សម្ដីកុមារលើគំនរសំរាម១ឃ្លា ទាក់ចិត្តScott Neesonឱ្យបោះបង់ចំណូលខ្ទង់លានដុល្លាមកជួយកុមារកម្ពុជា!!

បើនិយាយអំពីវីរបុរសរបស់កុមាររើសសំរាមនៅទីលានចាក់សំរាមស្ទឹងមានជ័យ គេប្រាកដជានឹកឃើញទៅដល់បុរសជនបរទេសចិត្តធម៌មួយរូបគឺលោក Scott Neeson បច្ចុប្បន្នជាស្ថាបនិក និងជាប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF)ដែលលោកបានជួយសង្គ្រោះជីវិតកុមារកម្ពុជា ជាច្រើនរូបចាកចេញពីទីខ្មៅងងឹត និងអាចឱ្យពួកគាត់មានឱកាសសិក្សារៀនសូត្រចេះដឹង ដើម្បីរៀបចំកសាងអនាគតខ្លួនឱ្យបានប្រសើរឡើងនាពេលអនាគត។ គិតមកទល់នឹងពេលនេះ លោកបានកែប្រែវាសនាកុមារកម្ពុជាជាច្រើនរូបឱ្យក្លាយជាយុវជនយុវនារីដ៏ឆ្នើមនៅក្នុងសង្គម ថែមទាំងអាចសិក្សាដល់ក្រៅប្រទេស និងអាចប្រកបរបរការងារល្អៗជាច្រើនកន្លែងថែមទៀតផង។

រំលឹកទៅកាន់ប្រវត្តិដើមបន្តិច លោកគឺជាអតីតនាយកក្រុមហ៊ុន Hollywood ដែលផលិតខ្សែភាពដ៏ល្បីល្បាញទូទាំងសកលលោក និងអាចទទួលបានប្រាក់ចំណូលប្រចាំឆ្នាំរាប់លានដុល្លារឯនោះ។ លោក Scott បានចំណាយពេល ២៦ ឆ្នាំក្នុងវិស័យភាពយន្ត។ នៅទីបំផុតគាត់បានបម្រើការជាប្រធានក្រុមហ៊ុន 20 Century Fox International ជាកន្លែងដែលគាត់គ្រប់គ្រងប្រាក់ចំណូលលើសពី ១.៥ ពាន់លានដុល្លារ ព្រមទាំងត្រួតពិនិត្យការចេញលក់និងផ្នែកទីផ្សារនៃខ្សែភាពយន្តល្បី ៗ ជាច្រើនរួមមានរឿង Braveheart, Titanic, Star Wars និង X-Menជាដើម។

នៅឆ្នាំ២០០៣ លោកបានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញរយៈពេល ៥សប្ដាហ៍ នៅបានទៅមើលទីលានចាក់សំរាមស្ទឹងមានជ័យដែលនៅក្នុងផ្សែងអ័ព្ទពុល និងកាកសំណល់កំពុងដុត គាត់បានឃើញកុមារនិងមនុស្សពេញវ័យប្រមាណជា ១៥០០នាក់ ដែលរស់នៅក្បែរនោះ និងកំពុងជីកកកាយសំរាមក្រែងមានសម្ភារៈផ្សេងៗដែលអាចរើសយកទៅលក់ប្ដូរយកជាប្រាក់សម្រាប់ចិញ្ចឹមជីវិត។ ក្រោយប្រមូលសម្ភារៈអេតចាយដែលពួកគេរើសបាន ហើយយកទៅលក់ភាគច្រើនពួកគេអាចរកបាន ៤,០០០ រៀលក្នុងមួយថ្ងៃ ប្រសិនបើពួកគេមានសំណាង ។ ទិដ្ឋភាពបែបនេះធ្វើឱ្យលោកមានអារម្មណ៍តក់ស្លុត និងសង្វេគខ្លាំងបំផុត ព្រោះលោកមិនធ្លាប់ឃើញទិដ្ឋភាពគួរឱ្យអាសូរបែបនោះទេតាំងពីកើតមក។

នៅពេលនោះដែរ លោកបានសួរកុមារដែលកំពុងតែរើសសំរាមនៅទីលាននោះ ពីអ្វីដែលគេចង់បាន។ ហើយអ្វីដែលលោករំពឹងទុកគឺក្មេងៗទាំងនោះប្រាកដជាសុំលុយ ឬសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ជាដើម។ អ្វីគ្រប់យ៉ាងគឺផ្ទុយស្រឡះ ជាចម្លើយតបពីកុមារតូចៗនោះវិញគឺពាក្យថា “សុំទៅរៀន” ដែលពាក្យមួយឃ្លានេះហើយធ្វើឱ្យលោករំជួលចិត្តយ៉ាងខ្លាំង។

នៅឆ្នាំ២០០៤ លោក Neeson បានបង្កើតមូលនិធិកុមារកម្ពុជា។ នៅខែធ្នូឆ្នាំ ២០០៤ លោកបានធ្វើអន្តោប្រវេសន៍មករស់នៅទីក្រុងភ្នំពេញជាអចិន្ត្រៃយ៍ដើម្បីគ្រប់គ្រងអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលលោកបានបង្កើតឡើង ដើម្បីផ្ដល់នូវការសិក្សារៀនសូត្រដល់កុមារកំសត់ទាំងអស់នោះ។

