រពឹសពេក បណ្ដាលឲ្យជាប់ក្បាលនឹងផ្ទះឆ្មា ដោះស្រាយមិនចេញហៅអ្នកពន្លត់អគ្គិភ័យជួយ!

ការចិញ្ចឹមបីបាច់ថែរក្សាកុមារក្នុងវ័យកំពុងលូតលាស់ ឪពុកម្តាយត្រូវតែរហ័សនិងប្រុងប្រយ័ត្នគ្រប់ពេលវេលា ពីព្រោះយើងមិនអាចដឹងថាកូនៗ កំពុងតែរពឹសនៅទីណា ឬកំពុងធ្វើអ្វីនោះទេ ?

កាលពីថ្មីៗនេះមានហេតុការណ៍ចម្លែកមួយ បានកើតឡើងសម្រាប់ក្រុមអ្នកពន្លត់អគ្គីភ័យ នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក នៅពេលទទួលបានរបាយការណ៍បន្ទាន់ ដែលមិនមែនជារបាយការណ៍អគ្គីភ័យ ឬឆ្មាជាប់នៅលើដើមឈើទេ តែជាហេតុការណ៍ក្មេងប្រុសកំពូលរពឹស ជាប់ក្បាលនៅនឹងផ្ទះសត្វឆ្មា ។

Cynthia Olson អាយុ ៣២ ឆ្នាំជាម្ដាយ និងជាអ្នកសុំជំនួយពីក្រុមសង្គ្រោះ ថាកូនប្រុសអាយុ ៤ ឆ្នាំរបស់គាត់ មានឈ្មោះថា Parker បានរុលក្បាលខ្លួនឯងចូលទៅក្នុងរន្ធមួយ ហើយមិនអាចដកចេញមកវិញបាន ។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីម្តាយម្នាក់បានទុកកូនៗឱ្យនៅក្នុងផ្ទះ ហើយបានចេញទៅក្រៅយករបស់របរនៅឯយានដ្ឋាន តែប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែកូនប្រុសរបស់ខ្លួនក៏ជាប់នៅក្នុងស្ថានភាពដូចនេះតែម្តង ។

មើលតុក្កតារងចាំក្រុមអ្នកជួយសង្គ្រោះសិនទៅអាអូន
ជាសំណាងល្អដែលក្មេងប្រុសកំពូលរពឹសរូបនេះមិនមានរងរបួសទេ តែម្តាយមិនដឹងថាត្រូវធ្វើយ៉ាងទើបអាចជួយកូនបាន ដូច្នេះគាត់គ៏បានហៅក្រុមអ្នកពន្លត់អគ្គីភ័យក្នុងមូលដ្ឋាន ឱ្យជួយកូនប្រុសរបស់គាត់ជំនួសវិញ។

អ្នកម្តាយរូបនេះបាននិយាយថា គាត់មិនដឹងថាកូនរបស់ខ្លួនលេងយ៉ាងម៉េច ទើបបានជាទៅជាប់ក្បាលដូច្នេះ គាត់ពិតជាឆ្ងល់ខ្លាំងណាស់ ប៉ុន្តែអាចយល់ពីអារម្មណ៍របស់ក្មេងប្រុស ដោយសារតែគេចង់ដឹងចង់ឃើញជាវ័យដែលកំពុងលូតលាស់។

ឱ្យពូសុំមើលតុក្កតាផងអាអូន
“ខណៈពេលខ្ញុំកំពុងដើរទៅយានដ្ឋានដើម្បីយករបស់របរ ក្រោយមកខ្ញុំក៏បានឮសម្លេងស្រែក ដែលជាសម្លេងរបស់កូនស្រីកណ្តាលរបស់ខ្ញុំ ឈ្មោះថា Evelyn ដូច្នេះខ្ញុំគិតថាប្រហែលជា Parker មានគ្រោះថ្នាក់អ្វីមួយហើយ ខ្ញុំក៏ប្រញាប់ទៅមើល”

“ពេលចូលដល់ផ្ទះភ្លាមគេឃើញពួកគេគ្រប់គ្នាបានស្រែកយំយ៉ាងទ្រហឹង រីឯ Parker ស្រែកយំខ្លាំងដូចជាត្រូវគេធ្វើឃាត ពេលនោះខ្ញុំសង្ឃឹមថា Parker នឹងគ្មានការបាក់ឆ្អឹងទេព្រោះគេធ្លាប់បាក់ឆ្អឹងពីរចំណុចរួចមកហើយ”

ម្ដាយបានព្យាយាមរុញក្បាលកូនប្រុសរបស់គាត់ចេញដោយខ្លួនឯងដែរ ប៉ុន្តែដោយសារកម្ពស់ផ្ទះឆ្មាវាខ្ពស់ដូច្នេះវាពិបាកក្នុងការជួយណាស់ ហើយប្រហោងដែលជាប់ក្បាលនោះក៏តូចចង្អៀតទៀតផង ។

លុះនៅពេលដែលក្រុមអ្នកពន្លត់អគ្គីភ័យមកដល់ ពួកគេក៏ចាប់ផ្តើមមានអារម្មណ៍ធូរស្បើយខ្លះ រីឯប្រធានអង្គភាព និងបុរសទាំង ៤ នាក់ទៀតបានអស់សំណើចនឹងស្ថានភាពរបស់ក្មេងប្រុសកំពូលរពឹសរូបនេះណាស់ ។ បន្ទាប់មកពួកគេបានលាបសាប៊ូ ទៅនឹងកន្លែងដែលអាចកកិត ព្រមទាំងទាញក្បាលរបស់ក្មេងប្រុសយឺត ដែលនោះគឺជាទិទ្ធភាពដ៏គួរឱ្យអស់សំណើចណាស់ ។

វាចំណាយពេលប្រហែល ១០ នាទីក្នុងការជួយសង្គ្រោះនេះ ហើយនៅទីបំផុតក្មេងប្រុសកំពូលរពឹងក៏មានសេរីភាពវិញ ។

អ្នកម្តាយក្មេងរងគ្រោះបានបន្ថែមថា ផ្ទះឆ្មានេះ វាមានទំហំប៉ុនសួនឆ្មាកម្ពស់ ៤ ជាន់ តែគួរអោយភ្ញាក់ផ្អើលនៅក្នុងផ្ទះឆ្មា គឺមិនមានសត្វឆ្មាទៅលេងទេ មានតែក្មេងប្រុសកំពូលរពឹសទៅលេងតែម្នាក់ឯងទៅវិញ ៕

កុំលេងអញ្ចឹងទៀតណាអាអូន ផ្អើលគេអស់ហើយ!
ប្រភព៖ dailymail

Leave a Reply

Your email address will not be published. Required fields are marked *