សត្វឃ្មុំមួយហ្វូងធំប្រុងធ្វើសំបុកនៅលើយន្ដហោះ បង្កជាការភ្ញាក់ផ្អើលនៅអាកាសយានដ្ឋាន…(មានវីដេអូ)

កាសែត Times of India បានចុះផ្សាយនៅថ្ងៃទី ៣ ខែធ្នូ អំពីយន្តហោះចំនួនពីរគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Vistara ត្រូវធ្វើបានខកដំណើរ ដោយសារតែសត្វឃ្មុំមួយហ្វូងធំ បានតោងយ៉ាងស្អិតនៅលើផ្ទៃខាងក្រៅនៃយន្ដហោះ ដែលចុះចតនៅអាកាសយានដ្ឋាន Kolkata នៅរដ្ឋ Bengal ភាគខាងលិចនៃប្រទេសនេះ នៅថ្ងៃទី ២៩ ខែវិច្ឆិកា។

យន្ដហោះដំបូងបានចុះចតនៅអាកាសយានដ្ឋាន Kolkata មួយថ្ងៃមុនពេលកើតហេតុ ដោយចតចោលនៅទីនោះមួយយប់ ។ លុះនៅថ្ងៃបន្ទាប់ក៏មានសត្វឃ្មុំមួយហ្វូងធំ បានមកតោងជាប់ផ្នែកខាងក្រៅនៃយន្តហោះ ដែលក្រុមអាកាសយានិកបានរកឃើញ មុនពេលអ្នកដំណើរឡើងលើយន្តហោះ។ បន្ទាប់មកក្រុមបុគ្គលិកអាកាសយានដ្ឋាន បាននាំយករថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹកសម្ពាធខ្ពស់ដើម្បីដេញសត្វឃ្មុំ និងបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងតំបន់ជុំវិញនោះ ។

ចំណែកជើងហោះហើរដែលគ្រោងនឹងទៅដល់ទីក្រុងញូវដេលីត្រូវពន្យាអស់រយៈពេល ១ ម៉ោង។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ថា “ក្នុងរយៈពេលមិនប៉ុន្មាននាទី សត្វឃ្មុំមួយហ្វូងធំនេះបានព័ទ្ធជុំវិញផ្នែកខាងក្រៅនៃតួយន្តហោះ ហាក់ដូចជាត្រៀមធ្វើសំបុក ដូច្នេះពួកយើងចាំបាច់ត្រូវបាញ់ទឹកសម្ពាធខ្ពស់ ដើម្បីដេញសត្វឃ្មុំមួយហ្វូងនេះចេញ និងចំណាយពេលអស់ ៣០ នាទី ។ ជើងហោះហើរត្រូវចេញដំណើរនៅម៉ោង ៦:៣០ នាទី ដែលពីដំបូងត្រូវចេញតំណើរនៅម៉ោង ៥:៣០ នាទី។

លុះ ១៦ ម៉ោងក្រោយមក យន្តហោះគ្រឿងទី ២ របស់ក្រុមហ៊ុនអាកាសចរណ៍មួយ បានចុះចតនៅអាកាសយានដ្ឋានតែមួយ ក៏បានប្រឈមមុខនឹងហេតុការណ៍ស្រដៀងគ្នានេះម្តងទៀត ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *