សិស្ស ១៤នាក់ ត្រូវធ្វើចត្តាឡីស័ក ក្រោយឪពុកម្ដាយ ៨គ្រួសារចេញអាការដូចកូវីដ ក្រោយត្រឡប់ពីភ្នំពេញ!
តាមលិខិតស្នើសុំរបស់ប្រធានការិយាល័យអប់រំ ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើសំណើសុំអនុញ្ញាត ធ្វើចត្តាឡីស័ក សិស្សានុសិស្សចំនួន ១៤នាក់ នៅជាមួយគ្រួសារ រយៈពេល ១៤ ថ្ងៃ។
នៅក្នុងលិខិតនោះ លោក សួន ធី ប្រធានការិយាល័យអប់រំស្រុកសំឡូត បានបញ្ជាក់ប្រាប់លោកអភិបាល នៃគណៈអភិបាលស្រុកសំឡូត ថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានគ្រួសារ និងអ្នកអាណាព្យាបាលសិស្ស ចំនួន ៨ គ្រួសារបានធ្វើ ដំណើរមកពីរាជធានីភ្នំពេញ ដោយមានអាការៈខុសប្រក្រតី និងកំដៅ លើសពីធម្មតា។
ក្នុងនោះមាន ៧ គ្រួសារបានចូល នៅក្នុងភូមិអន្លង់ពួក ឃុំតាសាញ និង ១ គ្រួសារ នៅក្នុងភូមិស្រែជីពៅ ឃុំមានជ័យ។ ពួកគាត់ មានកូនក្មួយចំនួន១៤នាក់ ត្រូវចូលរៀនតាមគ្រឹះស្ថានសិក្សាចំនួន ៣ ដូចជា៖ វិទ្យាល័យ សំឡូត ចំនួន ៤នាក់ អនុវិទ្យាល័យមានជ័យចំនួន ១ នាក់ និងសាលាបឋមសិក្សាតាសាញចំនួន ៥នាក់ ៕
អត្ថបទ៖ MC Chandarareth
ប្រភពពី news sabay