ចេះតែមានហើយ! បុរសម្នាក់ឡើងទៅដើរលេងលើស្លាបយន្តហោះដែលហៀបនឹងហោះឡើង បង្កជាភាពជ្រួលច្របល់ពេញអាកាសយានដ្ឋាន (មានវីដេអូ)

សារព័ត៌មានស៊ីអិនអិនបានរាយការណ៍ថា មន្ត្រីអាកាសយានដ្ឋាន Las Vegas បានឃាត់ខ្លួនយុវជនម្នាក់ដែលបានឡើងដើរលើស្លាបយន្តហោះប៊ូអ៊ីង (Boeing) ព្រមទាំងដេកនៅលើស្លាបយន្តហោះ ខណៈពេលដែលយន្តហោះហៀបនឹងហោះឡើង បង្កជាភាពជ្រួលច្របល់នៅអាកាសយានដ្ឋានអន្តរជាតិ McCarran ។

ឃ្លីបវីដេអូដែលថតដោយអ្នកដំណើរ អំពីហេតុការណ៍ដែលបានកើតឡើងនៅលើយន្តហោះប៊ូអ៊ីង ៧៣៧ ជើងយន្តហោះអាឡាស្កាអ៊ែរឡាញ លេខ ១៣៦៧ ។ ដើមឡើយគ្រោងនឹងចេញដំណើរនៅម៉ោង ១២ និង ៣០ នាទីថ្ងៃសៅរ៍ទី ១២ ធ្នូ ប៉ុន្តែត្រូវបានពន្យារពេល និងបញ្ឈប់ពាក់កណ្តាលទី នៅពេលដែលអ្នកដំណើរនៅលើយន្តហោះបានឃើញបុរសបង្កហេតុទាន់ពេល ហើយអ្នកដំណើរនៅឯអគារអាគាររង់ចាំក៏បានឃើញដែរ ។

លោក Joe Reichel អ្នកនាំពាក្យអាកាសយានដ្ឋានបាននិយាយថា យុវជនបង្កហេតុរូបនោះបានលោតផ្លោះរបងខាងក្រៅ បន្ទាប់មកឡើងទៅលើស្លាបយន្តហោះដើរចុះដើរឡើង មុនពេលរូបគេបានដេកនៅនឹងកន្លែងអស់ពេលមួយសន្ទុះ បន្ទាប់មកគេក៏បានងើបដើរ ហើយអង្គុយដូចជាមនុស្សវិកលចារឹក ។

ក្រោយមកបុរសរូបនោះក៏ទៅសំដៅទៅផ្នែកខាងចុងស្លាបយន្តហោះ រួចដោះស្បែកជើងហើយព្យាយាមឡើងទៅខាងចុងស្លាប ប៉ុន្តែមិនអាចឡើងបាន ។ ខណៈពេលនោះនៅពេលដែលប៉ូលីសព្យាយាមចូលទៅជិត បុរសនោះបានទម្លាក់ខ្លួនចុះទៅលើផ្លូវអាកាសយានដ្ឋានវិញ ក្រោយមកមានមន្រ្តីម្នាក់បានមកចាប់ខ្លួនបុរសនោះ បញ្ជូនទៅបន្ទប់ពេទ្យនៅអាកាសយានដ្ឋាន។ ជាបឋមបុរសខាងលើត្រូវបានគេសន្និដ្ឋានថា រូបគេប្រហែលជាមានជំងឺផ្លូវចិត្ត ឬវិកលចារឹក ៕

ចំណែកយន្ដហោះក៏បានចេញដំណើរសារជាថ្មីនៅម៉ោង ៤:៤៨ នាទីល្ងាចឆ្ពោះទៅកាន់រដ្ឋអាឡាស្កា ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *