គ្រប់គ្នាផ្អើលឆោឡោ រត់ជាន់គ្នា ខណៈកំពុងអង្គុយមើល ល្ខោនសៀកសត្វដំរី!

សារព័ត៌មាន Daily Mail បានរាយការណ៍ អំពីករណីប៉ះទង្គិចគ្នារវាងដំរី ២ ក្បាល ខណៈពេលកំុំសម្តែងសៀកនៅឯរោងសៀក នាទីក្រុងកាហ្សាន សាធារណរដ្ឋ Tatarstan ភាគកណ្តាលនៃប្រទេសុស្ស៊ី ។

តាមរយៈវីដេអូបានបង្ហាញថា អ្នកបង្ហាត់ដំរីបានព្យាយាមបំបែកដំរី ២ ក្បាល ដែលកំពុងជល់គ្នាមុនពេល Jenny ដែលជាដំរីពូជឥណ្ឌា ភេទញី បានជល់ដំរីមួយក្បាលទៀតឈ្មោះថា Magda ដួលទៅនឹងដី បន្ទាប់មកជេនី ព្យាយាមជាន់ Magda បន្ថែមនៅលើគែមរង្វង់នៃឆាក បង្កជាការភិតភ័យដល់អ្នកទស្សនា ដែលក្រោកឈរ ហើយរត់ចេញយ៉ាងស្លន់ស្លោ ជាពិសេសនៅកៅអីទស្សនិកជនជួរខាងមុខ ដែលនៅជិតចំណុចកើតហេតុនោះឯង ។

លោក Ramil Shari Foolin នាយករោងសៀក បានផ្តល់បទសម្ភាសន៍ថា ពុំមាននរណាម្នាក់រងរបួសទេ ទាំងមនុស្សនិងសត្វ ប៉ុន្តែបុគ្គលិករោងសៀកបានបដិសេធថា ទស្សនិកជនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំណែកទស្សនិកជននៅក្នុងហេតកាណ៍បាននិយាយថា មនុស្សគ្រប់គ្នាមានការភិតភ័យ រត់ផ្អើលឆោឡោសឹងតែជាន់គ្នាទៅហើយ ។

ក្រោយមក ខាងរោងសៀកបានអះអាងពីមូលហេតុ ដែលដំរីពីរក្បាលទាំង ២ នេះបានប៉ះទង្គិចគ្នានោះគឺ ដោយសារតែពួកវាច្រណែនគ្នា ទាក់ទងនឹងការយកចិត្តទុកដាក់របស់គ្រូបង្វឹក ។ ក្រៅពីនេះដោយសារ ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យដំរីទាំង ២ ខ្វះទំនាក់ទំនងជាមួយទស្សនិកជន បណ្តាលឲ្យពួកវាមានអារម្មណ៍ឆេវឆាវ មិនស្តាប់គ្រូបង្វឹក។ ប៉ុនែ្តពេលនេះសត្វដំរីទាំងពីរក្បាលស្ថិតក្នុងស្ថានភាពប្រក្រតីវិញហើយ រីឯរាងកាយរបស់ពួកវាក៏មិនមានរបួសអ្វីដែរ។

ទន្ទឹមនឹងនោះ ខាងរោងសៀកក៏ចេញមុខសុំទោសដោយស្មោះអស់ពីចិត្ត ចំពោះហេតុការណ៍ដែលបានកើតឡើង ហើយការសម្តែងនៅថ្ងៃបន្ទាប់ក៏ត្រូវបានលុបចោល ព្រមទាំងប្រគល់ប្រាក់ថ្លៃជូនទស្សនិកជនវិញទាំងអស់ ។

ដោយឡែក ទោះបីជាវិស័យលេងសៀក មានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្តែសកម្មជនសិទ្ធិសត្វកំពុងអំពាវនាវឱ្យបញ្ឈប់ការនាំសត្វមកសម្តែងសៀកតទៅទៀត។ តែទោះយ៉ាងណាលោក Andrey ដែលជាគ្រូបង្វឹកសត្វដំរីកំពូលប្រចាំប្រទេសរុស្ស៊ីបាននិយាយថា កាលដែលសត្វដំរីទាំង ២ ខាងលើវាជល់គ្នា នាទីក្រុងកាហ្សាននោះ មិនត្រូវបានចាត់ថា ជាការធ្វើទារុណកម្មសត្វនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *