ត្រឹម 10នាទី បាត់លុយអស់ 15000ដុល្លារពីគណនីធនាគារ គ្រាន់តែនិយាយទូរស័ព្ទជាមួយអ្នកមិនស្គាល់…

ម៉ាឡេស៊ី៖ យុគសម័យថ្មី ការបោកប្រាស់មានច្រើនបែប ច្រើនសណ្ឋាន ហើយវាជារឿងគួរឱ្យភ័យបារម្ភ ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យា។

ស្ត្រីមេម៉ាយអាយុ ៣២ឆ្នាំដែលមានកូន២នាក់ ឈ្មោះ Wong កំពុងញ៉ាំអាហារពេលល្ងាចជាមួយមិត្តម្នាក់នៅ Klang ។ នៅពេលនោះ នាងទទួលបានការហៅទូរស័ព្ទចូលតាមរយៈកម្មវិធី Telegram ហើយក៏ជាពេលដែលនាងបាត់បង់លុយដ៏ច្រើនផងដែរ។

Photo by Sin Chew Daily
អ្នកនាង Wong គឺជាអ្នករកស៊ីធ្វើក្រចក ដូច្នេះហើយ ដើម្បីផ្សព្វផ្សាយពីសេវាកម្មរបស់នាង នាងបានដាក់លេខទូរស័ព្ទរបស់នាងនៅលើបណ្ដាញសង្គម ហើយទទួលសារ SMS និងការហៅចេញពីលេខដែលមិនស្គាល់ជាច្រើន ព្រោះពួកគេគឺជាអតិថិជនសក្តានុពលរបស់នាង។

ការហៅទូរសព្ទដែលនាងបានទទួលក្នុងអំឡុងពេលអាហារពេលល្ងាច គឺមកពីស្ត្រីម្នាក់ដែលសួរព័ត៌មានលម្អិតអំពីសេវាកម្មរបស់ Wong ដូចជាទីតាំង បែបនេះបែបនោះ ប្រហែលរយៈពេល 10នាទី។ ក្រោយ​ពី​បញ្ចប់​ការ​ហៅទូរស័ព្ទ នាង​​ដឹង​ថា​ភ្ញៀវម្នាក់​នោះ​មិន​បាន​សុំ​ការ​ណាត់​ជួប​ទេ ទើប​នាង​តេទៅវិញ។

ក្រោយពីតេទៅវិញជាច្រើនលើក Wong ​មិន​អាចទាក់ទងនារីជាភ្ញៀវបានឡើយ ដោយសារការហៅទូរស័ព្ទ​ត្រូវ​បាន​គេ​ចុចបិទ ។ ដោយ​គិត​ថា​វាគួរឳ្យ​ចម្លែក ទើប Wong បាន​ចូល​ទៅកាន់គណនី​ធនាគារ​តាម App នាងក៏បានរកឃើញថា ​លុយ ចំនួន RM66,996 (ខ្ទង់ ១៥,០០០ ដុល្លារអាមេរិច) ត្រូវបានផ្ទេរពីគណនីធនាគាររបស់នាងក្នុងអំឡុងពេលហៅទូរស័ព្ទ 10 នាទីជាមួយស្ត្រីម្នាក់នោះ។ ក្នុងអំឡុងពេលនោះ ជនរងគ្រោះមិនបានទទួលការជូនដំណឹង SMS ណាមួយអំពីលេខកូដផ្ទៀងផ្ទាត់ការផ្ទេរប្រាក់ (TAC)”។

Photo by Sin Chew Daily
ភាពស្លន់ស្លោរបានកើតឡើង ស្ត្រី​ជា​ម្តាយរូបនេះ បាន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ភ្លាមៗ​ដើម្បី​ដាក់ពាក្យបណ្ដឹង និងធ្វើ​របាយការណ៍​ ហើយ​បាន​ទូរស័ព្ទ​ទៅ​ធនាគារ​ដើម្បី​បញ្ឈប់​ប្រតិបត្តិការ​។ ទោះយ៉ាងណាក៏ដោយ គ្មានអ្វីដែលពួកគេអាចធ្វើបាននោះទេ ដោយសារការផ្ទេរបានឆ្លងកាត់រួចហើយ។

យោងតាមកំណត់ត្រាផ្ទេរប្រាក់ មានការផ្ទេរចំនួន 6 ដងគឺតាមរយៈ FPX ចំនួន RM23,000 និង RM24,000 ហើយ 4 ដងទៀតតាមរយៈ Duit Now ដែលមួយលើកៗចំនួន RM4,999 ។

បន្ទាប់ពីការស៊ើបអង្កេត ធនាគារនិយាយថា ការផ្ទេរប្រាក់ត្រូវបានអនុវត្តតាមនីតិវិធីស្តង់ដារ ហើយពួកគេបានផ្ញើ TACs ដែលកញ្ញា Wong បាននិយាយថានាងមិនបានទទួល ដូច្នេះវាមិនមែនជាកំហុសរបស់ធនាគារនោះទេ ហើយមិនអាចទទួលសំណងបានដែរ។

បន្ទាប់ពីការសាកសួរមួយចំនួន ធនាគារបាននិយាយថា ថ្មីៗនេះ ពួកគេមានការកើនឡើងនៃបណ្តឹងពាក់ព័ន្ធ និងមានការសង្ស័យថា ទូរស័ព្ទរបស់កញ្ញា Wong ត្រូវបានគេលួចចូល។

នាង Wong បានប្រាប់ថា នាងមិនដែលបង្ហាញព័ត៌មានសំងាត់ផ្ទាល់ខ្លួនរបស់នាងឡើយ ហើយក៏មិនដែលជួបប្រទះនឹងការបោកប្រាស់ផ្សេងទៀតដែរ ការជជែកជាមួយអ្នកដទៃតាមអ៊ីនធឺណិត ការធ្វើការវិនិយោគ ឬទាញយកកម្មវិធីពីប្រភពមិនស្គាល់លើអ៊ិនធឺណែតក៏មិនធ្លាប់មាន។

នាង Wong បាននិយាយថា “ខ្ញុំបានចំណាយពេលកន្លះឆ្នាំដើម្បីសន្សំប្រាក់នេះ ហើយឥឡូវនេះវាអស់ហើយ។ ខ្ញុំ​ត្រូវ​មើល​ថែ​កូន​ទាំង​២​នាក់ ដូច្នេះ​វា​ពិបាក​សម្រាប់​ខ្ញុំ»។

ខាងធនាគារបានផ្តល់ប្រាប់ Wong ឱ្យស្វែងរកជំនួយពី Bank Negara លើបញ្ហានេះ ហើយបានសន្យាថានឹងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញ៕

Leave a Reply

Your email address will not be published. Required fields are marked *