បុរស២នាក់លក់ចង្កៀងអាឡាដាំងឲ្យវេជ្ជបណ្ឌិតតម្លៃរាប់ម៉ឺនរាប់ម៉ឺនដុល្លារ​ ចុងក្រោយត្រូវចាប់ខ្លួន!

ឥណ្ឌា៖ កាសែត Straits Times បានរាយការណ៍នៅថ្ងៃទី ២ ខែវិច្ឆិកាស្តីអំពី ករណីបោកបន្លំដ៏ចម្លែកនៅក្នុងរដ្ឋអ៊ូតាប្រាដេស ភាគខាងជើងនៃប្រទេសឥណ្ឌា នៅពេលប៉ូលីសបានចាប់ខ្លួនបុរសពីរនាក់ដែលសង្ស័យថា បានលក់ចង្កៀងវេទមន្តក្នុងតម្លៃ ៧ លានរូពី ឬប្រហែលជាជិត ១០ ម៉ឺនដុល្លារទៅឱ្យវេជ្ជបណ្ឌិតម្នាក់ បន្ទាប់ពីលោកបានធ្វើការប្តឹងប៉ូលីសកាលពីសប្តាហ៍មុន ក្រោយពីបានរកឃើញថា ចង្កៀងវេទមន្តដែលគាត់បានទិញមកនោះមិនមែនជារបស់របស់វេទមន្តទេ ។

លោកវេជ្ជបណ្ឌិតដែលជាជនរងគ្រោះបានផ្តល់សក្ខីកម្មប្រាប់ប៉ូលីសថា ជនសង្ស័យបានអះអាងប្រាប់ថាខ្លួនជាបុរសវេទមន្ត ហើយពួកគេបង្កើតយក្សសក្កិសិទ្ធ ឬហៅថា Gini ចេញពីចង្កៀងទិព្វបាន ប៉ុន្តែនៅពេលដែលគាត់ (ជនរងគ្រោះ) ស្នើសុំជួប Gini មុននឹងទិញសិន ក៏ត្រូវបានពួកជនឆបោកច្រានចោលដោយហេតុផលថាវាអាចមានគ្រោះថ្នាក់ ។

រហូតដល់ទីបញ្ចប់គាត់បានសម្រេចចិត្តទិញចង្កៀងវេទមន្តព្រោះគាត់ជឿជាក់ថា វានឹងនាំមកនូវសំណាងល្អ ទ្រព្យសម្បត្តិ និងសុខភាពល្អ ប៉ុន្តែក្រោយមកលោកក៏បានដឹងពិតថា Gini ដែលបានឃើញនោះ គឺជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យដែលកំពុងបន្លំខ្លួននោះឯង ៕

Leave a Reply

Your email address will not be published. Required fields are marked *