ពិតជាសំណាងធំ! អស់ផ្លូវទៅហើយ បែរជាបានជួបនឹងនាវាធំជួយសង្គ្រោះទៅវិញ

សារព័ត៌មាន Stuff បានរាយការណ៍ អំពីជោគវាសនាដ៏អាក្រក់របស់នាវិកជនជាតិលីទុយអានី ដែលបានបណ្តែតខ្លួនលើទឹកអស់រយៈពេល ១៦ ម៉ោង បន្ទាប់ពីរូបគាត់បានធ្លាក់ពីកប៉ាល់ដឹកទំនិញ ចូលមហាសមុទ្រប៉ាស៊ីហ្វិកនៅពេលព្រឹកព្រលឹមស្រាងៗ ប៉ុន្តែជនរងគ្រោះអាចនៅមានជីវិតបាន ដោយការតោងកំទេចកំទីសំរាមក្នុងសមុទ្រប៉ុណ្ណោះ ។

នោះគឺលោក Vadim Perevirtilov អាយុ ៥២ ឆ្នាំជាប្រធានវិស្វករនៃនាវាដឹកទំនិញ Silver Supporter ដែលតែងតែដឹកជញ្ជូនការផ្គត់ផ្គង់ រវាងកំពង់ផែ Tauranga របស់ប្រទេសនូវែលសេឡង់ និងប្រជុំកោះ Pitcairn របស់ប្រទេសអង់គ្លេស។

លោក Vadim បានធ្លាក់ចូលក្នុងសមុទ្រត្រជាក់ និងងងឹតនៅម៉ោង ៤ ព្រឹក ថ្ងៃទី ១៦ ខែកុម្ភៈ ទាំងដែលលោកមិនបានពាក់អាវពោងការពារទេ ដូច្នេះគាត់ត្រូវព្យាយាមធ្វើឱ្យខ្លួនគាត់អាចអណ្តែតនៅក្នុងទឹក។ លុះកម្លាំងរបស់គាត់ចាប់ផ្តើមអន់ថយ ក្តីសង្ឃឹមរបស់គាត់ក៏ចាប់ផ្តើមថយចុះដែរ ខណៈពេលដែលកប៉ាល់ដឹកទំនិញបានចេញដំណើរទៅបាត់ ដោយមិនដឹងថា មានសមាជិកនាវិកម្នាក់បាត់ខ្លួននោះទេ។

រហូតដល់ពេលព្រះអាទិត្យរះ កំលាំងរបស់នាវិករូបនេះបានត្រឡប់មកវិញ ដោយលោក Vadim កត់សម្គាល់ឃើញចំណុចខ្មៅតិចតួចនៅឯជើងមេឃឆ្ងាយ ដូច្នេះគាត់ចាប់ផ្តើមហែលទឹកតិចៗ ដើម្បីអាចទៅដល់គោលដៅ ហើយការសម្រេចចិត្តមួយនេះ វាពិតជាជួយសង្គ្រោះជីវិតរបស់គាត់បានពិតមែន ។

រីឯរឿងសឹងមិនគួរឱ្យជឿ ត្រូវបានបង្ហាញដោយកូនប្រុសរបស់គាត់ គឺលោក Marat ដែលមានទំនាក់ទំនងជាមួយគាត់គ្រប់ពេល ចាប់តាំងពីគាត់ធ្លាក់ចូលសមុទ្រ ។

“ឪពុករបស់ខ្ញុំបាននិយាយថា គាត់បានឃើញចំណុចខ្មៅនៅជើងឯមេឃ ចម្ងាយរាប់គីឡូម៉ែត្រ ដូច្នេះគាត់ចាប់ផ្តើមហែលឆ្ពោះទៅរកចំណុចខ្មៅនោះ ជាមួយនឹងការប្តេជ្ញាចិត្តដោយមិនរារែកដើម្បីរួចជីវិត ប៉ុន្តែមុននោះគាត់ត្រូវអណ្តែតខ្លួននៅក្នុងទឹករហូតដល់ព្រះអាទិត្យរះ នេះប្រសិនបើជាខ្ញុំវិញ ខ្ញុំអាចលង់ទឹកភ្លាមៗបាត់ទៅហើយ ដោយឡែកឪពុករបស់ខ្ញុំ គាត់នៅតែអាចថែរក្សាសុខភាពខ្លួនឯងឲ្យរឹងមាំ និងមានសុខភាពល្អ នេះហើយទើបធ្វើឱ្យខ្ញុំគិតថា គាត់ជាមនុស្សអស្ចារ្យដែល អាចរក្សាអាយុជីវិតខ្លួនឯងបាន” ។

