ចំពោះបងប្អូនមានក្ដីស្រមៃចង់បើកកសិដ្ឋានចិញ្ចឹមសត្វ១ខ្លួនឯង តែលុយស្ទើរ!

ប្រាកដណាស់ថា ពិតជាមានបងប្អូនមួយចំនួនដែលបំពុងតែមានបំណងបើកសិដ្ឋានចិញ្ចឹមសត្វ តែពួកគាត់មិនមានដើមទុនគ្រប់គ្រាន់ក្នុងការបើក។ ជាក់ស្តែងប្រសិនបើបងប្អូនមានគន្លឹះទាំងបីនេះ ទោះជាបងប្អូនមិនមានថវិកាក៏បងប្អូនអាចបើកកសិដ្ឋានបានដែរ។ ខាងក្រោមនេះជាផ្លូវ ៣ ដែលអាចជួយបងប្អូនឲ្យបើកកសិដ្ឋានក្នុងក្តីស្រមៃបាន៖

១. ត្រូវពង្រឹងជំនាញឲ្យច្បាស់

ច្បាស់ណាស់ថា ទោះបីជាបងប្អូនមិនមានថវិការក្នុងការបើកកសិដ្ឋានមួយដោយខ្លួនឯង តែហោចណាស់ក៏បងប្អូនត្រូវមានថវិកាមួយចំនួនតូចសម្រាប់យកទៅសិក្សារ ស្វែងយល់នៅជំនាញដែលបងប្អូនចង់បើកអាជីវកម្មនោះឲ្យបានច្បាស់។ ការដែលយើងមានជំនាញមួយដែលច្បាស់នៅក្នុងខ្លួន គឺប្រៀបដូចជាមានអាវុធនៅក្នុងខ្លួនអញ្ចឹង យើងនិងមិនខ្លាចក្នុងការនិយាយប្រាប់គេថាយើងចេះឡើយ។ ហើយអ្វីដែលសំខាន់នោះគឺ កាលណាបងប្អូនចេះជំនាញណាមួយដែលច្បាស់ហើយ ទោះបីបងប្អូនមិនទាន់អាចបើកកសិដ្ឋានបាន ប៉ុន្តែបងប្អូនក៏អាចយកចំណេះដឹងនោះទៅបង្រៀនអ្នកដែលមិនទាន់ចេះ ហើយអាចរកចំណូលបានយ៉ាងងាយ។

២. ធ្វើផែនការអាជីវកម្ម

និយាយដល់ការធ្វើផែនការអាជីវកម្ម បងប្អូនដែលមានបំណងបើកអាជីវកម្ម ឬបើកកសិដ្ឋានប្រាកដជាដឹង។ ផែនការអាជីវកម្ម ជារឿងដ៏សំខាន់មួយសម្រាប់បងប្អូនដែលមានបំណងបើកអាជីវកម្ម ត្រូវចេះរៀបចំ ចងក្រងជាឯកសារឲ្យបានច្បាស់លាស់ និងលំអិត អំពីជំហាននីមួយៗ ក៏ដូចជាការធ្វើអាជីវកម្មរបស់យើង ដើម្បីងាយស្រួលក្នុងការដែលយើងស្វែងរកវិនិយោគិន មកបោះទុនរកស៊ីជាមួយ។ ព្រោះថាបើបងប្អូនដើរប្រាប់គេថា យើងចេះនេះ ចេះនោះ ដោយមិនមានការរៀបចំចងក្រងឯកសារឲ្យបានច្បាស់លាស់ គឺពុំមាននរណាគេជឿទុកចិត្តលើយើងនោះទេ។

៣. ស្វែងរកវិនិយោគិន

ស្វែងរកវិនិយោគិន ឬក៏អាចនិយាយបានថាស្វែងរកអ្នកវិនិយោគដើម្បីផ្តល់ថវិកាក្នុងការបើកអាជីវកម្មជាមួយយើង។ ការស្វែងរកវិនិយោគិន ជារឿងមួយដែលពិបាកសម្រាប់បងប្អូនព្រោះថា វិនិយោគិនមួយៗមុននិងគេហានដាក់ដើមទុនរកស៊ីជាមួយយើង គឺគេត្រូវមានជំនឿចិត្តសិនថាយើងចេះច្បាស់ ហើយអាចធ្វើអាជីវកម្មមួយនេះបាន។ ហើយអ្វីដែលយើងអាចទាក់ទាញចិត្តឲ្យគេមកវិនិយោគជាមួយយើងបាននោះគឺ ដំបូងបងប្អូនត្រូវមានផែនការអាជីវកម្មឲ្យបានច្បាស់លាស់ ហើយបងប្អូនត្រូវចេះធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មដែលយើងបានធ្វើ និយាយយ៉ាងណាធ្វើយ៉ាងម៉េចឲ្យគេជឿទុកចិត្តថាយើងអាចធ្វើបាន ទើបគេហានវិនិយោគជាមួយ។

គួរបញ្ជាក់ផងដែរថា គន្លឹះ ៣ ដែលបានរៀបរាប់មកខាងលើ ជាការណែនាំ និងការបង្ហាញផ្លូវឲ្យបងប្អូនដែលមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន តែមិនមានថវិការគ្រប់គ្រាន់បានដឹង​ នឹងកុំមានការបាក់ទឹកចិត្ត។ អ្នកមានលុយហើយមិនដឹងធ្វើអីនៅស្រុកខ្មែរមានច្រើនណាស់ ឲ្យតែបងប្អូនមានជំនាញច្បាស់លាស់ នឹងមានចិត្តស្រឡាញ់លើអាជីវកម្មរបស់យើងពិតប្រាកដ និងមិនខ្វះអ្នកដែលចង់វិនិយោគជាមួយយើងទេ៕

អត្ថបទដោយ៖ មឿន គន្ធា
ប្រភពពី​ business cambodia

Leave a Reply

Your email address will not be published. Required fields are marked *