មិនធម្មតាទេ! ក្នុងភូមិតំបន់នេះ មានយន្តហោះជិះផ្ទាល់ខ្លួនគ្រប់ផ្ទះ ទុកធ្វើដំណើរជំនួសរថយន្ត (មានវីដេអូ)

ប្រសិនបងប្អូនប្រិយមិត្ត ចូលទៅដល់ភូមិមួយ ហើយឃើញថា លំនៅស្ថានទាំងអស់មានសុទ្ធតែរថយន្តទំនើបៗចតព្រោងព្រាត យើងនិងមានមានអារម្មណ៍ថាពិតជាអស្ចារ្យខ្លាំងណាស់ ប៉ុន្តែតើវានឹងកាន់តែអស្ចារ្យយ៉ាងណា បើយើងចូលក្នុងភូមិដែលគ្រប់ផ្ទះមានចតសុទ្ធតែ “យន្ដហោះ” ។

សូមស្វាគមន៍ សុភាពនារី និងសុភាពបុរស ចូលមកកាន់ភូមិតូចមួយ នារដ្ឋកាលីហ្វ័រញ៉ា   ដែលត្រូវបានសាងសង់ឡើង ជាពិសេសសម្រាប់អាកាសយានិករស់នៅ ។សុំរៀបរាប់ក្រៅសាច់រឿងបន្តិច ព្រោះបន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានចប់ទៅ សហរដ្ឋអាមេរិកនៅមាន ព្រលានយន្តហោះតូចៗមួយចំនួនធំនៅសេសសល់នៅឡើយ ដូច្នេះក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យនៅក្នុងភូមិ ក៏រៀបចំគម្រោងសាងសង់សហគមន៍ដ៏ពិសេសមួយឡើងមក សម្រាប់អាកាសយានិកចូលនិវត្តន៍រស់នៅ ។

ហើយមួយក្នុងចំណោមនោះ គឺជាភូមិដែលយើងកំពុងលើកយកមកនិយាយនេះឯង វាមានឈ្មោះថា Cameron Airpark Estate វាមានទីតាំងស្ថិតនៅជាប់នឹងអាកាសយានដ្ឋានតូចមួយហៅថា Cameron Airpark នោះឯង ។

ចំណុចពិសេសនៃភូមិនេះ វាមានផ្លូវមួយដែលផ្សាភ្ជាប់ទៅនឹង ផ្លូវព្រលានយន្តហោះ ហើយលំនៅស្ថាននីមួយៗ មានសុទ្ធតែយន្តហោះខ្នាតតូច នឹងរោងចតយន្តហោះរាងៗខ្លួន ។

អាចនិយាយបានថា ប្រសិនបើអ្នកណាម្នាក់ចង់ធ្វើដំណើរឆ្ងាយបន្តិច ពួកគេអាចបើកបរយន្ដហោះចេញពីផ្ទះសំដៅកាន់ផ្លូវរត់ (Runway) ហើយហោះហើរបន្តភ្លាមៗទៅអាកាសយានដ្ឋានមួយទៀតបានតែម្តង ដោយមិនចាំបាច់បើកបររថយន្តនាំតែខាតពេលវេលាទេ ។

ដូច្នេះប្រសិនបើបងប្អូន បានឃើញផ្លូវក្នុងភូមិនេះមានទំហំធំទូលាយជាពិសេស ចូលកុំភ្ញាក់ផ្អើល ព្រោះថានោះគឺជាផ្លូវសម្រាប់យន្តហោះផ្ទាល់ខ្លួននោះឯង ។

ក្នុងនោះក៏មានព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតបានឲ្យដឹងថា ព្រលានយន្តហោះក្នុងភូមិបែបនេះ មានចំនួនតែ ៦៣០ កន្លែងនៅជុំវិញពិភពលោក ដោយនៅសហរដ្ឋអាមេរិកមានរហូតទៅ ៦១០ កន្លែងឯណោះ ។

ចំណែកឯមូលហេតុដែលធ្វើឲ្យភូមិនេះ បានក្លាយចំណុចចាប់អារម្មណ៍ខ្លាំងនោះ ក៏ព្រោះតែមានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ម្នាក់ បានបង្ហោះវីដេអូឃ្លីបបង្ហាញឲ្យមហាជនបានឃើញ ។ ភ្លាមៗនោះ ឃ្លីបវីដេអូក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតមានអ្នកចូលមើលច្រើនជាង ៥ លានដង និងមានការចូលចិត្តជិត ៩០០,០០០ ឯណោះ ៕

សូមទស្សនាវីដេអូខាងក្រោម៖

@thesoulfamilyHave you seen a neighborhood like this? #aviation #airplane #airport #takeoff #hanger♬ Steven Universe – L.Dre


ប្រភព: BoredPanda, thesoulfamily

ប្រភពពី sakkarach

Leave a Reply

Your email address will not be published. Required fields are marked *