ការអនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson របស់អាមេរិក, WHO នឹងណែនាំឲ្យប្រទេសទន់ខ្សោយ ប្រើប្រាស់វាយ៉ាងឆាប់រហ័ស!

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson រួចហើយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយជាកិច្ចបន្ទាប់ WHO នឹងណែនាំយ៉ាងឆាប់រហ័សឲ្យបណ្តាប្រទេស ដែលមានភាពទន់ខ្សោយក្នុងការត្រួតពិនិត្យឱសថ អាចប្រើប្រាស់វ៉ាក់សាំង ដែលតម្រូវឲ្យចាក់តែ ១ដូសនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

នេះជាវ៉ាក់សាំងតម្រូវឲ្យចាក់តែ ១ដូស ដំបូងគេបំផុតដែលទទួលបានការអនុម័ត ឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ទៅក្នុងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ហើយប្រទេសទាំងអស់នឹងអាចប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នៅពេលដំណើរការពាក់ព័ន្ធនានា ត្រូវបានរៀបចំរួចរាល់។ ដោយឡែកសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារឱសថ (EMA) របស់ខ្លួន ក៏បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះរួចមកហើយដែរ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

នាយក WHO លោក ថេដ្រូស អាដាណម បានលើកឡើងថា «រាល់អាវុធដែលថ្មី ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងនឹង COVID-19 គឺជាការបោះជំហានបន្ថែមទៀត ទៅរកការគ្រប់គ្រងជំងឺរាតត្បាតសកលនេះ។ ការចុះបញ្ជីឲ្យប្រើប្រាស់បន្ទាន់ គឺជាពន្លឺភ្លើងសម្រាប់វ៉ាក់សាំងមួយ ដែលត្រូវទទួលបានដាក់ទៅក្នុងកម្មវិធី COVAX»

បើតាមលោក ថេដ្រូស អាដាណម ក្រុមជំនាញអង្គការ WHO នឹងបើកកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីដំបូន្មានដែលនឹងត្រូវផ្តល់ សម្រាប់ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson។ WHO ក៏បានប្រកាសស្វាគមន៍ចំពោះការអភិវឌ្ឍវ៉ាក់សាំងបង្ការ COVID-19 ដែលជាប្រភេទតម្រូវឲ្យចាក់តែមួយដូស ដូចខាងលើនេះផងដែរ ព្រោះវាអាចជួយសម្រួលបានច្រើន ដល់កម្មវិធីចាក់វ៉ាក់សាំងទូទាំងពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *