កូនខ្មែរតិចណាស់ ពុំបានដឹង!!!បឹងទន្លេសាបក្នុងប្រទេសកម្ពុជា គឺជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍
បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម២ និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីកវិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។
កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុងប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែលរដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំណើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមានកំណើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាមគំហែងធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។
ដៃបឹងទន្លេសាបមានដូចជា÷ ដៃបឹងទន្លេសាបខាងឆ្វេងមាន÷ ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក ស្ទឹងសៀមរាប មានប្រភពមកពីភ្នំគូលែន ស្ទឹងរលួស ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន ដែលមានប្រវែង ៤៥០គ.ម។
ដៃបឹងទន្លេសាបខាងស្ដាំមាន÷ ស្ទឹងសេរីសោភ័ណ្ឌ ស្ទឹងមង្គលបូរី ស្ទឹងសង្កែ ស្ទឹងមោង(ស្ទឹងដូនតី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិសាត់ ស្ទឹងបូរិបូណ៍ ។
ប្រភព៖km.wikipedia