ពិសេសណាស់! យុវជនវ័យក្មេងបរទេសម្នាក់ ប្រើប្រាស់កម្មវិធីមួយ រចនាប្រាង្គប្រាសាទខ្មែរយ៉ាងរស់រវើក

Rafael Chies គឺជាបុរសវ័យក្មេងមួយរូបមានដើមកំណើតនៅក្នុងប្រទេសប្រេស៊ីល ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសអុីតាលី បានចាប់អារម្មណ៍ជ្រើសរើសយកផ្នែកមួយនៃប្រាសាទអង្គវត្ត មកកែច្នៃរចនានៅក្នុងកម្មវិធី Megascans បង្កើតបានជារូបភាពថ្មីមួយដ៏គួរឱ្យទាក់ទាញ និង មានលក្ខណៈដូចពិតៗ ហាក់បីដូចជាមិនមែនរូបភាព ។

Rafael Chies មានបទពិសោធនៅក្នុងសិល្បៈគំនូរបែប 3D អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយបច្ចុប្បន្នគេកំពុងតែធ្វើការក្នុងវិស័យគំនូរបែបបរិស្ថាន ។ ដោយសារតែ Rafael Chies ស្រឡាញ់វិស័យគំនូរជាខ្លាំង ក៏ដូចជាមានការចាប់ចិត្តចំពោះការរៀនសូត្រពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា និង ប្រវត្តិសាស្រ្តរបស់ប្រទេសផ្សេងៗ គេក៏បានជ្រើសរើសយកផ្នែកមួយនៃមូលដ្ឋានសំណង់ប្រាសាទអង្គរវត្តខ្មែរមករចនាក្នុងសិល្បៈរបស់ខ្លួន ។

បុរសជនជាតិប្រេស៊ីលខាងលើបានឱ្យដឹងនៅក្នុងអត្ថបទរបស់ខ្លួនថា ៖ «សួស្តីអ្នកទាំងអស់គ្នា! ប្រាសាទនេះគឺត្រូវបានយកតាមមូលដ្ឋាននៃប្រាសាទអង្គវត្ត ។ ជាដំបូងខ្ញុំគិតថានឹងធ្វើឱ្យវាមានលក្ខណៈពិតៗជាងនេះ ប៉ុន្តែបន្ទាប់មកខ្ញុំក៏បានសម្រេចចិត្តធ្វើឱ្យមានភាពរញ៉េរញ៉ៃបន្តិចទៅលើទិដ្ឋភាពទាំងមូលដើម្បីឱ្យវាមើលទៅជាលក្ខណៈបែបតុក្កតា ក៏ដូចជាសមជាមួយចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ ។ នេះគឺជាលើកដំបូងរបស់ខ្ញុំក្នុងការប្រើប្រាស់កម្មវិធី Megascans ដែលខ្ញុំបានប្រើប្រាស់វាច្រើននៅក្នុងការរចនារុក្ខជាតិពណ៌បៃតងទាំងអស់ ក៏ដូចជាដីផ្ទាល់ ។ ខ្ញុំពិតជាស្រឡាញ់វាណាស់ ហើយក៏សូមណែនាំទៅកាន់អ្នកទាំងអស់គ្នាដែរ» ។

ផ្សារភ្ជាប់ជាមួយពាក្យសម្តីរបស់ Rafael Chies អាចឱ្យយើងឃើញថា ទោះបីជាគេបានប្រើប្រាស់កម្មវិធីរចនានេះជាលើកដំបូង ហើយជ្រើសរើសយកសំណង់ប្រាសាទខ្មែរ ប៉ុន្តែលទ្ធផលដែលទទួលបានពិតជាមានលក្ខណៈឥតខ្ជោះគួរឱ្យកោតសរសើរជាទីបំផុត ជាពិសេស គឺបានបង្កប់នៅភាពរស់រវើកនៅក្នុងរូបភាព ដែលអាចទាក់ទាញចិត្តអ្នកដែលបានឃើញឱ្យមកចាប់អារម្មណ៍ពីប្រាង្គប្រាសាទបុរាណខ្មែរដូច្នោះដែរ ៕

        

ប្រភព៖ Quixel 

Leave a Reply

Your email address will not be published.