ប្ដីប្រពន្ធពីរនាក់លែងក្របីឲ្យស៊ីស្មៅ ស្រាប់តែក្របីបាត់រកមិនឃើញ ក៏បង្ហោះក្នុងហ្វេសប៊ុក ទីបំផុតមានរឿងនឹកស្មានមិនដល់…(មានវីដេអូ)

អ្នកសារព័ត៌មាន ONBnews ខេត្តបុរីរ៉ាំ បានរាយការណ៍ថា អ្នកភូមិស៊ីលៀម ផ្លូវទី៥ តំបន់ស៊ីលៀម ខេត្តប្រាឃូនឆៃ បានចេញមកអរអបសាទរចំពោះលោក ឧត្តម និងអ្នកស្រី វិសេស ទាំងពីរនាក់ប្ដីប្រពន្ធ ក្រោយពីបាត់ក្របីចំនួន ៦ក្បាល កន្លងទៅ ដោយក្របីទាំងអស់នោះបានត្រឡប់មកផ្ទះវិញ ស្ទើរតែមិនគួរឲ្យជឿ។

ទាំងពីរនាក់ប្ដីប្រពន្ធ បាននិយាយទាំងសប្បាយរីករាយថា គ្រួសាររបស់គាត់បានចិញ្ចឹមក្របីចំនួន ៤ ក្បាល ភាគច្រើននាំទៅឃ្វាលតាមវាលស្រែជាប្រចាំរួមជាមួយក្របីអ្នកជិតខាង ២ក្បាលទៀត សរុបទាំងអស់ចំនួន ៦ក្បាល កន្លងទៅ បានព្រលែងក្របីឲ្យស៊ីស្មៅដូចប្រក្រតី លុះដល់ពេលល្ងាចទៅរកមើលក្របីដែលបានព្រលែង ប៉ុន្ដែបែរជាមិនឃើញក្របីទាំង ៦ក្បាលនោះឡើយ ហើយបានមករាយការណ៍ដល់ប្រធានភូមិ ហើយក៏មានអ្នកភូមិជាច្រើននាក់បានចេញជួយតាមរកពេញមួយយប់តែក៏រកមិនឃើញ លុះព្រឹកឡើងក៏បានចេញទៅតាមរកពេញមួយថ្ងៃទៀតក៏នៅតែគ្មានតម្រុយ។

គាត់បានតេទូរស័ព្ទទៅប្រាប់កូនស្រីដែលធ្វើការនៅទីក្រុងថេបឲ្យបានជ្រាប កូនស្រីបានបង្ហោះសារក្នុងផេកហ្វេសប៊ុកឈ្មោះ “ជូនដំណឹងខេត្តបុរីរ៉ាំ” ដើម្បីឲ្យជួយតាមរកក្របីដែលបានបាត់ទៅ រហូតដល់មានការស៊ែរយ៉ាងកក្រើក មានអ្នកលេងហ្វេសប៊ុកយ៉ាងច្រើនបានចូលទៅ Comment ចូលរួមសោកស្ដាយ រួមទាំងមេស្រុកដែលបានជ្រាបព័ត៌មាននាំគ្នាជួយតាមរក លុះនៅថ្ងៃចុងក្រោយបានទទួលដំណឹងពីមេភូមិខូករាំងថា បានប្រទះឃើញក្របីស្រដៀងនឹងក្របីដែលបានបង្ហោះក្នុងផេក “ជូនដំណឹងខេត្តបុរីរ៉ាំ” ក៏បាននាំគ្នាប្រញាប់ប្រញាល់ទៅមើលទើបដឹងថាពិតជាក្របីរបស់ខ្លួននិងក្របីអ្នកជិតខាងសរុបទាំងអស់ចំនួន ៦ក្បាល ដោយក្របីទាំងនោះភ័យផ្អើលៗមិនឲ្យអ្នកណាចូលទៅក្បែរឡើយ លុះពេលកៀងក្របីមកដល់ផ្ទះទើបក្របីទាំងនោះស្គាល់ម្ចាស់។

អ្នកស្រី វិសេស ត្រូវជាប្រពន្ធរបស់ម្ចាស់ក្របីបាននិយាយថា ក្រោយពីបាត់ក្របីទៅ គ្រួសាររបស់ខ្លួនរស់នៅគ្មានសេចក្ដីសុខ ព្រោះក្របីដែលបានចិញ្ចឹម ក្នុងមួយក្បាលមានតម្លៃជាង ៥០,០០០-៨០,០០០បាត (១៥០០-២៤០០ដុល្លារ) មានគេសួរទិញប៉ុន្ដែមិនលក់ ព្រោះគ្រួសារស្រលាញ់ក្របីទាំងនេះខ្លាំងណាស់។

អ្នកស្រី វិសេស បាននិយាយបន្ថែមទៀតថាក្រោយពីក្របីបាត់ទៅខ្លួនមានអារម្មណ៍ថានឹងបានត្រឡប់មកវិញប៉ុន្ដែជាច្រើនថ្ងៃហើយក៏នៅតែមិនឃើញ ប្ដីរបស់ខ្លួនបានព្យាយាមក្រោកពីម៉ោង ៤ទៀបភ្លឺរាល់ថ្ងៃដើម្បីចេញទៅរកក្របីដែលបានបាត់ ទាំងខ្លួនប្រាណរងាញ័រញាក់។

ពេលក្របីត្រឡប់មកវិញអ្នកស្រីក៏បានអរគុណដល់អ្នកលេងហ្វេសប៊ុកទាំងអស់ ដែលបានជួយស៊ែររូបភាពបង្ហោះនោះ តាមការគិតរបស់ខ្លួនមានពីរយ៉ាងគឺ ក្របីបានវង្វេងចេញពីភូមិ និង ត្រូវចោរកៀងយកទៅ ប៉ុន្ដែពេលអ្នកលេងហ្វេសប៊ុកស៊ែរយ៉ាងកក្រើកដូច្នេះទើបធ្វើឲ្យពួកចោរព្រលែងក្របីទាំងនោះត្រឡប់មកវិញ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *