កាយវិការកីឡាករបាល់ទាត់ខេត្តរតនគិរីម្នាក់នេះ កំពុងតែអង្រួនបេះដូងអ្នកស្នេហាវិស័យកីឡា!
ត្បូងឃ្មុំ៖ កីឡាបាល់ទាត់ ត្រូវបានបង្កើតឡើងដើម្បីសុខភាព មិត្តភាព និងចំណងសាមគ្គីរវាងគ្នានិងគ្នាទៅវិញទៅមក។ យ៉ាងណាក្តី បាល់ទាត់មិនថាតែជាការប្រកួតអាជីព ឬការប្រកួតបែបមិត្តភាពឡើយ
គឺពិតជាចៀសមិនផុតពីការប៉ះទង្គិចពាក្យសម្តី ឬកាយវិការរវាងគ្នាទៅវិញទៅមកដោយចៀសមិនផុត។ ប៉ុន្តែបញ្ហានេះពិតជាមិនធ្ងន់ធ្ងរឡើយ ប្រសិនបើកីឡាករទាំងសងខាងចេះសម្របសម្រួល និងមានស្មារតីចេះយោគយល់អធ្យាស្រ័យគ្នា។
ជាក់ស្តែង រឿងដែលគួរឱ្យចាប់អារម្មណ៍ និងមានមហាជនកោតសរសើរយ៉ាងខ្លាំងនោះ គឺពាក់ព័ន្ធនឹងកាយវិការនៅលើទីលានរបស់កីឡាករខេត្តរតនគិរីមួយរូប ក្នុងពេលប៉ះទង្គិចដោយអចេតនា អំឡុងការប្រកួតទល់នឹងខេត្តត្បូងឃ្មុំ នាការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។
បើតាមវីដេអូខ្លីមួយ ដែលបានបង្ហោះនៅលើគណនីរបស់បងប្រុស Ung Chamroeun បានបង្ហាញថា កំឡុងការប្រកួតនៅនាទីទី៦៦ ដែលខេត្តត្បូងឃ្មុំបាននាំមុខទៅលើខេត្តរតនគិរី ១-០ ស្រាប់តែពេលនោះកីឡាករពាក់លេខ ១៣
របស់ខេត្តរតនគិរីម្នាក់ បានប៉ះទង្គិចទៅលើកីឡាករលេខ ២៣ របស់ខេត្តត្បូងឃ្មុំ។ កីឡាករលេខ ១៣ របស់ខេត្តរតនគិរីបានចូលទៅមើលកីឡាករដែលប៉ះទង្គិចជាមួយខ្លួន ប៉ុន្តែកីឡាកររបស់ខេត្តត្បូងឃ្មុំម្នាក់ទៀត បានដើរចូលមកមើលមិត្តរួមក្រុមរបស់ខ្លូន។
ភ្លាមៗនោះដោយមានការខឹងសម្បារ ក៏បានយកដៃច្រានទៅលើកីឡាករលេខ ១៣ របស់ខេត្តរតនគិរី។ តែកីឡាកររបស់ខេត្តរតនគិរីមិនបានតបតឡើយ ថែមទាំងបានលើកដៃសំពះសុំទោសទៅកាន់កីឡាករខេត្តត្បូងឃ្មុំ ដែលពិតជាកាយវិការល្អនៅលើទីលាន និងគួរឱ្យកោតសរសើរពិតមែន៕
ប្រភពពី khmerload