រូបភាពដ៏កម្រនឹងបានឃើញ៖ រូបភាពតំបន់ប្រាសាទអង្គរវត្ត សម័យដើមដែលមានមនុស្សតិចណាស់បានឃើញ

ទស្សនាកម្រងរូបភាព របស់ប្រាសាទអង្គរវត្ត ដែលយើងទាំងអស់គ្នាកម្របានឃើញ ទាក់ទងប្រាសាទបុរាណខ្មែរ ជួយស៊ែរមួយ១ ទុកជាឯកសារ ។ «​អង្គរ​» គឺជា​ពាក្យ​ដែល​គេ​សំដៅ​ហៅ​ឈ្មោះ អតីត​រាជធានី​ខ្មែរ​យើង ដែល​ចាប់​កសាង​ឡើង​ដំបូង​ដោយ​ព្រះបាទ​យ​សោ​វរ្ម័ន (​គ្រឹ​ស្ត​សករាជ ៨៨៩-៩០០) ។ ទីក្រុង​អង្គរ (​ឬ​យ​សោ​ធរ​បុ​រ​)

ដែល​កសាង​ឡើង​ជំនាន់​នោះ គឺ​មាន​កំពែង​ដី​ព័ទ្ធ​ជុំវិញ (​សព្វថ្ងៃ​នៅ​សល់​ស្នាម​ខ្លះ​នៅ​ទិស​ខាងត្បូង និង​ខាងលិច​) ហើយ​ដែល​មាន​ភ្នំ​បាខែង (​កម្ពស់​ប្រហែល​​៦០​ម៉ែត្រ​) នៅ​ចំ​កណ្តាល (​ក្នុង​សិលាចារឹក​ហៅ​ថា ភ្នំ​កណ្តាល​) សម្រាប់​តម្កល់​លិង្គ​យ​សោ​ធ​រេ​ស្វរ (​គ្រឹ​ស្ត​សករាជ​៨៩៣) ។

អង្គរ​នេះ​ជា​ពាក្យ​ក្លា​យមក​ពី​ពាក្យ​សំស្ក្រឹត ដែល​មាន​ន័យ​ថា ៖ អង្គរ = ស្តេច + នគរ = ទីក្រុង (​ក្រោយមក​ពាក្យ​នគរ​នេះ យើង​ប្រើ​ស្មើនឹង​ពាក្យ​ប្រទេស​) គឺ​ទីក្រុង​ដែល​ស្តេច​គង់នៅ (​រាជធានី​) ។ ស្តេច​សោយរាជ្យ ក្រោយ​ៗ​មក​បាន​សង់​ប្រាសាទ ឬ​ព្រះ​បរមរាជវាំង នៅ​ម្តុំ ជិត​ៗ​នេះ ហើយ​គេ​ហៅ​ម្តុំ​នេះ​ថា ជា​តំបន់​អង្គរ ។ ប៉ុន្តែ​បើ​គេ​និយាយ​ថា សម័យ​អង្គរ​វិញ គឺ​គេ​មិន​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន​មក​ទេ តែ​គេ​ចាប់​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (​គ្រឹ​ស្ត​សករាជ ៨០២-៨៥០) មក​វិញ​ទេ​។

