លោក Scott Neeson បានបព្ចាាក់យ៉ាងច្បាស់ថា“ហេតុអ្វីបានជាជ្រើសរើសកម្ពុជា?” នេះគឺជាសំណួរមួយដែលខ្ញុំត្រូវបានគេសួរច្រើនបំផុត!

លោក​ Scott Neeson​ ដែលសុខចិត្តលះបង់ជីវិតជាសេដ្ឋី មកជួយដល់កុមារកម្ពុជាពីគំនរសម្រាម! ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់ហើយពីបុរសបរទេសម្នាក់ដែលបាននឹងកំពុងដុតដៃដុតជើងរៃអង្គាសថវិកាដើម្បីជួយកុមារ និងចាស់ជរានៅកម្ពុជាជាច្រើននាក់ឱ្យរួចផុតពីភាពលំបាក បានសិក្សារៀនសូត្រ និងមានការរស់នៅសមរម្យ។ នោះគឺលោក ស្កុតនីសុន (Scott Neeson)។

ស្រាប់តែពេលថ្មីនេះតាមរយះហ្វេសប៊ុករបស់Scott Neeson​បានបង្ហោះសារមួយកាលពីថ្ងៃទី០១ ខែ ឧសភា ឆ្នំា២០២១នេះថា៖ “ហេតុអ្វីបានជាជ្រើសរើសកម្ពុជា?” នេះគឺជាសំណួរមួយដែលខ្ញុំត្រូវបានគេសួរច្រើនបំផុត ទោះបីជាមានតំបន់ដែលកំពុងជួបការលំបាកជាច្រើនផ្សេងៗទៀតក្នុងពិភពលោក ឬក៏ហេតុអ្វីខ្ញុំត្រូវផ្លាស់ទៅនៅក្រៅប្រទេសខណៈដែលសហគមន៍ក្នុងប្រទេសអូស្ត្រាលីក៏មានតម្រូវការច្រើនដែរ។

ចំលើយដំបូងគឺថាខ្ញុំមិនដែលឃើញភាពកខ្វក់ ការសោកសៅ ឬភាពអស់សង្ឃឹមបែបនោះពីមុនមកទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះខ្ញុំបានដឹងថាមានកត្តាមួយទៀត បើមើលត្រឡប់ក្រោយទៅ ហាក់ដូចជាស្តែងណាស់។

ដូចដែលខ្ញុំធ្លាប់បានប្រាប់ជាច្រើនដងមកហើយថា “ការសម្រេចចិត្តភ្លាមៗ” របស់ខ្ញុំបានកើតឡើងនៅពេលដែលខ្ញុំឈរនៅលើទីលានចាក់សំរាមស្ទឹងមានជ័យ។ ខ្ញុំបានឃើញឡានដឹកសំរាម ដែលមានក្លិនស្អុយយកមកបោះចោលនៅលើទីនោះ ហើយប្រជាជននៅទីនេះបាន ដណ្តើមគ្នារើសសំរាមដែលទើបយកមកចោលថ្មីៗអោយបានមុនគេដើម្បីប្រាក់កម្រៃ និងមានកុមារប្រមាណជាង១០០០នាក់កំពុងតស៊ូរស់នៅលើទីលានចាក់សំរាមដ៏ស្មោគគ្រោកនោះ។

តើមនុស្សម្នាក់អាចងាកក្រោយដើរចេញបានដោយរបៀបណាក្នុងសភាពបែបនោះ? ប៉ុន្តែទស្សនៈវិស័យដំបូងនៃ “ តើខ្ញុំអាចធ្វើអ្វីបាន” មិនមែនចាប់ផ្តើមចេញពីខ្លួនខ្ញុំមុនគេនោះទេ។ ស្ថិតនៅក្នុងបរិដ្ឋានដ៏ស្អុយគគ្រុកបែបនោះ កុមារដែលគ្មានអ្វីក្រៅពីខោអាវចាស់លើខ្លួនរបស់ពួកគេនិងមិនត្រូវការអ្វីក្រៅពីសុំលុយពីខ្ញុំតែប៉ុណ្ណោះ។ នោះជាអ្វីដែលខ្ញុំរំពឹងទុក ឬក៏ប្រហែលពួកគេត្រូវការអាហារ ទឹកស្អាតនិងសម្លៀកបំពាក់ ឬអ្វីៗផ្សេងទៀតដើម្បីជួយអោយពួកគេអោយរស់នៅបាន។

តែផ្ទុយទៅវិញកុមារម្នាក់ៗសុំខ្ញុំ “សុំទៅរៀន”។ អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលពោរពេញដោយភាពអស់សង្ឃឹមត្រូវបានជំនួសដោយក្តីសុបិន្តទាំងនេះ។ ពួកគេដឹងថាការអប់រំគឺជាផ្លូវមួយដែលនាំពួកគេអាចចាកចេញពីទីដ៏លំបាកនោះបាន។ ការសុំដូចគ្នានេះមានរយៈពេលជាច្រើនខែនិងបន្តអស់ជាច្រើនឆ្នាំកន្លងមកហើយ។ ក្មេងៗទាំងនោះជាកុមារដំបូងកាលពី១៦ឆ្នាំមុន ដែលបានសម្រេចបំណងប្រាថ្នារបស់ពួកគេអាចសិក្សានៅសាកលវិទ្យាល័យ ដែលមានជាង៣០០នាក់ហើយដែលបានក្លាយជានិស្សិតនាពេលនេះ។

ពាក្យ “សុំទៅរៀន” គឺជាអ្វីដែលទាក់ចិត្តខ្ញុំ។ ពាក្យទាំងនោះមានន័យថា “គ្រាន់តែផ្តល់ឪកាសមួយដល់ខ្ញុំ ដែលលើសពីការផ្តល់អាហារ ទឹកស្អាត សំលៀកបំពាក់ ហើយការទៅរៀនជាមធ្យោបាយមួយដើម្បីជួយខ្ញុំ អោយងើបចេញពីស្ថានភាពលំបាកលំបិនបាន និងបន្ទាប់មកខ្ញុំអាចបន្ដជួយខ្លួនឯងតទៅមុខទៀត”។
តើអ្នកអាចបដិសេធកុមារសម្រាប់ឱកាសបែបនេះបានដោយរបៀបណា?

ចង់ដឹងកាន់តែសូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *