វិធីធ្វើទឹកប្រហុកសាច់គោអាំងពិសេស!

គ្រឿងផ្សំ៖

-សាច់គោជាប់ខ្លាញ់តិចៗ ១គីឡូក្រាម

-ម្សៅស៊ុប ១ស្លាបព្រាបាយ

-ប្រេងខ្យង ៣ស្លាបព្រាបាយ

-ប័រ ៥ស្លាបព្រាបាយ

សម្រាប់ទឹកប្រហុក៖

-ប្រហុកសាច់ ២ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់

-ស្លឹកក្រូចសើច ៥-១០សន្លឹក ហាន់តូចៗ

-រំដេង ៣០ក្រាម ហាន់ចំនិតស្តើងៗ

-ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ

-ស្ករស ១ស្លាបព្រាបាយ

-ទឹក ២កូនចានចង្កឹះ

 

-សណ្តែកដីលីង បុកឲ្យម៉ត់ល្មម

-គល់ស្លឹកគ្រៃ ម្ទេស ហាន់តូចៗល្មម និងក្រូចឆ្មារ (តាមចំណងចំណូលចិត្ត)

 

-បន្លែផ្ទាប់មាន ការ៉ុត ត្រសក់ ចេកខ្ចី ត្រយ៉ូងចេក… (តាមចំណងចំណូលចិត្ត)

វិធីធ្វើ៖

១. យកសាច់គោ ប្រឡាក់ជាមួយប័រ ម្សៅស៊ុប និងប្រេងខ្យង ច្របល់ចូលគ្នាឲ្យសព្វជាមួយសាច់ រួចទុកចោលប្រហែល ១៥នាទី ដើម្បីឲ្យវាចូលជាតិល្អ

 

២. យកឆ្នាំងល្មមដាក់ទឹក ចូលទុកឲ្យពុះ រួចដាក់ប្រហុកចិញ្រ្ចាំ ចូលកូរឲ្យសព្វ ហើយដាក់ខ្ទឹមសចិញ្រ្ចាំ ស្លឹកក្រូចសើច រំដេង និងស្ករស ចូលកូរឲ្យសព្វចូលគ្នា ទុកឲ្យពុះ

 

៣. យកសាច់គោដែលលាយគ្រឿងហើយអាំង ពេលឆ្អិនហើយយកមកហាន់ជាបន្ទះល្មមតាមចំណងចំណូលចិត្ត រួចពេលដែលញ៉ាំទឹកប្រហុក ដាក់លាយបន្ថែមជាមួយគល់ស្លឹកគ្រៃ ម្ទេស សណ្តែកដី និងច្របាច់ក្រូចឆ្មារចូលបន្តិច (តាមចំណងចំណូលចិត្ត) ផ្ទាប់ជាមួយបន្លែ ឆ្ងាញ់អស់ទាស់។

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *