ហេតុផលដែលប្រជាជនខ្មែរយើងមានជំនឿទៅលើកូនក្រក តាំងពីបុរាណកាលមក!
ជំនឿមន្តអាគមអូមអាម ជំនឿកូនក្រក ដែលខ្មែរយើងតាំងពីសម័យបុរាណ គ្រូលេងមន្តអាគមតែងតែមានជំនឿយ៉ាងមុតមាំថា របស់នេះពិតជាពូកែស័ក្ដសិទ្ធិ អាចការពារសត្រូវមិនឲ្យមកបៀតបៀនខ្លួនបាន។ មកដល់សព្វថ្ងៃ ជំនឿនេះត្រូវបានសាបរលាបពីផ្នត់គំនិតខ្មែរបន្តិចម្ដងៗហើយ នៅសល់ត្រឹមតែពាក្យបរម្បរាដែលឮតៗគ្នាប៉ុណ្ណោះ។
គ្រូអ្នកលេងមន្តអាគមមួយចំនួនដែលមានចិត្តពិសពុល កាចសាហាវព្រៃផ្សៃ អ្នកលេងមន្តអាគមទាំងនោះ ភាគច្រើនតែងតែមានកូនក្រកចាំការពារខ្លួនជានិច្ច ព្រោះថា សូម្បីតែប្រពន្ធកូនខ្លួនឯងក៏ហ៊ានសម្លាប់ដែរ ដើម្បីឲ្យខ្លួនបានសម្រេចមន្តអាគម បង្កើតជាកូនក្រកនេះ។
ចំពោះជំនឿកូនក្រកនេះដែរ លោកតា បុន សយ មានវ័យ៨២ឆ្នាំ រស់នៅភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់អ្នកសារពត៌មានយើងឲ្យដឹងថា បើតាមលោកតាលឺតៗពីចាស់បុរាណ បាននិទានតគ្នា ទាក់ទងរឿងកូនក្រកនេះថា វាជាវត្ថុស័ក្តិសិទ្ធិម្យ៉ាងដែលគ្រូមន្តអាគមចូលចិត្តលេង និងសែកមន្តគាថាដាក់ទៅលើរបស់នោះ ដើម្បីឲ្យពូកែស័ក្តិសិទ្ធិនៅតាមបម្រើការពារខ្លួនជានិច្ច។
លោកតាមានប្រសាសន៍បន្តទៀថា ចំពោះកូនក្រកនេះ គឺគេយកកូនមនុស្ស ឬកូនសត្វដែលគេពិឃាតយកទៅឆ្អើរឲ្យក្រៀម រុំដោយអំបោះឆៅ ហើយខ្មុកម្រ័ក្សណ៍ ប្រសិទ្ធីឧបកិច្ចជាវត្ថុស័ក្ដសិទ្ធិសម្រាប់ការពារខ្លួន ក្នុងពេលមានអាសន្នជាដើម។
លោកតាបានបន្ថែមទៀតថា កូនក្រកដែលរឹតតែងខ្លាំងពូកែស័ក្តិសិទ្ធិនោះ គឺមនុស្សមានកូនដំបូង ហើយកូននោះប្រុសទៀត គ្រូមន្តអាគមខ្លះ ចង់បានកូនក្រកមកការពារខ្លួន នៅពេលដឹងថាស្រ្តីណាផ្ទៃពោះប្រហែល ៣ ឬ ៤ខែ គ្រូមន្តអាគមអ្នកលេងមន្តអាគមនោះ អាចទៅលួចខ្វេះ ឬ វះពោះយកកូននោះមកឆ្អើរឲ្យក្រៀមរុំបោះឆៅ ហើយសែកមន្តអាគមគាថាដាក់លើកូនក្រក ដើម្បីឲ្យក្លាយជាវត្ថុស័ក្តិសិទ្ធិ អាចការពារគ្រោះមហន្តរាយផ្សេងៗ ការពារសត្រូវ ការពារពួកព្រាយបិសាច និងអាចផ្ដល់ដំណឹងផ្សេងៗជាមុនពីសត្រូវ ដែលអាចនឹងកើតឡើងនៅថ្ងៃខាងមុខ៕
ដោយ៖ អនត្តា