ករណីប្លន់សម្លាប់នៅខណ្ឌច្បារអំពៅ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបំបែកសំណុំរឿងបានហើយ!
ភ្នំពេញ៖ ក្រោយបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់រួចមក ទីបំផុត ជនសង្ស័យដៃដល់ និងអ្នករួមគំនិតអាកសម្លាប់បុរសម្នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នៅស្រុកគីរីវង់ ខេត្តតាកែវ ទីដែលជនដៃដល់កំពុងរត់គេចខ្លួន នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
ប្រតិបត្តិការនោះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នគរបាលជំនាញ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ភេទប្រុស ចាប់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ នៅមុខមណ្ឌលសុខភាព ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ចាប់ខ្លួនបាននៅស្រុងគិរីវង់ ខេត្តតាកែវ។
ក្រុមជនសង្ស័យ បានសារភាពថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថ្ងៃកើតហេតុពួកគេបានរៀបគម្រោង និងបបួលជនរងគ្រោះទៅហូបអីជុំគ្នានៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី ក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន មិនបានប៉ុន្មានក្រុមជនសង្ស័យបានហៅជនរងគ្រោះទៅក្រៅម្ដងទៀត ទៅម្ដុំផ្លូវជាតិលេខ១ លុះដល់ចំណុចងងឹត ក៏បានធ្វើសកម្មភាពតែម្ដង។ ក្រោយពីធ្វេីសកម្មភាពរួច ជនសង្ស័យទាំង ២នាក់ បានចែកសម្ភារគ្នា ដោយឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកជិញ្ជៀនមាស និងខ្សែករ ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំឯកសារប្រគល់ជនសង្ស័យ និងវត្ថុតាងឱ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមនីតិវិធី និងត្រៀមបញ្ជូនជនសង្ស័យទៅតុលាការ៕
ដោយ៖ ឌីយ៉ាម៉ង
ប្រភពពី CNC