រកឃើញស្គរមហោរធឹក ឬស្គរហៅទឹកភ្លៀង មានអាយុកាលតាំងពីជំនាន់ព្រះពុទ្ធ!!!
សូមកត់សម្គាល់ថា ក្នុងចំណោមឧបករណ៍ភ្លេងខ្មែរ ស្គរមហោរធិកសំរិទ្ធិ បានដើរតួនាទីយ៉ាងខ្លាំង ទោះបីជាមានប្រភពចេញពីប្រទេសចិនក៏ដោយ។ គេបានរកឃើញវត្តមានស្គរនេះ មួយចំនួនក្នុងផ្នូរសពនៅភូមិព្រហារ ខេត្តព្រៃវែង កំពង់ចាម កណ្ដាល និងបន្ទាយមានជ័យ ជាដើម។
យោងតាមការស្រាវជ្រាវរបស់អ្នកឯកទេសចិនបានឲ្យដឹងថា ស្គរមហោធិកសំរិទ្ធិ ដែលជាទីពេញនិយមរបស់ជនជាតិចិននាសម័យបុរេប្រវត្តិសាស្ដ្រ ហើយកំពុងតែទទួលការពេញនិយមនៅក្នុងភូមិភាគខាងត្បូងជាពិសេសនៅខេត្តយូណ្ណាន់ ដោយកុលសម្ព័ន្ធចិនឈ្មោះ «ហ្សួន» នៅឡើយ គឺជាសម្មទិ្ធផលរបស់ជាតិសាសន៍ចិនសុទ្ធសាធ។
សូមបញ្ជាក់ថា ស្គរមហោរធិកសំរិទ្ធិ ដែលមានចំណាស់ចាស់ជាងគេនេះ គឺស្ថិតក្នុងស្ថានីយ៍មួយចំនួន ដែលស្ថិតក្នុងព្រំប្រទល់ដែននៃប្រទេសចិនសព្វថ្ងៃ ពោលគឺមានក្នុងតំបន់យូណ្ណាន់ ហើយមានកាលបរិចេ្ឆទស្ថិតក្នុងអំឡុងស.វទី ៦ មុនគ.ស។ ចំណែកឯស្គរដែលគេរកឃើញនៅក្នុងភូមិភាគអាស៊ីអាគេ្នយ៍នេះ ជាពិសេសស្គរនៅប្រទសយៀកណាមខាងជើង។ នៅកម្ពុជាមានអាយុត្រឹមតែស.វទី៥ ដល់ទី១ មុន គ.ស.តែប៉ុណ្ណោះ។
លទ្ធផលនៃការស្រាវជ្រាវខាងលើនេះ គឹមានសារៈសំខាន់ណាស់ ហើយវាជាព័ត៌មានប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ជួនដល់និស្សិតខ្មែរទាំងអស់ថា ស្គរបុរេប្រវត្តិសាស្ត្រនេះ មានប្រភពចេញពីប្រទេសចិន ហើយនឹងត្រូវផលិតចេញពីតំបន់យូណ្ណាន់ យ៉ាងប្រាកដ ដើម្បីផ្ដល់នូវជម្រើសជាច្រើន ដល់សហគមន៍អម្បូរចិន(ថែ-យៀត) និងមន-ខ្មែរ តាមតម្រូវការនិងការពេញនិយមរៀងៗខ្លួន កាលពី ២០០០ឆ្នាំមុននេះ យ៉ាងប្រាកដ។
ការរកឃើញស្គរនេះ បង្ហាញនូវរូបភាពរបស់សង្គមមួយ ដែលមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច សង្គម និងសាសនារបស់បុព្វការីជនខ្មែរ ដែលមានទំនាក់ទំនងជាមួយប្រទេសចិន ដែលបានធ្វើឲ្យ វប្បធម៌មន-ខ្មែរ មានភាពសម្បូរណ៍បែប ព្រមទាំងភាពរឹងមាំ។ដូច្នេះ ការផ្សព្វផ្សាយនៃស្គរនេះ មិនត្រឹមតែបម្រើផលប្រយោជន៍របស់ខ្មែរតែប៉ុណ្ណោះទេ ក្នុងពីធីកម្មនានា ដើម្បីសុំទឹកភ្លៀង ព្រោះពេលនោះសង្គមខ្មែរគឺជាសង្គមមានឧស្សាហកម្មលោហៈ ធាតុ និងកសិកម្មជាមូលដ្ឋានគ្រឹះ ថែមទាំងពង្រីកការចេះដឹងផ្សេងៗទៀតដែរ តាមបណ្ដាតំបន់មួយចំនួន។
ម្យ៉ាងទៀត ការប្រើប្រាស់ក៏បានបញ្ជាក់អំពីកម្រិតចេះដឹងខាងស្លលោហៈនេះ ផងដែរ។សូមបញ្ជាក់ផងដែរថា ស្គរមហោរធិកសំរិទ្ធិ ដែលត្រូវបានធ្វើនៅប្រទេសចិន កាលពី៦០០ឆ្នាំមុនគ.ស. ហើយមានការរីកចម្រើនជាលំដាប់រហូតដល់ស.វទី១ នៃគ.ស. ត្រូវបានផ្សព្វផ្សាយទៅកាន់តំបន់នៃប្រទេសហៀកណាមខាងជើងនៃចក្រភពនគរភ្នំ ប្រទេសភូមា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
ដោយព័ត៌មានទាំងនេះ បានជួយឲ្យយើងស្គាល់នូវតួនាទីនៃស្គរដែលបាននាំចូលពីប្រទេសចិន។ ពិធីដង្ហែសព ដោយមានប្រើស្គរមហោរធិក ទៅកាន់កន្លែងបញ្ចុះសពក្រោមអធិបតិភាពរបស់មេកន្ទ្រាញ (មេភូមិ) នៅក្នុងពីធីនេះមាន មេគ្រួសារព្រមទាំងញាតិមិត្តចូលរួម ហើយប្រការនេះគឺជាការលើកកិត្តិយសសពឲ្យបានខ្ពង់ខ្ពស់។ ម្ល៉ោះហើយ ក្នុងក្បួនហែសពទៅកាន់កន្លែងកប់ គេបានយកស្គរទៅជាប់ជាមួយ ដើម្បីទូងផង។
ក្នុងឱកាសនេះដែរ គេសង្ឃឹមថា ស្គរអាចជួយប្រោះព្រំនូវទឹកភ្លៀងពេញបរិបូណ៍សម្រាប់ស្រែចម្ការដែលជាប្រភពនៃវិបុលសុខ និងសុភមង្គលដល់សហគមន៍មនុស្ស ជាហេតុបណ្ដាលឲ្យគេដាក់ឈ្មោះថា ស្គរហៅទឹកភ្លៀង៕