រីឯ​ចុងបញ្ចប់​នៃ​សម័យ​អង្គរ មាន​ប្រវត្តិវិទូ​ខ្លះ គេ​កំណត់​យក​ត្រឹម​រជ្ជកាល​ព្រះបាទ​ជ័យ​វ​ម៌ា​ទិ​បរមេ​ស្វរ (១៣២៧-​?​) ព្រោះ​ជា​ស្តេច​ចុង​ក្រោយ​ដែល​នៅ​កាន់​ព្រហ្មញ្ញសាសនា ហើយ​នៅមាន​​កសាង​​ប្រាសាទ ឬ​សិលាចារឹក ។ ប្រវត្តិវិទូ​ខ្លះ​ទៀត កំណត់​យក​ចុងបញ្ចប់​នៃ​សម័យ​អង្គរ​នេះ​នៅ​រជ្ជកាល​ព្រះបាទ​បរម​រាជា​ពញា​យា​៉​ត (១៣៩៣-១៤៦៣) ពិសេស​គឺ​គេ​កំណត់​យក​គ្រឹ​ស្ត​សករាជ​១៤៣១ ដែល​ជា​ឆ្នាំ​ដែល​ស្តេច​អង្គ​នេះ​សម្រេច​ចាកចោល​រាជធានី​អង្គរ ទៅ​តាំង​រាជធានី​នៅ​ទួល​បា​សាន រួច​ទៅ​តាំងនៅ​ក្រុងភ្នំពេញ​វិញ ។

ដូច្នេះ​ការ​កំណត់​សម័យ​អង្គរ​នេះ គេ​បាន​ឯកភាព​គ្នា​យក​កាលបរិច្ឆេទ​ខាង​ដើម​ដូច​គ្នា តែ​ខាង​ចុង​សម័យនេះ​ខ្លះ​យក​ពាក់កណ្តាល​សតវត្ស​ទី​១៤ ខ្លះ​ឱ្យ​យក​ដល់​គ្រឹ​ស្ត​សករាជ​១៤៣១ (​សតវត្ស​ទី​១៥) ។ ចំពោះ​ប្រាសាទ​នៅ​តំបន់​អង្គរ​នេះ ប្រាសាទដែល​ល្បីល្បាញ​ជាងគេ គឺ​ប្រាសាទអង្គរវត្ត(​ពាក្យ​សាមញ្ញ​គេ​ហៅ​ថា អង្គរតូច​) និង​អង្គរធំ(​ក្នុង​បរិវេណ​នៃ​អង្គរធំ​នេះ នៅ​មាន​ប្រាសាទ​ជាច្រើន​ទៀត​) ។ តែ​នៅ​ក្នុង​អត្ថបទ​នេះ យើង​លើកតែ​ប្រាសាទអង្គរវត្ត​មក​បង្ហាញ​ជូន​ប៉ុណ្ណោះ ។ ហេតុ​អ្វី​បានជា​មាន​ពាក្យ​«​វត្ត​»​នៅ​ពីក្រោយ​ពាក្យ​«​អង្គរ​ទៀត​» ?

តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា ក្រោយ​ការ​បោះបង់​រាជធានី​អង្គរ​នេះ​មក ព្រះរាជា​សោយរាជ្យ ក្រោយ​ៗ​មក​ទៀត បាន​កសាង​វត្ត​អារាម​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​(​នៅ​សតវត្ស​ទី​១៦ មាន​វត្ត​ពីរ​បាន​កសាង​ឡើង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​) ។ នៅ​សតវត្ស​ទី​១៧​និង​១៨ ស្តេច មន្ត្រី ប្រជាជន​បាន​កសាង​ព្រះពុទ្ធ​បដិមា​ពី​ឈើ ពី​ថ្ម យក​ទៅ​តម្កល់​នៅ​ប្រាសាទ​នេះ រហូត​ទាល់តែ​មានឈ្មោះ​ត្រង់​កន្លែង​តម្កល់​ព្រះពុទ្ធ​បដិមា​ក្នុង​ប្រាសាទ​នេះ​ថា «​ព្រះ​ពាន់​» ទៀត​ផង ។ ហេតុ​ដូច្នេះ​ហើយ​បានជា​មាន​ពាក្យ «​វត្ត​» មក​ភ្ជាប់ពាក្យ «​អង្គរ​» ពី​ខាងក្រោយ​ទៅ​ជា «​អង្គរវត្ត​» រហូត​មក​ដល់​សព្វថ្ងៃ ។

ប្រាសាទអង្គរវត្ត​មាន​ទី​តាំងនៅ​ភាគ​ខាងត្បូង​នៃ​តំបន់​អង្គរ ។ ប្រាសាទ​នេះ​បាន​ត្រូវ​សាង​ឡើង​នៅ​ក្នុង​អំឡុង​ពាក់កណ្តាល​ទី​១ នៃ​គ្រឹ​ស្ត​សតវត្ស​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (១១១៣-១១៥០) នៅ​លើ​ផ្ទៃដី​ជិត​២០០​ហិ​កតា (​គិត​ទាំង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​នេះ​ផង​) ។ ជនជាតិ​អឺរ៉ុប​ដែល​បាន​មក​ឃើញ​ប្រាសាទ​នេះ​មុនគេ គឺ​ពួក​ព័រ​ទុ​យ​ហ្គា​ល់ ។ ពួក​នេះ​ថែម​ទាំង​បាន​កត់​ត្រាទុក​ក្នុង​វា​សិ​ក​ប្រវត្តិ​ពី​ព្រឹត្តិការណ៍ ដែល​ទាក់ទង​ដល់​ប្រាសាទ​នេះ​ទៀត​ផង ។

ដូច​ជា​ឌី​យើ​ុ​ហ្គោ ដូ គូ​តូ គាត់​បាន​កត់​ត្រាទុក​ពី​ការ​រក​ឃើញ​ប្រាសាទ​នេះ និង​ប្រាសាទ​នៅ​តំបន់​អង្គរ​នា​ឆ្នាំ​១៥៥០​ឬ​១៥៥១ ដោយ​ព្រះបាទ​អង្គ​ច័ន្ទ​ទី​១ (១៥១៦-១៥៦៦) នៅ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ដំណើរ​កម្សាន្ត​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ ។ លោក​ហ្សូ​អាវ ដូ​ស សង់​តូ​ស បាន​កត់​ត្រាទុក​ពី​ការ​ធ្វើ​ផ្លូវ​ទៅ​កាន់​អង្គរ​ដោយ​បញ្ជា​របស់​ព្រះបាទ​ស​ត្ថា​រ​ទី​១ (១៥៧៦-១៥៩៤) ហើយ​ស្តេច​អង្គ​នេះ​បាន​មក​គង់នៅ​អង្គរ​នេះ​មួយ​រយៈពេល ។ ក្រោយមក​ពួក​ផ្សាយ​សាសនា​ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្បា​៉​ញ​ជា​ច្រើន​ទៀត​បាន​ធ្វើ​ដំណើរ​មក​កាន់​អង្គរ​នេះ ហើយ​បាន​កត់ត្រា​ទុក​ដោយ​ពិពណ៌នា​អំពី​ទីក្រុង​អង្គរ និង​ប្រាសាទអង្គរវត្ត​នេះ​ទៀត​ផង ។

