ពិតជាអស្ចារ្យណាស់! ដូនតាខ្មែរ មានកែវយឹតប្រើ មុនអ្នកវិទ្យាសាស្ត្រអឺរ៉ុបទៅទៀត…(មានវីដេអូ)
បុរសជនជាតិឥណ្ឌាម្នាក់ដែលជាម្ចាស់ទំព័រ Facebook ឈ្មោះ Praveen Mohan ដែលតែងតែបង្ហោះវីដេអូធ្វើការវិភាគស៊ីជម្រៅលើប្រាង្គប្រាសាទកម្ពុជា កាលពីថ្មីៗកន្លងទៅនេះ រូបគេបានចេញមកវិភាគសិលាចារឹកមួយនៃប្រាសាទអង្គរវត្ត ដែលជាភ័ស្ដុតាងមួយអាចបញ្ជាក់ឲ្យគ្រប់គ្នាបានដឹងថាដូនតាបុព្វបុរសខ្មែរ មានឧបករណ៍កែវយឹតប្រើជាយូរលង់ណាស់មកហើយ។
Praveen បានចាប់ផ្ដើមរៀបរាប់អំពីតួអង្គម្នាក់ៗនៅលើផ្ទាំងសិលាចារឹកនៃប្រាសាទអង្គរវត្តដែលខ្លួនបានសិក្សាយ៉ាងល្អិតល្អន់ជាមួយក្រុមការងាររបស់ខ្លួន។ នៅលើសិលាចារឹកគេអាចឃើញច្បាស់មុនគេនោះគឺដំរីក្បាលបីដែលខ្មែរយើងហៅថាដំរីដំរីព្ធរ៉ាវ័ន្ធ ដែលវាជាយានជំនិះរបស់ព្រះឥន្ទ្រ។ នៅលើក្បាលដំរីនេះគេឃើញមានបុរសម្នាក់គឺជាទ្រមាក់ដំរី ដែលមានឧបករណ៍មួយអាចបញ្ជាដំរី។ នៅក្បែរនោះគឺជាព្រះឥន្ទ្រដែលឈរនៅលើខ្លួនរបស់ដំរី ដែលក្នុងព្រះហស្ដរបស់ព្រះឥន្ទ្រគេឃើញមានកាន់ផ្កា។
គេបន្តសង្កេតឃើញថាកន្ទុយរបស់ដំរីក្បាលបីគឺបាសឡើងលើដែលបញ្ជាក់ថាដំរីនោះគឺកំពុងតែរត់បោះពួយយ៉ាងលឿន។ នេះគឺមានន័យថាព្រះឥន្ទ្រកំពុងសំដៅទៅកាន់ទីតាំងណាមួយក្នុងល្បឿនយ៉ាងលឿន ហើយក៏ឃើញមានទ័ពនៅតាមពីក្រោយផងដែរ។ ប៉ុន្តែសំនួរគឺថាពួកគេឆ្ពោះទៅណា?
