មិននឹកស្មានដល់! គ្រួសារមួយប្រទះឃើញដបមួយអណ្តែតទឹកជាង ៣០ ឆ្នាំ

យោងតាមរបាយការណ៍ពីសារព័ត៌មាន UPI News បានឱ្យដឹងថា លោក John Stanfield និងកូនស្រីឈ្មោះ Skylar Mae បានរកឃើញសារមួយដែលគេដាក់ក្នុងដបអណ្តែតទឹកមួយអស់រយៈពេល ៣០ ឆ្នាំ នៅលើច្រាំងនៃបឹងមួយនៅរដ្ឋ Tennessee ដែលបានអណ្តែងតាំងពីរដ្ឋ Kentucky មកម្ល៉េះ ហើយគិតជាចម្ងាយប្រមាណជា ៤០០ គីឡូម៉ែត្រ។

អ្នកស្រី Pam Stanfield បាននិយាយថា ប្តីរបស់គាត់ និងកូនស្រីឈ្មោះ Skylar Mae ពេលនោះកំពុងតែរុករករបស់មានតម្លៃមាត់ទន្លេ Open Lake ហើយក៏បានប្រទះនឹងដបនេះតែម្តង ហើយក៏មានសំបុត្រមួយក្នុងដបនោះ ដែលមានចុះហត្ថលេខាឈ្មោះ “John and Trina” ដែលជាសង្សារនឹងគ្នា និងបានដាក់សំបុត្រក្នុងដបនេះ តាំងតែពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ១៩៩០ មកម្ល៉េះ។

ពេលដែករកឃើញដបនោះ គ្រួសារខាងលើក៏បានបង្ហោះវាលើបណ្តាញសង្គមហ្វេសប៊ុក តែបង្ហោះមិនដល់មួយម៉ោងផង ស្រាប់តែបានរកឃើញម្ចាស់សំបុត្រក្នុងដបនោះដែលមានឈ្មោះថា Trina Hollander ។ លោកស្រី Hollander បាននិយាយថា អ្នកស្រីមិននៅចាំថាធ្លាប់បានដាក់សំបុត្រក្នុងដប ហើយបោះចូលទៅក្នុងទឹកទន្លេនោះទេ ប៉ុន្តែប្តីអ្នកស្រីលោក John នៅចងចាំគ្រាដែលពួកគេនៅជាសង្សារនឹងគ្នា ហើយបានចុះហត្ថលេខារួមគ្នាក្នុងសំបុត្រនោះ ហើយដាក់ក្នុងដប រួចក៏បោះវាចូលក្នុងទន្លេកាលពីឆ្នាំ ១៩៩០។ ដោយសារតែជាព្រេងនិស្ស័យដែលបណ្តាលឱ្យពួកគេជួបគ្នា គ្រួសារទាំងពីរក៏សម្រេចរក្សាទំនាក់ទំនងនេះ ហើយរាប់អានគ្នាជាមិត្តដូចបងប្អូនតែម្តង៕

ប្រភព៖ UPI News
អត្ថបទដោយ៖ ផាត់យុទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *