ទិញឡានមួយទឹក ត្រូវដឹងពន្ធប្រថាប់តា្រលើការផ្ទេរកម្មសិទ្ធិយានយន្ត!

យោងតាមការផ្សាយផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទិ្ធយានយន្តនិងពន្ធលើមធ្យោបាយដឹងជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដែលមានការចូលរួម ពីលោក ហ៊ល ធីរិត អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យនៃអគ្គនាយដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះកន្លងទៅ បានឱ្យដឹងថា ចាប់ពីពេលនេះទៅលោកនឹងធ្វើការចូលរួមក្នុងការបកស្រាយទៅលើការផ្ទេរកម្មសិទ្ធយានយន្ត ទិញ-លក់ មួយចំនួនទៅដល់ប្រជាជនកម្ពុជាដែលជាអ្នកជាប់ពន្ធ ឱ្យយល់កាន់តែជ្រាបច្បាស់ពីការបង់ពន្ធប្រថាប់ត្រាទៅដល់អគ្គនាយកដ្ឋានពន្ធដារ។

ជុំវីញបញ្ហានេះដែរ លោក ហ៊ល ធីរិត បានបញ្ជាក់ថា សម្រាប់ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្តគឺមានការប្រមូលនៅពេលដែលមានការផ្ទេរកម្មសិទ្ធិតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកដែលទទួលកម្មសិទិ្ធត្រូវមានកាតព្វកិច្ចប្រកាសនិងបង់ពន្ធចំនួនរយៈ ៣ ខែ ដែលពន្ធប្រថាប់ត្រាត្រូវបានប្រមូល៤%ទៅតាមប្រភេទយានយន្ត។

ចំពោះការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទិ្ធយានយន្តនិងមធ្យាបាយដឹងជញ្ជូនយានជំនិះគ្រប់ប្រភេទត្រូវបានគេកំណត់ទៅលើកត្តាដូចជា៖
– គិតទៅលើឆ្នាំផលិតយានយន្ត
– ប្រភេទនៃយានយន្ត

– ទំហំនៃយានយន្ត
– ចំនួនកៅអីនៃយានយន្ត
– គិតទៅលើទំហំនៃការដឹងអ្នកដំណើរនិងគិតពីទំហំផ្ទុកទំនិញ។

ក្នុងនោះដែលការបង្ហាញខាងលើនេះគឺសុទ្ធតែជាការបង់ពន្ធប្រថាប់ត្រាដែលបានកំណត់ទៅលើយានយន្តនិងយានជំនិះ ចំណែកតម្លៃក្នុងការប្រកាសទៅលើយានយន្តដែលលើសពី ៥-១០ ឆ្នាំនិងលើសពី ១០ ឆ្នាំឡើងទៅគឺគិតទៅតាមឆ្នាំដែលបានផលិតទៅតាមប្រភេទយានយន្តផងដែរ។

គួរបញ្ចាក់ផងដែរថា តម្លៃដែលគិតពន្ធគឺគិតទៅលើឆ្នាំដែលផលិតយានយន្ត ទៅតាមប្រភេទនីមួយៗតាមស៊េរីនៃយានយន្ត (ថ្មី មធ្យម និងចាស់ )ជាដើម។ ដូច្នេះហើយសម្រាប់អ្នកត្រូវមានការផ្ទេរកម្មសិទ្ធត្រូវយល់ដឹងពីការកំណត់ពន្ធប្រថាប់ត្រាដែលទៅលើយានយន្តទាំងនេះដើម្បីឱ្យមានភាពច្បាស់លាស់បន្ថែមទៀត ចៀសវាងមានបញ្ហាណាមួយកើតឡើងដោយចៃដន្យ៕

ប្រភព៖អគ្គនាយកដ្ឋានពន្ធដារ

អត្ថបទដោយ ៖ តែម សុគន្ធា
សុំអនុញ្ញាតចែករំលែកបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published.