កូនប្រុសរបស់នាវិកខាងលើបាននិយាយថា មុនពេលធ្លាក់ចូលក្នុងសមុទ្រ ឪពុករបស់គាត់បានចំណាយពេលមួយយប់ដើម្បីមើលធុងប្រេងរបស់កប៉ាល់ បន្ទាប់មកគាត់ចាប់ផ្តើមមានអារម្មណ៍ក្តៅ និងវិលមុខ ដូច្នេះគាត់ក៏ដើរចេញទៅលើចុងនាវាដើម្បីបានធូរស្បើយខ្លួនបន្តិច ប៉ុន្តែគាត់មិនចាំទេថា គាត់បានធ្លាក់ទៅក្នុងទឹកតាំងពីពេលណាទេ គ្រាន់តែដឹងខ្លួនមកវិញគាត់នៅក្នុងទឹកបាត់ទៅហើយ សន្និដ្ឋានថាពេលនោះគាត់ប្រហែលជាខ្យល់ចាប់ បាត់បង់ស្មារតីភ្លាមៗហើយ ។

តែទោះយ៉ាងណា ទម្រាំកប៉ាល់នឹងសង្កេតឃើញថា លោក Vadim កំពុងបាត់ខ្លួន គឺវាបានកន្លងផុតទៅប្រាំមួយម៉ោងទៅហើយ ទើបពួកគេចាប់ផ្តើមជូនដំណឹង និងធ្វើការរាប់ចំនួននាវិក និងរកឃើញថា មានសមាជិកនាវិកម្នាក់បានបាត់ខ្លួន។

ខណៈពេលកំណត់ត្រាការងារ បានបង្ហាញព័ត៌មានចុងក្រោយថា លោក Vadim បានបំពេញរបាយការណ៍ការងារ ក្រោយពេលរាត្រីម៉ោង ៤ ព្រឹក ហើយកូអរដោនេនៃនាវានៅពេលនោះវានៅឆ្ងាយពីកោះ Ostrale នៃប្រទេស French Polynesia ដែនដីបារាំងនៅឯនាយសមុទ្រចម្ងាយ ៤០០ ម៉ាយល៍ (៧៤០ គីឡូម៉ែត្រ) ភាគខាងត្បូង។

ដូច្នេះប្រធាននាវិកក៏បានបង្វែក្បាលនាវាត្រឡប់មកវិញ ហើយបញ្ជូនវិទ្យុទំនាក់ទំនងបន្ទាន់ និងបានបញ្ជូនទីតាំងសម្របសម្រួលរបស់កប៉ាល់ ទៅមជ្ឈមណ្ឌលសម្របសម្រួល ការជួយសង្គ្រោះរួមគ្នា នៅលើកោះ Tahiti ប្រទេស French Polynesia ក៏ដូចជាបានរាយការណ៍ គ្រោះថ្នាក់ដល់បណ្តាកប៉ាល់ផ្សេងៗក្នុងតំបន់នោះផងដែរ ។

ក្រោយមក Meteo-France ឧតុនិយមជាតិបារាំង គ្រាន់តែបានទទួលសញ្ញាគ្រោះមហន្តរាយនេះភ្លាម ពួកគេក៏បានចូលរួម និងជួយគណនាទិសដៅដែលនាវិកនឹងអណ្តែតទៅ ពីយន្តហោះកងទ័ពជើងទឹកបារាំង ។

