លោកស្រី ឱ វណ្ណឌីន៖ កម្ពុជាបានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីមានប្រភពពីឥណ្ឌា និងអង់គ្លេស ប៉ុន្តែតាំងពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺក៏ត្រូវបានព្យាបាលជាសះស្បើយផងដែរ

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះថា កម្ពុជាបានរកឃើញករណីវីរុសបំប្លែងថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា និងប្រទេសអង់គ្លេសជាលើកដំបូង ដែលបានកើតឡើងទៅលើជនបរទេស ចូលមកកម្ពុជា ដែលស្ថិតក្នុងអំឡុងពេលព្រឹត្ត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ ប៉ុន្តែករណីនេះបានកើតឡើងតាំងពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺទាំងនេះក៏ត្រូវបានក្រុមគ្ររូពេទ្យរបស់យើង ព្យាបាលជាសះស្បើយផងដែរ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «យើងបានរកឃើញវីរុសបំប្លែងថ្មីមកពីប្រទេសឥណ្ឌា (B1617) កើតទៅលើជនបរទេសដែលធ្វើដំណើរមកប្រទេសកម្ពុជា កាលពីខែមុនមកម្ល៉េះ និងដែលស្ថិតនៅក្នុងអំឡុងពេលព្រឹត្តការណ៍សហគមន៍២០កុម្ភៈ តែអ្នកជំងឺរូបនេះក៏ត្រូវបានក្រុមគ្រូពេទ្យរបស់យើងបានព្យាបាលជាសះស្បើយផងដែរ។ ដោយឡែកវីរុសបំប្លែងថ្មីដែលមានប្រភពចេញពីប្រទេសអង់គ្លេស (B117) ក៏ត្រូវបានរកឃើញលើជនបរទេសចូលកម្ពុជា»

សូមបញ្ជាក់ថា ដោយសារតែករណីឆ្លងកូវីដ១៩ នៅប្រទេសឥណ្ឌា ហើយវីរុសបំប្លែងថ្មីនៅប្រទេសមួយនេះ ត្រូវបានមន្ត្រីជំនាញអន្តរជាតិវាយតម្លៃថា មានសភាពកាចសាហាវជាងវីរុសបំប្លែងថ្មីផ្សេងទៀត មកពីអាហ្វ្រិកខាងត្បូង អង់គ្លេស និងប្រទេសប្រេស៉ីលជាដើមនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជើងហោះហើរចេញពីប្រទេសឥណ្ឌា និងឆ្លងកាត់ប្រទេសឥណ្ឌាជាបណ្ដោះអាសន្នសិន ដើម្បីការពារកុំឱ្យមានការឆ្លងដល់ប្រទេសកម្ពុជា៕

 

 

ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *