បុរសម្នាក់រស់នៅខណ្ឌបឹងកេងកង កើតជំងឺកូវីដ១៩ បានទៅចូលរួមពិធីមង្គលការ នៅស្រុកឈូក ខេត្តកំពត!

(ភ្នំពេញ)៖ តាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមីនាបង្ហាញឃើញថា បុរសអាយុ២៣ឆ្នាំ ជាអ្នករស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មានវិជ្ជមានជំងឺកូវីដ១៩។

អ្វីដែលកំពុងធ្វើឱ្យមានការបារម្ភខ្លាំងនោះ គឺបុរសរូបនេះបានទៅចូលរួមពិធីមង្គលការមួយនៅភូមិតំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនោះបានទៅយកសំណាកពិនិត្យរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។ ក្រោយពីយកសំណាករួចហើយបុរសរូបនេះមិនបាននៅធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះទេ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង លុះពេលត្រឡប់មកវិញ មានអ្នករួមដំណើរចំនួន៦នាក់។

ព័ត៌មាននេះទើបផ្អើលឆោរឡោនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះទៅផ្ទះរបស់គេ បែរជាមិនឃើញរូបគេហើយ ត្រូវបានក្រុមគ្រួសារបញ្ជាក់ថាទៅចូលរួមពិធីមង្គលការ។

របាយការណ៍របស់សមត្ថកិច្ចបានរៀបរាប់ទៀតថា ក្រោយពីបានរកឃើញបុរសរូបនោះ ក្រុមគ្រូពេទ្យបាននាំបុរសកើតជំងឺកូវីដ១៩នេះ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។ ចំណែកអ្នករួមដំណើរ ០៥នាក់ (ប្រុស) យកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ៕

Leave a Reply

Your email address will not be published. Required fields are marked *