នៅ​ដើម​សតវត្ស​ទី​១៨ ជនជាតិ​ជប៉ុន​ម្នាក់​បាន​មក​ដល់​កម្ពុជា ហើយ​បាន​គូរ​ប្លង់​ប្រាសាទអង្គរវត្ត​នៅ​គ្រឹ​ស្ត​សករាជ​១៧១៥ ។ ក្រោយមក​សង្ឃ​កាតូលិក​បារាំង​ឈ្មោះ សឺ វ្រឺ​ស ដែល​បាន​មក​ដល់​កម្ពុជា​ទស្សនា​ប្រាសាទអង្គរវត្ត​នេះ​បាន​សរសេរ​អត្ថបទ​មួយ​នា​ឆ្នាំ​១៧៦៨ ដោយ​លើក​អំពី​ភាព​រុងរឿង ល្បីល្បាញ​នៃ​ប្រាសាទអង្គរវត្ត ។ ប៉ុន្តែ​នៅ​អឺរ៉ុប​គេ​នៅ​តែ​ពុំ​សូវ​ស្គាល់​អង្គរ​ទេ ទោះបីជា​មានការ​កត់ត្រា​របស់​អ្នក​ផ្សាយ​សាសនា​ជា​ច្រើន និង​ជា​បន្តបន្ទាប់​យា​៉​ង​នេះ​ក្តី ព្រោះ​ការ​កត់ត្រា​ទាំងនោះ​ពុំ​បាន​ផ្សព្វផ្សាយ​ទូលាយ​ទេ ហើយ​ស្ថិត​នៅ​តែ​ក្នុង​ទី​តម្កល់​ឯកសារ​ប៉ុណ្ណោះ ។ ទាល់តែ​មក​ដល់​ឆ្នាំ​១៨៥៨ លោក​ប៊ូ​យ៉ឺ​វ៉ូ បាន​ចេញផ្សាយ​នូវ​បទ​ពិពណ៌នា​ពី​អង្គរ តែ​គាត់​គ្រាន់តែ​ឱ្យ​គេ​ដឹង​ពី​អត្ថិភាព​នៃ​រាជធានី​ដែល​គេ​បោះបង់​ចោល​ប៉ុណ្ណោះ ដោយ​គាត់​មិន​បាន​លើក​ពី​សោភ័ណ​ភាព​នៃ​ប្រាសាទ​ទាំងឡាយ​នៅ​អង្គរ​នេះ​ឡើយ ។

នៅ​អឺរ៉ុប​ក៏​ដូច​ជា​សាកលលោក​ទាំងមូល គេ​ចាប់​ស្គាល់​ជា​ទូទៅ និង​ច្បាស់លាស់​អំពី​ប្រាសាទអង្គរវត្ត​នេះ​ពី​ឆ្នាំ​១៨៦៣​មក គឺ​បន្ទាប់​ពី​ធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ បាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ មក​រា ១៨៦១ ហើយ​គាត់​បាន​ចុះ​ផ្សាយ​ពី​ប្រាសាទ​នេះ​ក្នុង​ទស្សនាវដ្តី តួ ឌុ​យ ម៉ុង នា​ឆ្នាំ​១៨៦៣​មក ។ ការ​សិក្សា​ពី​ប្រាសាទអង្គរវត្ត​ក៏​ចាប់ផ្តើម​ពី​ពេល​នោះ​មក ។ នៅ​ឆ្នាំ​១៨៩៨ បារាំង​បាន​បង្កើត​ក្រុម​បេសកកម្ម​អចិន្ត្រៃយ៍​មួយ​នៅ​ឥណ្ឌូចិន ដែល​ក្រោយមក​បាន​ក្លាយទៅជា​វិជ្ជា​ស្ថាន​ស្រាវជ្រាវ​ពី​ចុង​បូព៌​៌ា​របស់​បារាំង ហើយ​បាន​សិក្សា​ស្រាវជ្រាវ​យ៉ា​ង​ទូលំទូលាយ​អំពី​អតីត​រាជាណាចក្រ និង​អតីត​រាជធានី​ខ្មែរ​នេះ​។

នៅ​ឆ្នាំ​១៩០៨ គឺ​មួយ​ឆ្នាំ​ក្រោយ​ដែល​សៀម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​មក​ខ្មែរ​វិញ​នោះ ក្រសួង​អភិរក្ស​អង្គរ​ក៏​បាន​បង្កើត​ឡើង ហើយ​ការ​ចាប់ផ្តើម​រៀបចំ​ជួសជុល​សម្អាត​ប្រាសាទអង្គរវត្ត​ឡើង​វិញ​ក៏​ចាប់​ដំណើរការ និង​ថែរក្សា​តាំងពី​នោះ​រហូត​មក ។ ចាប់ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៩ ការ​ថែរក្សា​ប្រាសាទ​អង្គរ​នេះ​ក៏​ត្រូវ​កាត់​ផ្តាច់​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ។ បច្ចុប្បន្ន​ដោយ​មាន​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​ជា​មិត្ត ការ​រៀបចំ​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ​ក៏​បាន​ដំណើរការ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *