កូនខ្មែររស់នៅអូស្ត្រាលី មកលេងកម្ពុជា តែ២សប្តាហ៍ ផលិតបានរឿងមួយ ឈ្នះពានអន្តរជាតិពីសហរដ្ឋអាមេរិក…(មានវីដេអូ)
ស្នាដៃរឿងខ្លី I am Angkor Wat, Cambodia Wonderland និង រឿងឯកសារខ្លី “អ្នករត់ធុកធុក” ឈ្នះពានអន្តរជាតិពីសហរដ្ឋអាមេរិក រដ្ឋ Los Angeles ក្នុងកម្មវិធីមហោស្រពភាពយន្តអាស៊ី និង មហោស្រព One Realer film Competition កាលពីដើមឆ្នាំ ២០២០ នេះ។
ការណ៍ដែលពិសេស ភាពយន្តទាំង ៣ ចំណងជើងជាស្នាដៃផលិត ដឹកនាំសម្ដែង និងកាត់ត ដោយលោក ធីម ប៉ិក ផលិតករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការជាអ្នក Motion Graphic Desginer ក្នុងប្រទេសអូស្រ្តាលី។ លោក ធីម ប៉ិក ក៏បានប្រាប់បន្ថែមថា ស្នាដៃផលិតរបស់លោក រៀបចំឡើងក្នុងប្រទេសកម្ពុជា ក្នុងកំឡុងពេលវិស្សមកាល ២ សប្តាហ៍របស់ខ្លួន។
ផលិតករខ្មែររូបនេះ បន្តថា ៖ “ខ្ញុំមិនដែលគិតរំពឹងមុនថានឹងបានឈ្នះរង្វាន់តំណាងស្រុកខ្មែរអីទេ ការដែលផលិតភាពយន្តខ្លីក្នុងស្រុកខ្មែរ គឺព្រោះខ្ញុំនឹកស្រុកខ្មែរ ហើយចង់ផលិតរូបភាពទាំងទុកជាឯកសារសម្រាប់កូនខ្មែរ ក្នុងនិងក្រៅប្រទេសបានទស្សនា ចង់ចាំទឹកដីខ្មែរ និងស្វែងយល់ថាអ្វីជាខ្មែរយើង”។
ចាកចេញពីកម្ពុជាតាំងពីឆ្នាំ ១៩៨៤ និងបានរស់នៅជំរំខៅអីដាង រហូតដល់ឆ្នាំ ១៩៨៨ ទើបរូបលោកមានឱកាសរស់នៅក្នុងប្រទេសទី ៣ គឺប្រទេសអូស្រ្តាលីមកដល់បច្ចុប្បន្ន។ លោកធីម ប៉ិកក៏ធ្លាប់ជាយុវជនកំព្រា រូបលោកមិនដែលធ្លាប់គិតបោះបង់ការសិក្សាហើយក៏បន្តជំនាញផ្នែក Graphic Design និង Motion Picture រហូតក្លាយខ្លួនជាអ្នកជំនាញផ្នែក កែព័ណ៌ និងការផលិតរូបភាព VFX ហើយបន្តជីវភាពយ៉ាងល្អជាពលរដ្ឋខ្មែរអូស្រ្តាលី។
ទោះជាយ៉ាងណាក្ដី លោកធីម ប៉ិក នៅតែនឹករលឹកដល់ស្រុកកំណើត និងស្រលាញ់វប្បធម៌ប្រពៃណី និងចង់បន្តការពារឈាមជ័រជាខ្មែរ ថែមទាំងព្យាយាមផលិតកែច្នៃ ប្រើប្រាស់ជំនាញដែលខ្លួនមានដើម្បីជួយផ្សព្វផ្សាយពីកម្ពុជា ដែលរូបលោកពិតជាមានមោទកភាពក្រៃលែង។
លោក ធីម ប៉ិក បន្តថា៖ «ខ្ញុំគិតភាពយន្តនាំឱ្យប្រទេសយើងមានការរីកចម្រើនជឿនលឿន ព្រោះជួយឱ្យពិភពលោកស្គាល់ខ្មែរ តាមរយៈសារក្នុងភាពយន្តកាន់តែប្រសើរ”។ ផលិតករដ៏មានស្នាដៃរូបនេះ លើកឡើងថា វិស័យភាពយន្តក្នុងប្រទេសកម្ពុជាពិតជាត្រូវការការសហការណ៍ពីគ្រប់មជ្ឃដ្ឋាន ពិសេសផលិត និងផលិតភាពយន្ត ត្រូវតែចេះជួយគ្នា រួបរួមគ្នាផលិត ទើបគុណភាពកាន់តែប្រសើរ ចំណេះដឹងកាន់តែរីកសាយ និងកាន់តែផលិតស្នាដៃកាន់តែល្អ អាចឈានដល់ទីផ្សារអន្តរជាតិបាន។
“ភាពយន្តដែលល្អ មិនប្រាកដថា យើងត្រូវមានឧបករណ៍ល្អ ចាយលុយច្រើនទេ តែវាត្រូវការអត្ថបទរឿងល្អ មានភាពច្នៃប្រឌិត និងរក្សាភាពដើមរបស់ខ្លួន ទើបការផលិតអាចទទួលបានជោគជ័យមានការគាំទ្រទូទៅ” លោក ធីម ប៉ិក បន្ថែម។បច្ចុប្បន្ន លោក ធីម ប៉ិក
កំពុងរស់នៅទីក្រុង Malborne ប្រទេសអូស្រ្តាលី ហើយរូបលោកតែងទទួលកិត្តិយលពីផលិតករ ភាពយន្តក្នុងស្រុកឱ្យជួយ កែព៌ណ៍ភាពយន្ត និងកាត់តផ្សេងៗ រូបលោកក៏ទើបតែមកប្រទេសកម្ពុជា ក្នុងខែមករា ឆ្នាំ ២០២០ ដើម្បីថតយកភាពយន្តឯកសារ និងវីដេអូជាច្រើនគម្រោងទៀតក្នុងប្រទេសកម្ពុជា ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក៕
ប្រភព៖ sunnywrt