រំភើបណាស់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា៣.៥លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា៣.៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «នគរទេព» ដែលនឹងប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា «ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីពេទ្យ នគរទេព ដើម្បីព្យាបាលបងប្អូនកើតជំងឺកូវីដ១៩ ចំនួន ៣.៥លានដុល្លារ (បីលានប្រាំសែនដុល្លារ)។ ខ្ញុំមិនអាចរស់នៅតែឯងខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំនេះជាពេលយើងត្រូវសាមគ្គីគ្នា»។

រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងបទសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមីនានេះ បានប្រកាសពីការទិញមន្ទីរពេទ្យស្ត្រី «នគរទេព» ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ មកជាមន្ទីរពេទ្យរដ្ឋ ដោយប្តូរឈ្មោះថា «ហ្លួងម៉ែ»។ មន្ទីរពេទ្យនេះ បច្ចុប្បន្នកំពុងដាក់បម្រើការព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ៕

 

ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *