ ពេលខ្លះលោកតាហូបបាយទាំងរលីងរលោងទឹកភ្នែក ដោយសារឯកោខ្លាំងពេក។ ទោះយ៉ាងណាកូនៗ នៅតែប្រើសម្ដីគំហកលោកតានៅពេលលោកតាធ្វើឲ្យជ្រុះសមស្លាបព្រា ឬកំពប់អាហារ។ ចៅប្រុសអាយុ ៤ឆ្នាំបានសម្លឹងឃើញសកម្មភាពទាំងអស់នេះដោយមិននិយាយអ្វីឡើយ។
ល្ងាចមួយមុនហូបបាយ ឪពុកបានឃើញកូនប្រុសតូចរបស់ខ្លួនយកបន្ទះឈើតូចៗមកលេង។ ឪពុកបានសួរទៅកូនថា «ធ្វើអីហ្នឹងកូន?» ចំណែកកូនប្រុសក៏តបទៅឪពុកខ្លួនយ៉ាងទន់ភ្លន់វិញថា «អូប៉ា ខ្ញុំកំពុងធ្វើចានទុកឲ្យប៉ា និងម៉ាក់ហូបបាយពេលខ្ញុំធំឡើង»។ កូនប្រុសញញឹមហើយក៏បន្តការងាររបស់ខ្លួនទៀត។ សម្ដីមួយម៉ាត់នេះធ្វើឲ្យឪពុកម្ដាយរបស់គេគាំង ស្ងាត់មាត់ឈឹង។ អ្នកទាំងពីរសម្លឹងមុខគ្នាដោយអារម្មណ៍ក្ដុកក្ដួលនឹកឃើញដល់ឪពុកចំណាស់របស់ខ្លួន។ បើទោះជាមិននិយាយអ្វី តែពួកគេដឹងថាគួរធ្វើអ្វីបន្ត។
នៅល្ងាចនោះ បុរសជាប្ដីបានដឹកដៃឪពុកចំណាស់របស់ខ្លួនថ្នមៗ និងនាំគាត់មករួមតុជាមួយគ្នាដូចដើមវិញ។ ចាប់ពីពេលនោះលោកតាបានមករួមតុជាមួយកូនចៅវិញ ហើយពួកកូនៗក៏លែងខ្វល់ខ្វាយរឿងកំពប់បាយសម្ល ឬជ្រុះសមស្លាបព្រារបស់លោកតាទៀតដែរ៕
គំនិតអប់រំ៖ ឪពុកម្ដាយវ័យឆ្លាត តែងតែធ្វើអ្វីជាគំរូល្អសម្រាប់កូនៗ មិនគួរបង្រៀនកូនរៀនធ្វើអាក្រក់ដើម្បីភាពសើចសប្បាយមួយពេលដូចជាបង្ហាត់ឲ្យជេរអ្នកដទៃ បើមិនដូច្នោះទេ ពួកគេនឹងជេរប្រមាថមករកវិញជាមិនខាននៅថ្ងៃខាងមុខ។ ចំណែកកូនៗត្រូវគោរព ស្រឡាញ់ និងថែរក្សាឪពុកម្ដាយវិញពេលលោកចាស់ទៅទោះគាត់ស្ថិតក្នុងសភាពបែបណាក៏ដោយ៕