ព្រឺសម្បុរ!! ពេលដឹងមូលហេតុដែលចាស់ៗបុរាណខ្មែរ តែងតែដាក់ កូនកាំបិត ឬកន្រ្តៃ លើក្បាលដំណេកកូនតូចៗ

ចាស់ៗពីដើមតែងមានជំនឿថា នៅរាល់ពេលកូនក្មេងតូចៗគេង ត្រូវដាក់កូនកាំបិត ឬកន្រ្តៃ ដើម្បីការពារឧបទ្រពចង្រៃ កុំឲ្យខ្មោចព្រាយបិសាច មកយាយីឬរំខានដល់ដំណេកក្មេង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេសង្កេតឃើញថា ជំនឿមួយនេះហាក់មិនសូវកើតមាន ឬអនុវត្តន៍ជាបន្តក្នុងសង្គមបច្ចុប្បន្នឡើយ ដោយសារតែ ខ្មែរយើងមួយចំនួនយល់ឃើញថា វាអាចនឹងបង្កជាគ្រោះថ្នាក់ផ្សេងៗ ទៅដល់ក្មេងក៏ថាបាន។

ឆ្លៀតក្នុងឱកាសនេះដែរ ដើម្បីជាការចង់ដឹង និងជីកគគាស់ពីអបិយជំនឿបុរាណខ្មែរ ទាក់នឹងនឹងការដាក់កាំបិត កន្រ្តៃលើក្បាលដំណេកនេះផ្ទាល់ ក្រុមការងារខ្មែរឡូត ក៏បានចុះសាកសួរបងប្អូនខ្មែរយើងខ្លះ ពីរឿងរ៉ាវមួយនេះ ថាតើការយល់ឃើញរបស់ពួកគាត់យ៉ាងណានោះ តាមដានជាមួយពួកយើងទាំងអស់គ្នា។

ជួបជាមួយនឹងកញ្ញា អ៊ុយ ជាយ៉ុង អាយុ២៣ឆ្នាំ សព្វថ្ងៃជាអាជីវករមួយរូប បានប្រាប់មកខ្មែរឡូតថា កញ្ញាក៏ធ្លាប់បានលឺរឿងរ៉ាវខ្លះៗ ទាក់ទងទៅនឹងការដាក់កន្រ្តៃ កាំបិតលើក្បាលក្មេងពេលគេងនេះដែរ ប៉ុន្តែសម្រាប់កញ្ញាផ្ទាល់ ក៏មិនប្រាកដថាការធ្វើបែបនេះ វាអាចជួយដល់ក្មេងឬយ៉ាងណានោះទេ។

«ចំពោះជំនឿរឿងដាក់កន្ត្រៃ កាំបិតលើក្បាលដំណេកកូនក្មេង ជាពិសេសកូនង៉ែតនោះ ខ្ញុំក៏បានឮពីចាស់ៗនៅតាមស្រុកភូមិខ្ញុំដែរ ជាពិសេសដឹងពីម៉ាក់របស់ខ្ញុំផ្ទាល់តែម្តង។ គាត់បានប្រាប់ថាការដាក់របស់មុតៗដូចជាកន្ត្រៃ កាំបិតខ្ចប់ក្រដាសដាក់លើក្បាលដំណេក ឬក្រោមខ្នើយក្មេងៗគឺជាជំនឿពីបុរាណ ដែលអាចធ្វើឱ្យក្មេងគេងលក់ស្កប់ស្កល់ និងមិនឱ្យក្មេងយំ ឬចេះតែភ្ញាក់នៅពេលយប់ៗ។ ហើយបើសិនជាក្មេងកំពុងតែយំ យើងដាក់របស់នោះនៅជិតខ្លួន ក្រោមខ្នើយ ឬក្បាលដំណេកក្មេងនឹងបាត់យំភ្លាមតែម្តង» ។ នេះជាការលើកឡើង របស់កញ្ញា អ៊ុយ ជាយ៉ុង។

