ហួសចិត្ត! ខ្លាច​បុគ្គលិក​​សម្ងំ​លេង​ទូរស័ព្ទ​ក្នុងបន្ទប់ទឹក ក្រុមហ៊ុន​ក៏​សម្រេច​ប្រើ​វិធី​ត​នេះ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រទេស​ចិន​ឲ្យ​ឈ្មោះ “Kuaishou” ​ថ្មីៗ​នេះ​បាន​បង្កើត​នូវ​រឿង​ហួសចិត្ត​មួយ ដោយ​បាន​បំពាក់​នូវ​នាឡិកា​កំណត់​ពេលវេលា អម​នឹង Sensor តូច​មួយ​នៅ​ជាប់​ទ្វារ​បង្គន់ ដើម្បី​តាមដាន​ពី​ថេរវេលា​ចូល​បន្ទោបង់​របស់​បុគ្គលិក។

តាម​សារព័ត៌មាន​ក្រៅ​ស្រុក​ចុះ​ផ្សាយ​ថា ក្រោយ​លេចចេញ​ទង្វើ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន​ជា​ច្រើន បង្ហាញ​ការ​មិន​ពេញ​ចិត្ត ហើយ​រិះគន់​ថា​ក្រុមហ៊ុន​នោះ​បាន​រំលោភ​ភាព​ឯកជន​របស់​បុគ្គលិក។ ប៉ុន្តែ​ក៏​មាន​មតិ​ខ្លះ​ទៀត​និយាយ​ថា ទំនង​ក្រុមហ៊ុន​ចង់​បង្កើន​ប្រសិទ្ធភាព​ការងារ និង​បញ្ចៀស​បុគ្គលិក​ខូច​ខ្លះ​លួច​ទៅ​អង្គុយ​សម្ងំ​ចុច​ទូរសព្ទ​អូស​បន្លាយ​ពេល​យូរ​ក្នុង​បង្គន់។

យ៉ាងណាមិញ​តាម​រយៈ​ការ​បកស្រាយ​ពី​អ្នក​តំណាង​ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង​ខាង​លើ ក៏​ចេញ​មក​បញ្ជាក់​ថា ក្រុមហ៊ុន​ធ្វើ​បែប​ហ្នឹង​ដោយសារ​តែ​ទំហំ​អគារ​នៃ​ការិយាល័យ​របស់​ខ្លួន​គឺ​មាន​ទំហំ​តូច ហើយ​ដាក់​នាឡិកា​និង Sensor នោះ ដើម្បី​ចង់​សិក្សា​ពី​ទំហំ​ពេលវេលា​និង​តម្រូវការ​ប្រើប្រាស់​របស់​បុគ្គលិក ងាយស្រួល​ក្នុង​ការ​បន្ថែម​នូវ​បង្គន់​ថ្មី​ឲ្យ​សក្ដិសម​នឹង​ទីតាំង​តែ​ប៉ុណ្ណោះ។

រំឭក​ថា ​ក្រៅ​ពី​ក្រុមហ៊ុន​ខាង​លើ កន្លង​មក​នៅ​ឯ​ទីក្រុង​សៀងហៃ​ក៏​ធ្លាប់​មាន​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​ធ្វើ​រឿង​ស្រដៀង​គ្នា​នេះ​ផង​ដែរ ដោយ​មាន​ដាក់​នាឡិកា​កំណត់​ពេលវេលា ដោយ​ក្នុង​មួយ​ថ្ងៃ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ប្រើប្រាស់​បង្គន់​បាន​តែ ១០ នាទី​ប៉ុណ្ណោះ៕

ប្រភព៖ Tamdiem247

Leave a Reply

Your email address will not be published. Required fields are marked *