មកតាំងពីអង្កាល់! នៅសុខៗស្រាប់តែអើតក្បាលមកនរណាមិនភ័យ

សារព័ត៌មាន Daily Mail បានរាយការណ៍អំពីហេតុការណ៍ដ៏រន្ធត់របស់គ្រួសារសញ្ជាតិអូស្ត្រាលី ខណៈពេលកំពុងបើកបររថយន្តប្រភេទ SUV នៅលើផ្លូវហាយវ៉េឆ្លងកាត់ក្រុង Hindmarshtier ចម្ងាយ ៥៥ គីឡូម៉ែត្រខាងត្បូងទីក្រុង Adelaide ដោយមានពស់វែកមួយក្បាលបានតោងជាប់នឹងម៉ាស៊ីននៅខាងក្រោមឡានកាលពីថ្ងៃទី ១០ ខែធ្នូ ។

ហេតុការណ៍បានកើតឡើងខណៈពេលដែលក្រុមគ្រួសារនេះកំពុងបើកបររថយន្ត ស្រាប់តែពស់វែកបានលូនក្បាលរបស់វាមកលើគំរបឡានផ្នែកខាងមុខបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង មុនពេលពួកគេបានទូរស័ព្ទហៅអ្នកជំនាញចាប់សត្វពស់មកពីភ្នាក់ងារ Adelaide ដើម្បីជួយចាប់វាដោយសុវត្ថិភាព។

សត្វពស់ពិសប្រភេទនេះគឺជាពស់មួយក្នុងចំណោមពស់ដែលត្រូវបានគេប្រទះឃើញជាទូទៅនៅឆ្នេរខាងកើតនៃប្រទេសអូស្ត្រាលី។ វាមានប្រវែងប្រហែល ១.៥ ទៅ ២.៥ ម៉ែត្រ ហើយសត្វពស់ប្រភេទនេះវាកាចខ្លាំងណាស់ វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សបាន ប៉ុន្តែនៅក្នុងហេតុការណ៍ខាងលើពុំមានសេចក្តីរាយការណ៍អំពីអ្នករងរបួសទេ ។

ដោយឡែកប្រសិនបើមនុស្សត្រូវបានសត្វពស់ប្រភេទនេះខាំពស់នឹងមានការឈឺចាប់ខ្លាំង និងបណ្តាលឱ្យឈាមកក ហើយងាប់កោសិកានៅចំណុចដែលត្រូវបានវាខាំទៀតផង ។

លោក Brundon Gifford អ្នកជំនាញថែរក្សាសត្វល្មូន នៅឧទ្យានសត្វល្មូនប្រទេសអូស្ត្រាលីបាននិយាយថា សម្រាប់មនុស្សដែលត្រូវពស់ចឹកភាគច្រើន ពួកគេនឹងព្យាយាមចាប់ ឬសម្លាប់វាជាមុនសិន ប៉ុន្តែវិធីដ៏ល្អបំផុតដើម្បីកាត់បន្ថយលទ្ធភាពនៃការបង្កគ្រោះថ្នាក់ ចូរកុំព្យាយាមចាប់ពស់អី ៕

Leave a Reply

Your email address will not be published. Required fields are marked *