ទន្ទឹមនឹងនេះដែរ ក៏ធ្លាប់មានគេសួរសំណួរជាច្រើនមកលោកផងដែរថា ហេតុអ្វីបានជាលោកសម្រេចចិត្តជ្រើសរើសកម្ពុជា? ហើយលោកធ្លាប់បានបញ្ជាក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា៖

“ហេតុអ្វីបានជាជ្រើសរើសកម្ពុជា?” នេះគឺជាសំណួរមួយដែលខ្ញុំត្រូវបានគេសួរច្រើនបំផុត ទោះបីជាមានតំបន់ដែលកំពុងជួបការលំបាកជាច្រើនផ្សេងៗទៀតក្នុងពិភពលោក ឬក៏ហេតុអ្វីខ្ញុំត្រូវផ្លាស់ទៅនៅក្រៅប្រទេសខណៈដែលសហគមន៍ក្នុងប្រទេសអូស្ត្រាលីក៏មានតម្រូវការច្រើនដែរ។

ចម្លើយដំបូងគឺថាខ្ញុំមិនដែលឃើញភាពកខ្វក់ ការសោកសៅ ឬភាពអស់សង្ឃឹមបែបនោះពីមុនមកទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះខ្ញុំបានដឹងថាមានកត្តាមួយទៀត បើមើលត្រឡប់ក្រោយទៅ ហាក់ដូចជាស្តែងណាស់។

ដូចដែលខ្ញុំធ្លាប់បានប្រាប់ជាច្រើនដងមកហើយថា “ការសម្រេចចិត្តភ្លាមៗ” របស់ខ្ញុំបានកើតឡើងនៅពេលដែលខ្ញុំឈរនៅលើទីលានចាក់សសំរាមស្ទឹងមានជ័យ។ ខ្ញុំបានឃើញឡានដឹកសំរាម ដែលមានក្លិនស្អុយយកមកបោះចោលនៅលើទីនោះ ហើយប្រជាជននៅទីនេះបាន ដណ្តើមគ្នារើសសំរាមដែលទើបយកមកចោលថ្មីៗអោយបានមុនគេដើម្បីប្រាក់កម្រៃ និងមានកុមារប្រមាណជាង១០០០នាក់កំពុងតស៊ូរស់នៅលើទីលានចាក់សំរាមដ៏ស្មោគគ្រោកនោះ។

តើមនុស្សម្នាក់អាចងាកក្រោយដើរចេញបានដោយរបៀបណាក្នុងសភាពបែបនោះ? ប៉ុន្តែទស្សនៈវិស័យដំបូងនៃ “ តើខ្ញុំអាចធ្វើអ្វីបាន” មិនមែនចាប់ផ្តើមចេញពីខ្លួនខ្ញុំមុនគេនោះទេ។

ស្ថិតនៅក្នុងបរិដ្ឋានដ៏ស្អុយគគ្រុកបែបនោះ កុមារដែលគ្មានអ្វីក្រៅពីខោអាវចាស់លើខ្លួនរបស់ពួកគេនិងមិនត្រូវការអ្វីក្រៅពីសុំលុយពីខ្ញុំតែប៉ុណ្ណោះ។ នោះជាអ្វីដែលខ្ញុំរំពឹងទុក ឬក៏ប្រហែលពួកគេត្រូវការអាហារ ទឹកស្អាតនិងសម្លៀកបំពាក់ ឬអ្វីៗផ្សេងទៀតដើម្បីជួយអោយពួកគេអោយរស់នៅបាន។

តែផ្ទុយទៅវិញកុមារម្នាក់ៗសុំខ្ញុំ “សុំទៅរៀន”។ អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលពោរពេញដោយភាពអស់សង្ឃឹមត្រូវបានជំនួសដោយក្តីសុបិន្តទាំងនេះ។ ពួកគេដឹងថាការអប់រំគឺជាផ្លូវមួយដែលនាំពួកគេអាចចាកចេញពីទីដ៏លំបាកនោះបាន។

ការសុំដូចគ្នានេះមានរយៈពេលជាច្រើនខែនិងបន្តអស់ជាច្រើនឆ្នាំកន្លងមកហើយ។ ក្មេងៗទាំងនោះជាកុមារដំបូងកាលពី១៦ឆ្នាំមុន ដែលបានសម្រេចបំណងប្រាថ្នារបស់ពួកគេអាចសិក្សានៅសាកលវិទ្យាល័យ ដែលមានជាង៣០០នាក់ហើយដែលបានក្លាយជានិស្សិតនាពេលនេះ។

ពាក្យ “សុំទៅរៀន” គឺជាអ្វីដែលទាក់ចិត្តខ្ញុំ។ ពាក្យទាំងនោះមានន័យថា “គ្រាន់តែផ្តល់ឪកាសមួយដល់ខ្ញុំ ដែលលើសពីការផ្តល់អាហារ ទឹកស្អាត សំលៀកបំពាក់ ហើយការទៅរៀនជាមធ្យោបាយមួយដើម្បីជួយខ្ញុំ អោយងើបចេញពីស្ថានភាពលំបាកលំបិនបាន និងបន្ទាប់មកខ្ញុំអាចបន្ដជួយខ្លួនឯងតទៅមុខទៀត”។

តើអ្នកអាចបដិសេធកុមារសម្រាប់ឱកាសបែបនេះបានដោយរបៀបណា?

ប្រភព៖business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *