ព្រះនាងតូច នរោត្តម ជេនណា បញ្ជាក់ពីស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីអតីតសង្ឃ កក្កដា សុភ័ណ្ឌ «វិជ្ជមានកូវីដ-១៩» ធ្លាប់ទៅលេងព្រះនាងដល់ព្រះរាជដំណាក់!

(ភ្នំពេញ)៖ បន្ទាប់ពីអតីតសង្ឃ កក្កដា សុភ័ណ្ឌ ប្រកាសថាខ្លួនមាន «វិជ្ជមានកូវីដ-១៩» មានមហាជនជាច្រើនបង្ហាញការព្រួយបារម្ភ ព្រោះលោកបានទៅកំសាន្តក៏ដូចជាដើរហើរជាច្រើនកន្លែង ជាពិសេសធ្លាប់មានរូបភាព ទៅលែងដល់ព្រះដំណាក់ របស់ព្រះនាងតូច នរោត្តម ជេនណា ផងដែរ។ ប្រការនេះ បានធ្វើឲ្យមហាជនជាច្រើនកាន់តែមានការព្រួយបារម្ភចំពោះសុខភាពរបស់ព្រះនាង។

 

 

ឆ្លើយតបនឹងការព្រួយបារម្ភនេះ ព្រះនាងតូច នរោត្តម ជេនណា បានសរសេថាតាមបណ្តាញសង្គម នៅមុននេះបន្តិចថា «សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ ដែលព្រួយបារម្ភអំពីខ្ញុំ ក្រោយពីមានការផុសផ្សាយថា លោក កក្តដា សោភ័ណ បានជួបខ្ញុំ។ ខ្ញុំចង់ជម្រាបថា រូបនេះ ថតជិតមួយឆ្នាំមកហេីយ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់ មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ»។

ព្រះនាងតូចបានមានបន្ទូលបន្តថា «ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី សុខភាពខ្ញុំ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បេីគ្មានការចាំបាច់នោះទេ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។ខ្ញុំ និងក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បេីយឡេីងវិញ ហេីយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយេីង»។

ព្រះនាងមានបន្ទូលបន្ថែមថា «ជាមួយគ្នាខ្ញុំ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា សូមជួយថែរក្សាការពារប្រជាជនខ្មែរ ក៏ដូចជាប្រទ សកម្ពុជាទាំងមូលបានជៀសផុតពីជំងឺកូវីដ១៩នេះ អោយបានឆាប់ៗបំផុត»។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *