ប្លែក! ជប៉ុន ទើបដំឡើងបន្ទប់ទឹកសាធារណៈដ៏ប្រណិត តែប្រើជញ្ជាំងសុទ្ធតែកញ្ចក់…(មានវីដេអូ)
ជប៉ុន៖ ជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ហើយមនុស្សភាគច្រើនតែងតែឱ្យតម្លៃ និងកោតសរសើរជាតិសាសន៍មួយនេះ ព្រោះតែពួកគេមានសុជីវធម៌ល្អ និងពោរពេញទៅដោយគុណធម៌។ បើនិយាយដល់ផ្នែកបច្ចេកវិទ្យាវិញ ប្រទេសនៅអាស៊ីមួយនេះ តែងតែបង្កើតអ្វីថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ខុសប្លែកពីគេផងដែរ។
ជាក់ស្ដែងថ្មីៗនេះ ជប៉ុនទើបដាក់ដំណើរការបន្ទប់ទឹកសាធារណៈបច្ចេកវិទ្យាចុងក្រោយ នៅឯឧទ្យានពីរកន្លែង ក្នុងទីក្រុងតូក្យូ។ បន្ទប់ទឹកថ្មីនោះ បានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាម៉្យាង ដែលគេឲ្យឈ្មោះថា «កញ្ចក់ឆ្លាត» ព្រោះជញ្ជាំរបស់វានឹងប្រែពណ៌ទៅជាស្រអាប់ នៅពេលទ្វារចាក់សោ។
ស្ថាបត្យករដែលឈ្នះពានរង្វាន់ Shigeru Ban និងជាផ្នែកមួយនៃគម្រោង បាននិយាយថា៖មានរឿងពីរ ដែលយើងព្រួយបារម្ភនៅពេលចូលបន្ទប់ទឹកសាធារណៈ ជាពិសេសគឺមានទីតាំងក្នុងឧទ្យានតែម្ដង។ ទីមួយ គឺភាពស្អាត និងទីពីរ គឺថាតើមានអ្នកនៅខាងក្នុងឬអត់។
ដូចច្នេះ បច្ចេកវិទ្យាថ្មី ពិតជាជួយសម្រួលដល់អ្នកប្រើប្រាស់ ហើយលើសពីនេះ នៅពេលរាត្រីពន្លឺរបស់វានឹងបំភ្លឺដល់ឧទ្យាន ប្រៀបបាននឹងអំពូលភ្លើងដ៏ស្រស់ស្អាតអីចឹងដែរ។
គួរបញ្ជាក់ថា បន្ទប់ទឹកកញ្ចក់នេះ បានរចនាឡើងដោយអ្នកច្នៃប្រឌិតឈានមុខចំនួន១៦នាក់ ដោយប្រើការរចនាកម្រិតខ្ពស់ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋអាចចូលប្រើប្រាស់បានគ្រប់គ្នា ដោយមិនគិតពីភេទ អាយុ ឬពិការភាពនោះទេ។ ហើយនៅនិទាឃរដូវខាងមុននេះ គេក៏មានគម្រោងដំឡើងថែមទៀត នៅទូទាំងសង្កាត់នោះផងដែរ៕