ជំនឿ មិនធ្លាប់បានដឹង!! ប្រជាពលរដ្ឋ មិនហូបត្រីយក្ស ដែលបានស្លាប់នៅកស្សិណប្រាសាទបាគង

ប្រជាជនស្ទើរទូទាំងប្រទេសកំពុងបង្ហាញក្ដីក្រៀមក្រំ ការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់ជីវិតត្រីយក្សធំៗ នៅប្រាសាទបាគង ព្រោះតែភាពរាំងស្ងួតបានធ្វើឱ្យទឹករីកដល់បាតដិ រហូតធ្វើឱ្យត្រីកម្រទាំងនោះបានផុតដង្ហើម ។

អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងនោះ គឺអ្នកស្រុក អ្នកភូមិ មិនបានយកត្រីដែលងាប់ទាំងនោះទៅបរិភោគឡើយ សុខចិត្តយកសពត្រីទៅកប់ដូចសាកសពមនុស្ស ។

អ្នកទាំងអស់គ្នាកុំទាន់អាលវិនិច្ឆ័យ ថាអ្នកភូមិល្ងង់ខ្លៅ មិនយកត្រីទៅចម្អិនបរិភោគតែបែរជាយកទៅកប់ ព្រោះអ្នកភូមិនៅទឹកដីអង្គរមានជំនឿ និងទំនៀមតាំងពីបុរាណទាក់ទងនឹងជីវិតសត្វនៅក្នុងទឹកតំបន់ប្រាសាទបុរាណទាំងនោះ ។

តាមទំព័រហ្វេសប៊ុកព្រះគុណម៉ែ ដែលតែងផ្សព្វផ្សាយអំពីអប្បិយជំនឿផ្សេងៗនោះ បានឱ្យដឹងថា បុរាណកំណត់ ដែនអភ័យភូមិ មាននៅចតុមុខមង្គល កស្សិណទេវប្រាសាទ ហាមនេសាទ សម្លាប់ ឬ បរិភោគដល់សត្វក្នុងដែននោះ។ បើស្រះកស្សិណជារបស់ទេព ត្រី ពស់ អណ្តើកជារបស់នរណា? គឺសត្វទាំងអស់ដែលមានជីវិតនៅទីនោះជារបស់អទិទេពនោះហើយ ដែលអង្គព្រះមហាក្សត្រនាសម័យអង្គរតែងកសាងប្រាសាទដើម្បីបូជាថ្វាយព្រះអាទិទេព ។

សេចក្តីនៃជំនឿនេះ ងាយយល់បំផុត បើអ្នកជាពុទ្ធសាសនិកអំពីពាក្យថា អភ័យទាន ។ អ្នកស្រុកគិតថាមិនដុះពោះព្រោះត្រីប៉ុណ្ណោះទេ ។ នេះជាគំនិតឧត្តុងឧត្តមនៃមនុស្សខ្មែរបុរាណ មិនជាប់ក្នុងលោភៈ និង ការគោរពទេវស្ថាន ៕

អត្ថបទដោយ​៖ Tomson
ប្រភពពី ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *