ពូកែណាស់! ដាំប្រទាលកន្ទុយក្រពើសោះ ស្រ្តីខ្មែររូបនេះរកចំណូលបានពី១ពាន់$ដល់៤ពាន់$/ខែ

ប្រទាលកន្ទុលក្រពើជាដំណាំមួយប្រភេទដែលមានប្រយោជន៍ គេអាចយកប្រទាលនេះទៅកែច្នៃដូចជា ភេសជ្ជៈ នឹងគ្រឿងសម្អាងជាដើម។ ដោយឡែកយើងសង្កេតឃើញថានៅកម្ពុជាយើងមិនសូវមានប្រជាកសិករដាំប្រទាលនេះទេ ព្រោះពួកគាត់គិតថាប្រទាលនេះគ្មានទីផ្សារ និងគ្មានតម្លៃ។ តែផ្ទុយទៅវិញ ស្រ្តីដែលជាកសិករខ្មែររូបនេះ បានដាំប្រទាលកន្ទុយក្រពើជារបររកចំណូលសម្រាប់គ្រួសារ ហើយបច្ចុប្បន្នគាត់កំពុងតែកាក់កាប់នឹងអាជីវកម្មមួយនេះខ្លាំងណាស់។

ជាក់ស្តែង អ្នកស្រី ទូច ស្រីរ័ត្ន ជាកសិករដាំប្រទាលកន្ទុយក្រពើ ដែលមានគណនីហ្វេសប៊ុសឈ្មោះថា «ម៉ាអឿមលក់ប្រទាលកន្ទុយក្រពើពូជមកពីប្រទេសជប៉ុន» គាត់រស់នៅភូមិខ្នា ឃុំជ្រាវ ស្រុកសៀមរាម ខេត្តសៀមរាប។ តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា គាត់បានដាំប្រទាលកន្ទុយក្រពើនេះអស់រយៈពេល ៥ ឆ្នាំមកហើយ ដោយដំបូងឡើយគាត់យកពូជប្រទាលកន្ទុយក្រពើមកពីផ្ទះបងប្អូននៅប្រទេសជប៉ុន យកមកដាំ។

ស្រ្តីរូបនេះបាននិយាយថា “ពីដំបូងខ្ញុំមិនដែលគិតថានឹងដាំប្រទាលនេះធ្វើជារបររកស៊ីទេ ប៉ុន្តែបន្ទាប់ពីខ្ញុំដាំបានមួយឆ្នាំ ប្រទាលដុះបានកូនច្រើន ខ្ញុំក៏បំបែកដាំកាន់តែច្រើន ហើយក្រោយមកមានខាងក្រុមហ៊ុន សណ្ឋាគារ នឹងអាជីវករផ្សេងៗមកសុំចែកទិញដើម្បីយកទៅលក់បន្ត”។ កសិកររូបនេះបានបន្តទៀតថា​ បច្ចុប្បន្នគាត់ដាំប្រទាលកន្ទុយក្រពើនេះជាលក្ខណៈគ្រួសារនៅឡើយទេ ដែលក្នុងមួយខែគាត់មានលទ្ធភាពអាចផ្គត់ផ្គង់កូនបានប្រហែល ៥០០០ ដើម។

អ្នកស្រី ទូច ស្រីរ័ត្ន បានបញ្ជាក់ទៀតថា ប្រទាលកន្ទុយក្រពើដែលគាត់លក់រាល់ថ្ងៃគឺលក់ច្រើនប្រភេទដូចជា លក់កូនធម្មតា បណ្តុះដាក់ផើង និងលក់ជាធាងជាដើម។ ក្នុងនោះដែរ​ កូនប្រទាលកន្ទុយក្រពើពូជធម្មតា គាត់លក់ក្នុងតម្លៃ ៤០០០ រៀលក្នុងមួយដើម កូនដែលបណ្តុះដាក់ក្នុងផើងហើយ គាត់លក់បានចាប់ពី ១៥​ ដល់ ២០ ដុល្លាក្នុងមួយផើង ចំណែកឯធាងវិញគាត់លក់ ១ គីឡូ ៥០០០ រៀល។ ចំពោះប្រាក់ចំណូលដែលគាត់រកបានវិញគឺក្នុងមួយខែយ៉ាងហោចណាស់ក៏ទទួលបាន ១០០០ ដុល្លាដែរ ហើយបើខែណាដែលមានភ្ញៀវកម៉្មង់ច្រើន​ អាចរកបាន ៤០០០ ដុល្លាឯណោះក្នុងមួយខែ។

គួរបញ្ជាក់ផងដែរថា​ កសិកររូបនេះមានគម្រោងពង្រីកផ្ទៃដីដាំប្រទាលកន្ទុយក្រពើរបស់គាត់ឲ្យបានដល់ ១០ ហិកតាទៀត តែពេលនេះគាត់កំពុងតែស្វែងរកដៃគូរក៏ដូចជាក្រុមហ៊ុនផ្សេងៗដើម្បីសហការចែកចាយក្នុងស្រុកក៏ជានាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។ បើបងប្អូន ក៏ដូចជាខាងក្រុមហ៊ុនដែលមានបំណងចង់ទិញប្រទាលកន្ទុយក្រពើ បងប្អូនអាចទាក់ទងទៅបងស្រីស្រីរ័ត្ន តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា «ម៉ាអឿមលក់ប្រទាលកន្ទុយក្រពើពូជមកពីប្រទេសជប៉ុន» ឬក៏តាមទូរសព្ទលេខ​ ០១២ ៨៩០ ០៨៥ ៕

ប្រភព៖bussiness-cambodia

Leave a Reply

Your email address will not be published. Required fields are marked *