បុរសម្នាក់រៀបរាប់ពីផលវិបាក នៃជំងឺម្រាមដៃគ្មាន “សន្លាក” ឆ្អឹងកណ្តាលរបស់លោក!

សាកស្រមៃបន្តិចមើល ប្រសិនបើម្រាមដៃរបស់មនុស្សយើងមិនមានសន្លាក់ឆ្អឹងកណ្តាលទេ ជីវិតរស់នៅប្រចាំថ្ងៃនឹងទៅជាស្មុគស្មាញយ៉ាងណា? ដូចជាការប្រើប្រាស់ម្រាមដៃ សម្រាប់សរសេរ ឬសូម្បីតែវាយអក្សរនៅលើក្តារចុច ស្ទើរតែមិនអាចធ្វើបានទេ ។ វាពិតជាពិបាកស្រមៃណាស់មែនទេ? ប៉ុន្តែការលើកជាឧទាហរណ៍នេះគឺជារឿងពិត ហើយវាបានកើតលើបុរសម្នាក់ ដែលលោកបានចេញមកចែករំលែករឿងរ៉ាងរបស់គាត់ នៅលើបណ្តាញសង្គមដូចតទៅនេះ ។

លោកមានឈ្មោះថា JayFayad បានបង្ហោះរូបថតម្រាមដៃទាំង ៥ របស់គាត់ ដែលមិនមានសន្លាក់ឆ្អឹងកណ្តាល វាធ្វើឲ្យលោកមិនអាចបត់ម្រាមដៃដូចជាមនុស្សទូទៅបានឡើយ ។

តាមរយៈការរៀបរាប់របស់បុរសខាងលើបានឲ្យដឹងថា នេះគឺជាជំងឺហ្សែនតំណពូជ វាមានឈ្មោះវិទ្យាសាស្ត្រថា symphalangism ជាជំងឺដែលកម្រនឹងកើតមានណាស់ ទើបធ្វើឲ្យមានមនុស្សតិចតួចបំផុតដែលដឹងពីជំងឺនេះ ។ ជាមួយការចែករំលែករបស់ JayFayad គឺទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ថែមទាំងមានអ្នកចូលចិត្ត និងការចូលរួមយោបល់ដល់ទៅជាង ៦០,០០០ ដង ជាមួយការចោទសួរយ៉ាងច្រើនសន្ធឹកសន្ធាប់ថា តើលោករស់នៅដោយរបៀបណា?

JayFayad បាននិយាយថា “ខ្ញុំអាចដោះស្រាយការរស់នៅបានយ៉ាងល្អ ប៉ុន្តែពេលខ្លះការវាយអក្សលើក្តារចុច ឬការសរសេរក៏មានការលំបាកច្រើនគួរសមដែរ ព្រោះថាប៊ិច និងខ្មៅដៃ វាតែងតែរបូតចេញពីដៃរបស់ខ្ញុំ ហើយម្រាមដៃរបស់ខ្ញុំ ហាក់មិនអាចចាប់កាន់ប៊ិចបានជាប់នោះទេ ប៉ុន្តែមិនមែនថាមិនអាចធ្វើបានទាល់តែសោះនោះទេ ចំណែកការប្រើកណ្តុរកុំព្យូរទ័រវិញ គឺមិនពិបាកទេ”

“ខ្ញុំមិនដឹងថា តើដៃធម្មតាធ្វើការបានយ៉ាងម៉េចទេ? ព្រោះខ្ញុំកើតមកជាមួយម្រាមដៃបែបនេះ ខ្ញុំមិនមានជម្រើសផ្សេងទេ ដូច្នេះសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាដៃរបស់ខ្ញុំគឺធម្មតា ខ្ញុំពិតជាមិនមានអារម្មណ៍ថាវាខុសប្រក្រតីទេ” ។

តែទោះយ៉ាងណា JayFayad និយាយថាពេលខ្លះលោកមានអារម្មណ៍មិនល្អទេ ព្រោះសម្រាប់ការលេងកីឡា វានៅមានកម្រិត “ខ្ញុំធ្លាប់លេងកីឡាបាល់បោះ នៅពេលខ្ញុំមានអាយុ ៧ ឬ ៨ ឆ្នាំ គ្រូបង្វឹកម្នាក់បានស្រែកដាក់ខ្ញុំជាច្រើនដង សុំឲ្យខ្ញុំចាប់កាន់ដំបងវាយកូនបាល់ឲ្យជាប់ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន ហើយគ្រូបង្វឹកខឹងខ្ញុំយ៉ាងខ្លាំង គាត់ថែមទាំងព្យាយាមសង្កត់ម្រាមដៃរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចក្តាប់កាន់ដំបងឲ្យជាប់ ពេលនោះខ្ញុំឈឺចាប់ណាស់ ប៉ុន្តែសម្រាប់កីឡាបាល់ទាត់ ឬកីឡាវាយកូនគោលលើទឹកកក គឺជាកីឡាសាកសមសម្រាប់ខ្ញុំណាស់” ។

លើសពីនេះក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលមានម្រាមដៃឥតសន្លាក់ដូចជារូបលោក ក៏ចេញមកធ្វើការអត្ថាធិប្បាយដែរ ខណៈដែលលោក JayFayad មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោកគិតថា ភាពមិនប្រក្រតីនេះ គឺទាក់ទងនឹងហ្សែនតំណពូជ ដូច្នេះវាជាជំងឺក៏កម្របំផុត “នេះគឺជាការផ្សំហ្សែន (genetic predisposition) ពីឪពុក ពូជីដូន ឬបងប្អូនជីដូនរបស់ខ្ញុំ ។ ជាការពិតណាស់ឪពុករបស់ខ្ញុំ មានជំងឺបែបនេះ ប៉ុន្តែបងប្អូនប្រុសស្រីរបស់គាត់ផ្សេងទៀត គឺមិនមានទេ ហើយជំងឺនេះវាបែរជាបញ្ជូនមកដល់ខ្ញុំ ចំណែកបងស្រីរបស់ខ្ញុំវិញ គឺល្អគ្រប់យ៉ាង ខ្ញុំគិតថាឱកាសនៃការឆ្លងជំងឺនេះ គឺមានឱកាស ៥០/៥០ តែទោះជាយ៉ាងណា បើអ្នកសួរខ្ញុំថា តើខ្ញុំដឹងច្បាស់អំពីជំងឺនេះទេ? អត់ទេ! ខ្ញុំមិនសូវជាដឹងច្រើនអំពីវាទេ” ៕

Leave a Reply

Your email address will not be published. Required fields are marked *