ដឹកដៃកូនកំលោះចូលទៅរៀបការជាមួយ កូនក្រមុំខុសរោង កុំតែដឹងទាន់ កុំអីផ្សំដំណេកខុសបាត់!

បុរសជនជាតិឥណ្ឌូនេស៊ី ស្ទើរតែរៀបការជាមួយកូនក្រមុំខុសទៅហើយ បន្ទាប់ពីកម្មវិធីផែនទីហ្គូហ្គល (Google Maps) នាំផ្លូវទៅកាន់រោងការមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ពេលតែមួយ ។

គ្មានអ្វីដែលត្រឹមត្រូវ ១០០% ទេ សូម្បីតែបច្ចេកវិទ្យាក៏ដោយ ដូច្នេះយើងគួរតែត្រូវប្រើដោយប្រុងប្រយ័ត្នព្រោះថា វាអាចនាំរឿងដូចយុវជនឥណ្ឌូនេស៊ីវ័យរូបនេះ ដែលប្រើផែនទីហ្គូហ្គល (Google Maps) ដើម្បីស្វែងផ្លូវទៅកាន់ពិធីមង្គលការរបស់ខ្លួន ប៉ុនែ្តស្រាប់តែហ្គូហ្គលខុសបច្ចេកទេសបែរជានាំផ្លូវបុរសដែលជាកូនកំលោះទៅកាន់រោងការមួយផ្សេងទៀតទៅវិញ ។

កូនកំលោះដែលវង្វេងរោង មានឈ្មោះថា Irwan Baguz Santoso ហើយពិធីរៀបអាពាហ៍ពិពាហ៍របស់គាត់ធ្វើឡើងនៅថ្ងៃទី ៤ ខែមេសា នៅក្នុងភូមិមួយ នាទីក្រុង Magelang ជ្វាកណ្តាល ។ ក្នុងនោះក៏មានពិធីអាពាហ៍ពិពាហ៍មួយទៀតនៅក្នុងភូមិ ក៏បានប្រារព្ធពិធីក្នុងពេលតែមួយដែរ ។

ដំបូងឡើយគឺបែបនេះ លោក Irwan មិនស្គាល់ផ្លូវទៅរោងការទេ ដូច្នេះលោកក៏ប្រើផែនទីហ្គូហ្គលដើម្បីជួយស្វែងរកផ្លូវទៅរោងការ ប៉ុន្តែនរណាទៅដឹងថា ហ្គូហ្គលខុសបច្ចេកទេសដល់ម្លឹង នាំកូនកំលោះទៅចូលរោងការខុស នេះបើខុសតែម្នាក់ឯងគឺមធ្យមទេ តែងំខ្លាំងត្រង់មានសាច់សាច់ដង្ហែទៅជាមួយទៀត ។ ទម្រាំដឹងការពិតមិនមែនភ្លាមឯណា វាអូសបន្លាយពេលស្ទើរតែជិតចប់កម្មវិធីទៅហើយ ។ នេះបើកុំតែសាច់ញាតិខាងប្រុស ដូចចាប់អារម្មណ៍ប្លែកមុខភ្ញៀវមកចូលរួម កុំអីកូនកំលោះអាចនឹងផ្សំដំណេកខុសកូនក្រមុំក៏ថាបាន ។

រីឯខាង Maria Ulfa ជាកូនក្រមុំដែល Irwan ចូលរោងខុសបានផ្តល់បទសម្ភាសថា នាងកំពុងរង់ចាំកូនកំលោះ (ពិតប្រាកដ) របស់នាង ដែលកូនកំលោះរបស់នាងក៏មិនស្គាល់ផ្លូវមករោងការដែរ ម្លោះហើយសាច់ញាតិរបស់នាង ក៏ស្ម័គ្រចិត្តទៅទទួលកូនកំលោះដល់ក្នុងភូមិ។

អាចនិយាយបានថា ជារឿងចៃដន្យខ្លាំងណាស់ ក្នុងអំឡុងពេលដែលសាច់ញាតិរបស់ Maria កំពុងរង់ចាំកូនកំលោះ វាគឺជាពេលដែល I rwan បានមកដល់ក្នុងភូមិ ហើយសួរទិសដៅអ្នកនៅម្តុំនោះល្មម ។ វាក៏សឹងមិនគួរឲ្យជឿទៀតថា សាច់ញាតិខាងស្រីក៏មិនបានសួរឈ្មោះកូនកំលោះទៀត ទើបបណ្តាលជាការយល់ច្រឡំកើតឡើងដូច្នេះ ។

តែសំណាងល្អណាស់ ដែលភាគីទាំងពីរអាចដឹងខ្លួនទាន់ពេល ដោយសារ Maria មិនស្គាល់នរណាម្នាក់ទេ Irwan ក៏ដូចគ្នា ពួកគេទាំងពីរយល់ភ្លាមៗថា ច្បាស់ជាមានអ្វីខុសប្រក្រតីកើតឡើង ។ ក្រោយមក Irwan ក៏បានសុំទោសអ្នករាល់គ្នាចំពោះរឿងរ៉ាវដែលកើតឡើង ហើយខាង Maria ក៏បានជួយពន្យល់ផ្លូវដល់ Irwan ដូច្នេះរឿងនេះបានបញ្ចប់ទៅយ៉ាងល្អ ៕

ប្រភព៖ kompas.com

Leave a Reply

Your email address will not be published. Required fields are marked *