មូលហេតុសំខាន់ពីរយ៉ាងនេះ​ហើយ ដែលធ្វើឲ្យឥណ្ឌាមានចំនួនអ្នកឆ្លងកូវីដ១៩ដ៏ច្រើនសន្ធឹក!

យោងតាមការចុះផ្សាយសារព័ត៌មានប្រទេសសិង្ហបុរី CNA កាលពីម្សិលមិញ ប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ១៩​​ ច្រើនជាង៤សែននាក់ជាលើកដំបូង គិតត្រឹមតែរយៈពេល២៤ម៉ោង នេះបើតាមតួលេខផ្លូវការរបស់ប្រទេសមួយនេះ ។

ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ ១៩ រហូតដល់​ ៤០១,៩៩៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង១៩លាននាក់ ខណៈពេល ចំនួនមនុស្សដែលបានស្លាប់មានរហូតដល់ ៣,៥២៣នាក់ ដែលនាំឲ្យចំនួនអ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់កើនដល់ ២១១,៨២៣នាក់ ។

ស្របពេលជាមួយគ្នានេះ មានអ្នកជំនាញខាងផ្នែកសុខភាពជាច្រើននាក់បាន សង្ស័យថាឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ ១៩ មានការខ្វះខាត និងភាពមិនត្រឹមត្រូវនៃលទ្ធផលតេស្ត បាននាំឲ្យចំនួនមនុស្សអ្នកស្លាប់បានកើនឡើង ស្របពេលចំនួនអ្នកឆ្លងអាចមានខ្ពស់ជាងនេះទៅទៀត ។

មានហេតុផលសំខាន់ចំនួនពីរ ដែលបណ្ដាលឲ្យមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ បានកើនឡើងយ៉ាងលឿនត្រឹមរយៈពេលដ៏ខ្លីនេះ ។ ទីមួយអាជ្ញាធរប្រទេសឥណ្ឌា បានបន្ធូរបន្ថយ ការរឹតត្បិត ក្រោយពីឃើញចំនួនអ្នកឆ្លងថ្មីនៃវីរុសកូវីដ១៩មានតិចជាងមួយម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈពេលមានការអនុញ្ញាតឲ្យប្រជាជនរាប់លាននាក់មកជួបជុំក្នុងពិធីបុណ្យសាសនាធំៗមួយរយៈពេលចុងក្រោយនេះ ។

​មូលហេតុទីពីរ វីរុសកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាគឺជា វី​រុសបំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញក្នុងពេលថ្មីៗនេះ ហើយវាក៏ជាមូលហេតុមួយដ៏សំខាន់​ ដែលធ្វើឲ្យមានចំនួនអ្នកឆ្លង និងស្លាប់កើនឡើងយ៉ាងច្រើន ។ ស្របពេលជាមួយគ្នានេះ អ្នកជំនាញខាងជំងឺឆ្លង បានបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មីនេះ មានលក្ខណៈគ្រោះថ្នាក់ជាងបណ្ដាលទម្រង់មេរោគដែលគេធ្លាប់បានស្គាល់កន្លងមក​​ ។ គ្រោះថ្នាក់ព្រោះថា មេរោគបំប្លែងថ្មីនេះ​ អាចធ្វើការចម្លងបានឆ្ងាយជាងមុន លឿនជាងមុន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងជាងមុន ហើយវាក៏អាចគេចចេញពីការការពាររបស់វ៉ាក់ស៊ាំងបង្ការវីរុសកូវីដ ១៩ ផងដែរ ។ សូមបញ្ជាក់ថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីនេះ ក៏ត្រូវបានរកឃើញនៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍យើង ដូចជាប្រទេសវៀតណាមជាដើម ៕

អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖healthy-cambodia

Leave a Reply

Your email address will not be published. Required fields are marked *