នៅក្បែរនោះគេអាចមើលឃើញតួអង្គដ៏អាថ៌កំបាំងមួយដែលទម្រង់មុខបានរងការខូចខាតយ៉ាងដំណំ។ តួអង្គនេះគឺមានទម្រង់ច្រមុះរាងស្រួចប្រៀបដូចជាសត្វចាបអ៊ីចឹង ហើយដងខ្លួនវិញមិនមានទ្រង់ទ្រាយដូចជាមនុស្សនោះទេ ហើយនៅលើជើងឃើញមានជារោមផងដែរ។ គេជឿជាក់ថាតួអង្គនេះគឺជាសត្វគ្រុឌ ដែលជាយានជំនិះរបស់ព្រះវិស្ណុ។ នៅលើស្មារបស់សត្វគ្រុឌនេះដែរ គេអាចឃើញថាមានជើងមួយគូ ដែលជាជើងរបស់ព្រះវិស្ណុផ្ទាល់តែម្ដង។ នៅក្នុងដៃរបស់ព្រះវិស្ណុគឺកាន់របស់ម្យ៉ាង ហើយទ្រង់កំពុងព្យាយាមហោះចេញ ខណៈពេលដែលព្រះឥន្ទ្រកំពុងតែដេញតាមពីក្រោយ។
រឿងរ៉ាវនៃផ្ទាំងសិលាចារឹកនេះ បើតាមគម្ពីរសាសនាហិណ្ឌូបានរៀបរាប់ថា ព្រះវិស្ណុ បានដណ្ដើមយកដើមវេទមន្តឈ្មោះថា Parijatha ពីព្រះឥន្ទ្រ ហើយព្រះឥន្ទ្រដែលមានសេសសល់តែផ្កា Parijatha នៅក្នុងដៃ ក៏បានដេញតាមព្រះវិស្ណុ ដើម្បីដណ្ដើមយកដើមមកវិញ ដែលការដេញតាមគឺបានកើតឡើងនៅលើមេឃ។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺនៅផ្នែកខាងក្រោមគេបង្អស់នៃសិលាចារឹក។ ក្នុងរូបភាពខាងក្រោម គេឃើញថាតួអង្គមួយនេះគឺកំពុងតែប្រើប្រាស់នូវកែវយឹត។ គេអាចដឹងថាវាកែវយឹតដោយសារពេលប្រើប្រាស់ តួអង្គមួយនេះបានបិទភ្នែកម្ខាង ហើយឧបករណ៍នេះត្រូវបានដាក់ចំពីលើភ្នែកតែម្ដង។ កែវយឹតនេះដែរ គឺប្រើប្រាស់ដើម្បីស្វែងរកព្រះវិស្ណុ ដែលកំពុងតែបោះពួយយ៉ាងលឿនលើមេឃ ដើម្បីប្រាប់ពីទីតាំងព្រះវិស្ណុដល់ក្រុមរបស់ខ្លួន។
ត្រង់ផ្នែកនេះគឺមានន័យថាដូនតាបុព្វបុរសខ្មែរដែលបានឆ្លាក់សិលាចារឹកមួយផ្ទាំងនេះឡើងតាំងពីរាប់រយឆ្នាំមុន គឺបានដឹងអំពីកែវយឹតនេះ គឺច្បាស់ជាបានប្រើប្រាស់កែវយឹត និងដឹងអំពីវិធីក្នុងការប្រើប្រាស់វា។ វាអាចជាការវិភាគមួយដែលធ្វើឲ្យប្រវត្តិសាស្ត្រមានការប្រែប្រួល ដោយសារផ្អែកតាមសៀវភៅប្រវត្តិសាស្ត្រ កែវយឹតបានបង្កើតឡើងនៅអឺរ៉ុបកាលពី ៤០០ឆ្នាំមុន។ ប៉ុន្តែសិលាចារឹកមួយនេះបង្ហាញថាបុព្វបុរសខ្មែរបានប្រើប្រាស់កែវយឹតយ៉ាងហោចណាស់គឺតាំងពី ៩០០ឆ្នាំមុនមកម្ល៉េះ។
ការវិភាគរបស់ Praveen Mohan អាចនឹងមានអ្នកចេញមុខច្រានចោលថាវាជារឿងមិនត្រឹមត្រូវ ដោយអាចមានអ្នកនិយាយថាតួអង្គខាងលើគឺកាន់ឧបករណ៍តន្ត្រី ដែលរូបគេផ្លុំវា។ យ៉ាងណាក្ដីឧបករណ៍នោះគឺដាក់នៅលើភ្នែកមិនមែននៅលើមាត់នោះទេ ហើយមើលលើជ្រុងនៃឧបករណ៍គឺត្រូវគ្នានឹងជ្រុងរបស់ព្រះវិស្ណុបំផុត៕