មុខរបរជញ្ជូនស៊ីម៉ងត៍ឡើងកំពូលភ្នំ ១ជើង២ម៉ឺន និង១ថ្ងៃបានតែ២ជើង ឃើញហើយហត់ជំនួស…(មានវីដេអូ)
នេះអាចនិយាយបានថា ជារឿងដ៏កម្សត់ជូរចត់ខ្លាំងណាស់ និងឃើញហើយស្ទើរតែស្រក់ទឹកភ្នែក ចំពោះប្អូនប្រុសៗទាំងនេះ ព្រោះតែជីវភាពក្រីក្រ និងពុំអាចរកការងារអ្វីផ្សេងធ្វើ ក៏បានបង្ខំចិត្តមកស៊ីឈ្នួលលីស៊ីម៉ងត៍ឡើងលើកំពូលភ្នំ ដែលគិតជារយៈកម្ពស់ជិត ២ គីឡូម៉ែត្រ ឯណោះ។
ឆ្លើយតបទៅនឹងសំណួររបស់ព្រះតេជគុណមួយព្រះអង្គ ដែលសួរអំពីអារម្មណ៍ពិត ទាក់ទងជញ្ជូន (ស្ពាយ) ស៊ីម៉ងត៍ ឡើងលើកំពូលភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ប្អូនប្រុសម្នាក់ក្នុងចំណោមនោះ បាននិយាយទាំងដង្ហើមដកចង់ផុតម្តងៗថា «ហត់គួរសមលោកបង… ជញ្ជូនស៊ីម៉ងត៍១ការ៉ុងក្នុង១ជើង ទទួលបានតម្លៃឈ្នួល២ម៉ឺនរៀល ហើយ១ថ្ងៃបានតែ២ជើងទេ»។
បើតាមប្អូនប្រុសរូបនោះ នោះផ្លូវធ្វើដំណើរតាមជណ្តើរ គឺមាន២ដំណាក់កាល ដោយថ្នាក់ទី១គឺ១២៩២ កាំ និងថ្នាក់ទី២គឺជាង១គីឡូម៉ែត្រទៀតឯណោះ ទើបដល់គោលដៅ។ ក្រោយពីឮប្អូនប្រុសនិយាយបែបនេះ ព្រះសង្ឃក៏មានមាត់ថា «អូយ! អាត្មាមកតាំងពីព្រឹក មកអង្គុយកន្លែងនេះ ចង់ដាច់ខ្យល់តិកៗហើយ…»។
យោងតាមគណនីហ្វេសប៊ុកព្រះតេជគុណមួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះសារភ្ជាប់នឹងវីដេអូទី១យ៉ាងដូច្នេះថា៖ «អារម្មណ៍ពិត ពេលឡើងដល់កំពូលភ្នំត្បែង មុខរបរអ្នកភ្នំ ពួកគាត់ជញ្ជូនស៊ីម៉ងត៍ ឡើងភ្នំ ១ការ៉ុង ២ម៉ឺនរៀល។ កាំជណ្តើរថ្នាក់ទី១ គឺ១២៩២កាំ, កាំជណ្តើរវគ្គ២ គឺ..? អូយលោកព្រះអើយអាណិតគាត់ណាស់ អាត្មាភាព យោងតែខ្លួនឯង ដកដង្ហើមផុតៗ ចង់ដាច់ខ្យល់ម្តងៗ!!!” ។
បន្ទាប់មកព្រះតេជគុណខាងលើ ក៏បានបង្ហោះវីដេអូមួយទៀត ដោយភ្ជាប់សារទាំងក្តីអាណិតអាសូរយ៉ាងដូច្នេះថា៖ “របៀបដើរឡើងភ្នំឲ្យឆាប់ដល់គោលដៅ កុំបង្ខំពេក ដើរមួយៗ ដើរយឺតៗ នឹងដល់កន្លែងដូចប្រាថ្នា។ សូមមើលបុរសម្នាក់នោះចុះ មុខរបរអ្នកភ្នំ ស្រណោះគាត់ណាស់ និងសរសើរគាត់ណាស់ ពីព្រោះជាការខិតខំប្រឹងប្រែង ដោយសុចរិត យុត្តិធម៌ទៀងត្រង់ពិតៗ”។
ដោយឡែកព្រះតេជគុណខាងលើ ក៏បានបង្ហោះវីដេអូ និងសរសេររសារយ៉ាងខ្លីមួយឃ្លាទៀតថា៖
«#មុខរបរអ្នកភ្នំ ការងារត្រឹមត្រូវទៀងត្រង់ តែត្រូវប្រើកម្លាំងកាយបន្តិច»៕
ដោយ៖ លឹម ហុង