ងាកត្រឡប់មកលោក Vadim ដែលកំពុងហែលចម្ងាយឆ្ងាយទៅដល់គោលដៅចំណុចខ្មៅ ទើបដឹងថាចំណុចខ្មៅនោះ គឺជាទូកនេសាទចាស់មួយ ដែលមិនបានបោះយុថ្កា ឬធ្វើអ្វីទាំងអស់ ។ បើទោះបីវាជាសំរាមសមុទ្រក៏ដោយ តែវាអាចអណ្តែតលើទឹកបាន ដូច្នេះលោក Vadim ក៏បានតោងកំទេចកំទីទូកនេសាទនោះ ដើម្បីសន្សំសំចៃថាមពល ។
ទន្ទឹមការសន្សំសំចៃថាមពលនាពេលនោះវាមិនងាយស្រួលទេ ព្រោះនៅមានបញ្ហាជាច្រើនទៀតបានកើតឡើងរួមមាន ពន្លឺព្រះអាទិត្យដែលបានដុតកម្លោចស្បែករបស់គាត់ គាត់ស្ងួតបំពង់កខ្លាំងដោយសារគ្មានទឹកផឹក ហើយនិងអស់កម្លាំង ប៉ុន្តែអ្វីដែលគាត់អាចធ្វើបានគឺ “ការរង់ចាំយ៉ាងអត់ធ្មត់” មើលទៅជើងមេឃហើយសង្ឃឹមថា នឹងមានកប៉ាល់ណាមួយមកដល់មុនពេលព្រះអាទិត្យលិច ។

ប៉ុន្តែការអត់ធ្មត់របស់គាត់ពិតជាមិនអត់ប្រយោជន៍មែន ពេលនោះមានកប៉ាល់មួយបានបង្ហាញខ្លួននៅឯជើងមេឃ វាជាកប៉ាល់ Silver Supporter ឃើញដូច្នេះលោក Vadim ក៏បានគ្រវីដៃហើយស្រែករកកប៉ាល់នោះភ្លាមៗ។

លោក Marat បានពាំនាំការសន្ទនារបស់ឪពុកគាត់ថា “អ្វីដែលបានកើតឡើងបន្ទាប់មកគឺដូចជាអព្ភូតហេតុមែន កប៉ាល់ Silver Supporter កំពុងស្វែងរកឪពុករបស់ខ្ញុំ ហើយនាវិកម្នាក់នៅលើទូកបាននិយាយថា គាត់បានឮសម្លេងស្រែកហៅខ្សាវៗ ចេញពីខាងស្តាំនៃកប៉ាល់” ។

កូនប្រុសរបស់នាវិករងគ្រោះបានបន្ថែមថា ប្រធានក្រុមបានសម្រេចចិត្តផ្លាស់ប្តូរផ្លូវនៃការស្វែងរក ប៉ុន្តែ ១០ នាទីក្រោយមក នៅតែរកលោក Vadim មិនឃើញ គាត់ក៏បង្វែរកប៉ាល់ត្រឡប់ទៅផ្លូវស្វែងរកដើមវិញ ។ សំណាងល្អណាស់ដែលពេលនោះក៏មាននាវិកម្នាក់ បានឃើញមនុស្សកំពុងលើកដៃឡើងពីលើផ្ទៃទឹក បន្ទាប់មកកប៉ាល់ក៏ចូលទៅក្បែរ នឹងបោះពោងសង្គ្រោះទៅនាវិករងគ្រោះ ថែមទាំងទំលាក់កាំជណ្ដើរចុះទៅក្នុងទឹក បន្ទាប់មកសមាជិកនាវិកម្នាក់បានទាញលោក Vadim ត្រឡប់ទៅលើកប៉ាល់វិញ។

“ឪពុករបស់ខ្ញុំមើលទៅហត់នឿយណាស់ ប៉ុន្តែគាត់នៅតែមានជីវិត ហើយវាហាក់ដូចជារឿងរ៉ាវអព្ភូតហេតុមួយ ដែលសម្លេងខ្សាវៗរបស់ឪពុកខ្ញុំត្រូវបានគេស្តាប់ឮ” លោក Marat បាននិយាយ ក៏ដូចជាថ្លែងអំណរគុណដល់ អ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយសង្គ្រោះគ្រួសាររបស់គាត់ឲ្យផុតពីសោកនាដកម្ម ៕

Leave a Reply

Your email address will not be published. Required fields are marked *