ដោយឡែកចំពោះអ៊ំប្រុស ភុំ ចំរើន សព្វថ្ងៃនេះម្ចាស់រោងល្ខោនមួយវង់នៅស្រុកបាទី ខេត្តតាកែវ ក៏បានបញ្ជាក់ប្រាប់ក្រុមការងារយើង ស្រដៀងៗនឹងប្អូនស្រីខាងលើដែរ ដោយអ៊ំប្រុសបានអះអាង និងពន្យល់បញ្ជាក់បន្ថែមថា៖ « ការដែលគេយកកាំបិត កន្ត្រៃដាក់ក្រោមខ្នើយ ឬលើក្បាលដំណេកកូនក្មេងនោះ គឺជាការការពារខ្មោច បិសាច ជាពិសេសគឺការពារព្រាយម្តាយដើម របស់កូនក្មេងមកលេងតែម្តង »។

អ៊ំប្រុសបានបញ្ជាក់បន្ថែមថា កាលពីដើមចាស់ៗបានតំណាល និងនិយាយតៗគ្នាថា ផ្ទះណាដែលមានស្ត្រីឆ្លងទន្លេរួច មិនត្រឹមតែដាក់កាំបិត កន្ត្រៃនៅក្បាលដំណេកកូនង៉ែតនោះទេ តែគេនឹងយកបន្លាស្អិត ឬបន្លាស្នែងគោដាក់ក្រោមគ្រែ និងនៅមាត់ទ្វារផ្ទះគេគូសសញ្ញាជើងក្អែក ដើម្បីកុំឱ្យខ្មោច ព្រាយអាបចូលមកបានហើយលងបន្លាចឱ្យកូនក្មេងយំ និងធ្វើឱ្យម្តាយភ័យទាស់កើតជាអាការក្តៅខ្លួន ដែលខ្មែរយើងហៅថា ព្រាយក្រឡាភ្លើងជាដើម។

មួយវិញទៀត រាល់ពេលទារកដេកលក់ ឬម្តាយបី ពរកូនក្មេងនោះទៅណាមកណាគេក៏ដាក់កន្ត្រៃ កាំបិតជាប់ខ្លួនផងដែរ ដើម្បីការពារមិនឱ្យពពួកខ្មោច បិសាចបន្លាច និងធ្វើឱ្យយំ ជាពិសេសគឺព្រាយម្តាយដើម ដូចបានលើកឡើងខាងលើ។ ចំពោះជំនឿបែបនេះ នៅស្រុកភូមិអ៊ំប្រុសនៅតែជឿ ហើយក៏ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនផងដែរ រហូតដល់សព្វថ្ងៃនេះ។

បងប្រុស សុងណាំ សព្វថ្ងៃជាអាជីវករបើកហាងលក់សំលៀកបំពាក់មួយកន្លែង ក្នុងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះមកកាន់ ក្រុមការងារខ្មែរឡូតយើងថា ការពិតទៅជំនឿដាក់ កាំបិត កន្ត្រៃទុកការពារខ្មោច ព្រាយបិសាចលើក្បាលដំណេកកូនក្មេងគ្រាន់តែជាជំនឿពីបុរាណប៉ុណ្ណោះ។ តែបើតាមអ្វីដែលបងប្រុស បានដឹងពីមុនៗមក ការពិតគេទុកចាក់សម្លាប់សត្វអសិរពិសកាចសាហាវ និងទុកប្រើប្រាស់ការពារយប់ព្រលប់ប៉ុណ្ណោះ ។

