ល្អមើល! ប៊ួខាវ ចង់ទម្លាក់ រថថាំង ពីតំណែង “IRON MAN“

ទោះខកខានឡើងសង្វៀនប្រកួតជា១ឆ្នាំក្ដី តែជើងខ្លាំងប្រដាល់សេរីលំដាប់លេខ ១ របស់វៀតណាម Nguyen Tran Duy Nhat នៅតែបន្តសកម្មភាពហ្វឹកហាត់ធម្មតា ត្រៀមឡើងសង្វៀនជាថ្មីគ្រប់ពេលវេលា ប្រសិនបើស្ថានការណ៍រាតត្បាត កូវីត១៩ វិលរកសភាពស្ងប់ស្ងាត់ដូចដើម។

ក្នុងចំណោមគូប្រកួតដែល Duy Nhat ចង់ជួប ម្ចាស់ខ្សែក្រវាត់ ONE Muay Thai Flyweight រថថាំង ជិតមឿងនុន ស្ថិតក្នុងក្រសែភ្នែកម្ចាស់មេដាយមាសច្រើនជំនាន់របស់វៀនណាម។ អ្នកប្រយុទ្ធជំនាញស្នៀតផ្កាប់ចាន់រូបនេះ មានមហិច្ឆតាចង់ទម្លាក់ រថថាំង ពីតំណែង “Iron Man” ដែលត្រូវបានប្រសិទ្ធីនាមដោយស្ថាប័ន ONE Championship។

Duy Nhat បញ្ជាក់ថា ប្រសិនបើឲ្យជ្រើងរើសគូប្រកួតបន្ទាប់ រថថាំង ប្រាកដជាមនុស្សដែលខ្លួនចង់ប៉ះបំផុត។ អ្នកប្រដាលៈវ័យ ៣២ឆ្នាំរូបនេះបន្ថែមថា រថថាំង ល្បីល្បាញដោយសារភាពរឹងមាំ មុខតាន់ និងកណ្ដាប់ដៃធ្ងន់ ហើយខ្លួនចង់សាកល្បង តើបច្ចេកទេស និងភាពរហ័សរហួន អាចបង្អាក់ជ័យជម្នះសិស្សក្លិប ជិតមឿងនុន បានដែរឬយ៉ាងណា។

គួរបញ្ជាក់ផងដែរថា Duy Nhat បានយកឈ្នះគូប្រកួតដោយសន្លប់ ២ ប្រកួតផ្ទួនៗ ចាប់តាំងពីចូលរួមនិង ONE Championship។ សម្រាប់ រថថាំង វិញ កំពុងបន្តកំណត់ត្រា ១០ ប្រកួតមិនដែលចាញ់របស់ខ្លួន ប៉ុន្តែប៉ុន្មានលើកចុងក្រោយនេះ អ្នកទស្សនាជាច្រើនលើកឡើងថា “Iron Man” ហាក់ធ្លាក់ទម្រង់គួរឲ្យកត់សម្គាល់៕
ចុចដើម្បីមើលវីដេអូ
ដោយ៖ kunkhmertv

Leave a Reply

Your email address will not be published. Required fields are marked *