អស្ចារ្យមែន! រមណីយដ្ឋាន​បណ្តុំ​ចម្លាក់​ដី​នៅ​ទីតាំង​ថ្មី​ធំ​ជាង​មុន​នៅ​ខេត្តសៀមរាប

ក្រុង​សៀមរាប៖ ប្រសិន​បើ​លែង​មាន​ការ​រីក​រាលដាល​ដោយ​ជំងឺ​ឆ្លង​កូវីដ ១៩ ឬ​ស្ថានភាព​មាន​សុវត្ថិភាព​សម្រាប់​ការ​ចូល​ទស្សនា​នោះ ភ្ញៀវ​ទេសចរ​ពិត​ជា​អាច​នឹង​មាន​ឱកាស​ចូល​ថតរូប​សែលហ្វ៊ី​តាម​ចិត្ត​ចង់​មិន​ខាន​ឡើយ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​កែច្នៃ ១ កន្លែង ​ជា​បណ្តុំ​សិល្បៈ​ចម្លាក់​ដី​មាន​វិសាលភាព​លើ​ផ្ទៃ​ដី​សហគមន៍​ទំហំ ៥ ហិកតា​ឯណោះ ស្ថិត​នៅ​ភូមិ​គោក​តឹង ឃុំ​ចាន់ស ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។

បណ្តុំ​រូបភាព​ចម្លាក់​ដោយ​ការ​ជីក​ដី ១ កន្លែង ​មាន​ទម្រង់​ជា​បន្ទប់​គេង​មាន​គ្រែ​គេង តុ កៅអី ឧទ្យាន​មាន​កំពែង​បែប​បុរាណ សំណង់​ប្រាសាទ​ដី​ និង​រូប​ចម្លាក់​ផ្សេងៗ​ទៀត ត្រូវ​បាន​ក្រុម​ការងារ​បង្កើត​វីដេអូ​ប្លែកៗ​មាន​ឈ្មោះ Channel ថា Leurt Wilderness និង Building Technology ទើប​រក​បាន​កន្លែង​ថ្មី និង​កំពុង​តែ​បង្កើត​ក្បាច់​ចម្លាក់​ជីកដី​នោះ​បាន​ចំនួន ១២-១៣ កន្លែង​កម្សាន្ត​ហើយ នៅ​លើ​ផ្ទៃដី​មួយ​ភាគ​ប្រមាណ ១ ហិកតា ​តែ​ដោយសារ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ មិន​ទាន់​ធូរស្បើយ​នោះ ទើប​មិន​ទាន់​អនុញ្ញាត​ឱ្យ​ទេសចរ​ចូល​ទស្សនា​នាពេល​នេះ​ឡើយ។

លោក ពាញ សេដ្ឋា ដែល​ពី​មុន​មាន​មុខ​របរ​ជា​គ្រូ​បង្រៀន ហើយ​ក៏​ដូរ​មក​ជា​អ្នក​រចនា និង​ដឹកនាំ​កែច្នៃ បង្កើត​វីដេអូ (Video Creator) បង្ហោះ​តាម Channel ទាំង ២ ខាង​លើ​បាន​បង្ហើប​ថា៖ «កុំ​តែ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ មិន​ទាន់​បាន​ស្បើយ​នោះ កន្លែង​កម្សាន្ត​ជា​បណ្តុំ​ចម្លាក់​ជីក​ដី ដែល​បច្ចុប្បន្ន​យើង​បាន​ធ្វើ​រួច​រាល់​សម្រាប់​គម្រោង​ដំបូង​នៅ​លើ​ផ្ទៃដី ១ ហិកតា មាន ១២-១៣ កន្លែង សម្រាប់​កម្សាន្ត​នោះ​នឹង​បើក​ឱ្យ​បងប្អូន​ខ្មែរ ឬ​ទេសចរ​នានា ចូល​ទស្សនា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​បណ្តើរៗ​មិន​ខាន​ឡើយ។

តែ​ស្ថានភាព​ពេល​នេះ យើង​ត្រូវ​ចូលរួម​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ទាំង​អស់​គ្នា​សិន ហើយ​នៅ​ពេល​ស្ថានភាព​បាន​ល្អ​ប្រសើរ និង​ទទួលបាន​ការ​អនុញ្ញាត​ពី​ខាង​អាជ្ញាធរ​នោះ យើង​នឹង​បើក​ជូន​ទៅ​ដល់​បងប្អូន​ខ្មែរ ឬទេ​សចរ​ចូល​ទស្សនា​ភ្លាម»។

គួរ​រំឭក​ផង​ដែរ​ថា ក្រុម​បង្កើត​វីដេអូ​ប្លែកៗ ជាមួយ Channel ឈ្មោះថា Leurt Wilderness (ផ្ទះ​ដី​លឿត) នេះ មាន​គម្រោង​ភាគ​ច្រើន​ជា​ប្រភេទ​វីដេអូ​បង្ហាញ​ពី​ការ​សង់​លំនៅឋាន​របស់​សត្វ ដោយ​ក្រុម​មនុស្ស​ព្រៃ ឬ​មនុស្ស​បុរាណ តាមរយៈ​ Channel ២ ផ្សេង​គ្នា​ដែល​លោក ពាញ សេដ្ឋា បាន​បញ្ជាក់​ថា មាន ២ គឺ Channel ធំ​មាន​ឈ្មោះ Building Technology ដែល​មាន​ស្នាដៃ​ចំនួន​ជាង ៧០ វីដេអូ និង Channel តូច​ឈ្មោះ​ថា Leurt Wilderness មាន​ចំនួន​ជាង ៣០ វីដេអូ។

ចំណែក​ឯ​ការ​បង្កើត​នូវ​ភាព​ល្បីល្បាញ​នៃ​គម្រោង​ចម្លាក់​ជីកដី នៅ​ក្នុង​ខេត្ត​សៀមរាប​របស់​លោក ពេញ សេដ្ឋា ជាមួយ​នឹង​ប្អូនថ្លៃ​ប្រុស​លោក តាន់ ម៉ូលី ជា​អ្នក​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​បាន​បង្កើត​អស់​ពេល​ជិត ៤ ឆ្នាំ​មក​ហើយ​ផង​ដែរ៕

ប្រភពអត្ថបទ៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

Your email address will not be published. Required fields are marked *