«ជំនឿចាស់បុរាណគេប្រាប់ថា៖ ការទុកកាំបិត កន្ត្រៃ ឬរបស់មុតៗក្បែរដំណេកជាពិសេសពេលយប់ៗនោះ បើពេលមានកូនង៉ាឬក្មេងតូចៗគេថា ការពារកុំឲ្យខ្មោចស្រលាញ់ ឬខ្មោចម្តាយដើមមកយក ។ ចំពោះស្រ្តីដែលមានកូនហើយដេកម្នាក់ឯង គេថាខ្លាចផ្លូវងងឹត ឬធ្វើអំពើជាដើម។ ហើយបើពេលមានប្តី ហើយប្តីជាទាហានមានកាំភ្លើងក្នុងផ្ទះ គេថាខ្មោចវានឹងខ្លាច។ ដូច្នេះន័យសរុបបងចង់និយាយថា ជំនឿជារឿងផ្សេង ចំពោះផ្លូវងងឹតគ្មានអ្នកណាដែលហាមយើងមិនឲ្យជឿទេ តែចំពោះផ្លូវភ្លឺវិញ ការពិតគេទុកកាំបិត កន្ត្រៃ ឬរបស់មុតៗទាំងនោះ សម្រាប់ការពារចោរ និងការពារពីសត្វសាហាវតែប៉ុណ្ណោះ ព្រោះថាយើងអាចប្រើការបន្ទាន់បានគ្រប់ស្ថានការណ៍ ជាពិសេសនៅពេលយប់ព្រលប់ជាដើម ។

បងលើកឧទាហរណ៍ចុះថា៖ កាលពីបុរាណនៅស្រុកស្រែចម្ការគ្មានបង្គន់ គ្មានភ្លើងបំភ្លឺដូចឥឡូវនោះទេ អ៊ីចឹងហើយបានជាគេតែងទុកកាំបិត ជាប់តាមខ្លួនក្រែងដើរចុះទៅបន្ទោរបង់ ជួបប្រទះហេតុការណ៍បន្ទាន់អាចការពារខ្លួនបាន។ ជាពិសេសផ្ទះណាមានកូនង៉ាតូចៗអី មិនបាច់រាវរកច្រើនទេ លូកដៃតែពីក្រោមខ្នើយ ឬក្បាលដំណេកនឹងយកមកប្រើការបានស្រេចតែម្តង។ និយាយៗទៅមកពីខ្មែរយើងមានជំនឿច្រើនដែរ ទើបគេនិយាយពីខ្មោច ព្រាយ បិសាចដើម្បីឱ្យយើងខ្លាច ព្រោះទាល់តែនិយាយពីផ្លូវងងឹតអ៊ីចឹងៗបានជឿស៊ុប។

បើនិយាយពីរឿងការពារចោរ ឬសត្វសាហាវតាមរយៈការដាក់កាំបិតកន្រ្តៃ លើក្បាលដំណេកកូន ឬដាក់ជាប់ខ្លួណអីហ្នឹង សម្រាប់បងគឺមិនសូវជាជឿប៉ុន្មានទេ។ សម័យនេះហើយទៅខ្លាចស្អី ចាក់សោរផ្ទះឲ្យតែជាប់ ឬផ្ទះមានសុវត្ថិភាពទៅវាបានបាត់ទៅហើយ ។ ប៉ុន្តែសម្រាប់ទស្សនៈរបស់បង ក៏មិនមែនបានន័យថា ហាមមិនឱ្យជឿជំនឿខ្មែរទេ ព្រោះវាជាប់ក្នុងក្រអៅបេះដូង និងផ្នត់គំនិតខ្មែរយើងតាំងពីយូរមកហើយ។ សម្រាប់បង បងជឿលើការពិតជាជាងជំនឿផ្លូវងងឹត។ នេះគ្រាន់តែជាទស្សនៈរបស់បងប៉ុណ្ណោះ» ។

ទោះបីជាយ៉ាងណា នេះគ្រាន់តែជាទស្សនៈនៃការយល់ឃើញមួយតែប៉ុណ្ណោះ ដែលត្រូវបានចែករំលែក និងលើកឡើងទាក់ទងទៅនឹងជំនឿខាងលើ និងបទពិសោធន៍ខ្លះៗ ដែលពួកគាត់ធ្លាប់បានដឹង និងជួបប្រទះតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការយល់ឃើញយ៉ាងណានោះ គឺអាស្រ័យទៅលើទស្សនៈរបស់ប្រិយមិត្តស្វែងយល់បន្ថែមរៀងៗខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *