ដឹងទេ? កាបូបខ្មៅចំណាំឃើញគេយួរតាមប្រធានាធិបតីអាមេរិកជាកាបូបអ្វី!

(បរទេស)៖ ចាប់តាំងពីជំនាន់លោក John F. Kennedy មកប្រធានាធិបតីអាមេរិកគ្រប់រូបសុទ្ធតែមានមន្រ្តីជំនួយការម្នាក់ដែលដើរតាមជាប់ ដោយកាន់នូវកាបូបយួរមួយហៅថា «Nuclear Football» ជារបស់ប្រើសម្រាប់បញ្ជាឲ្យបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ក្នុងករណីលោកប្រធានាធិបតីមិនស្ថិតក្នុងបន្ទប់ស្ថានការណ៍ (Situation Room) នៅសេតវិមាន ពោលគឺពេលលោកធ្វើដំណើរនៅខាងក្រៅ។ ឈ្មោះ «Nuclear Football» នេះ បានមកពីគម្រោងសង្រ្គាមនុយក្លេអ៊ែរមួយហៅថា «Dropkick» ជាពាក្យដែលពាក់ព័ន្ធនឹងកីឡាបាល់ឱបអាមេរិក (Football)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


កាបូប Nuclear Football ស្ថិតក្រោមការគ្រប់គ្រងដោយផ្លាស់វេនគ្នា រវាងមន្រ្តីយោធាដែលជាជំនួយការរបស់ប្រធានាធិបតីអាមេរិក។ ពួកគេតម្រូវឲ្យរក្សាទុកកាបូបនេះ នៅក្បែរខ្លួនប្រធានាធិបតីជាប់ជានិច្ច។ ហេតុដូច្នេះហើយទើបយើងតែងចំណាំឃើញ មន្រ្តីជំនិតនេះដែលមាន Football នៅក្នុងដៃឈរឬក៏ដើរក្បែរៗប្រធានាធិបតីអាមេរិកគ្រប់ពេល រួមមានទាំងពេលជិះលើយន្តហោះ Air Force One, ឧទ្ធម្ភាគចក្រ Marine One ឬក៏រថយន្តប្រធានាធិបតី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រធានាធិបតីអាមេរិក ក្នុងនាមជាអគ្គមេបញ្ជាការផុតលេខនៃកងកម្លាំងប្រដាប់អាវុធ មានសិទ្ធិចេញបញ្ជាឲ្យបើកការវាយប្រហារនុយក្លេអ៊ែរដោយឯកឯង មិនចាំបាច់សុំការអនុញ្ញាតពីសភាឡើយ។ នៅពេលបើកឡើងកាបូប Football អាចប្រើដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប្រធានាធិបតី, ធ្វើការទាក់ទងជាមួយក្រសួងការពារជាតិអាមេរិក និងផ្តល់នូវជម្រើសសម្រាប់ការវាយប្រហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយផ្ទុយពីការសន្និដ្ឋានរបស់មនុស្សមួយភាគច្រើន កាបូប Football មិនមាន «ប៊ូតុងនុយក្លេអ៊ែរ» ទេ ហើយប្រធានាធិបតីមិនអាចប្រើវាផ្ទាល់ ដើម្បី បាញ់អាវុធនុយក្លេអ៊ែរតែម្តងឡើយ។ កាបូប Football អនុញ្ញាតឲ្យប្រធានាធិបតីអាមេរិកចេញបញ្ជាប្រើអាវុធនុយក្លេអ៊ែរមែន ប៉ុន្តែការវាយប្រហារនឹងត្រូវធ្វើឡើង ដោយខាងយោធាអាមេរិកឯណោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


យ៉ាងណាមិញ នៅមានរបស់សំខាន់មួយទៀតគឺ លេខសម្ងាត់ «Gold Code» ដែលសរសេរនៅលើកាតផ្លាស្ទិកមួយហៅថា «The Biscuit» ព្រោះ បើគ្មានលេខសម្ងាត់នេះទេ ប្រធានាធិបតីអាមេរិកក៏មិនអាចចេញបញ្ជាឲ្យប្រើអាវុធនុយក្លេអ៊ែរបានដែរ។ ដូច្នេះហើយប្រធានាធិបតីត្រូវតែរក្សាទុកកាតលេខសម្ងាត់នេះនៅជាប់ខ្លួនជានិច្ចដូចគ្នា។ សម្រាប់ហេតុផលសន្តិសុខ នៅលើកាត Biscuit មានលេខសម្ងាត់ច្រើន ដែលក្នុងនោះរួមមានតាំងលេខកូដមិនបានការផងដែរ គឺប្រធានាធិបតីត្រូវតែចងចាំ លេខកូដដែលត្រឹមត្រូវដោយខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅពេលប្រធានាធិបតីបញ្ជាឲ្យបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លេខកូដសម្ងាត់នឹងត្រូវផ្ទៀងផ្ទាត់បញ្ជាក់ដោយក្រសួងការពារជាតិអាមេរិក ហើយបញ្ជានោះនឹងត្រូវធ្លាក់ជាបន្តបន្ទាប់ទៀតទៅថ្នាក់ក្រោមៗ និងផ្នែកដែលពាក់ព័ន្ធ រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែក នាវាមុជទឹក និងមូលដ្ឋានមីស៉ីល ដែលសុទ្ធតែផ្ទុកអាវុធនុយក្លេអ៊ែរ។ ក្នុងដំណាក់កាលនីមួយៗគេប្រើគោលការណ៍បុគ្គលពីរនាក់ ហៅថា Two-Men Rule ដោយសូម្បីតែបញ្ជាប្រធានាធិបតី ក៏ត្រូវការការផ្ទៀងផ្ទាត់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិកដែរ ប៉ុន្តែទោះជាបែបនេះក្តី រដ្ឋមន្រ្តីការពារជាតិត្រូវតែគោរពតាមបទបញ្ជារបស់ប្រធានាធិបតី ដោយគ្មានសិទ្ធិជំទាស់បាននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


កាបូប Football ជាផលិតផលរបស់ក្រុមហ៊ុន Zero Halliburton នៅរដ្ឋ Utah របស់អាមេរិក។ ពួកវាត្រូវបានបង្កើតឡើងចេញពីកាបូបយួរ អាលុយមីញ៉ូម ដែលស្រោបស្បែកពណ៌ខ្មៅ។ នៅពេលផ្ទុកឧបករណ៍និងឯកសារចាំបាច់រួចរាល់ កាបូប Football មានទម្ងន់ប្រហែល២០គីឡូក្រាម។ នៅពេលប្រធានាធិបតីអាមេរិកមានកិច្ចការត្រូវចេញក្រៅសេតវិមាន ជំនួយការជាមន្រ្តីយោធាម្នាក់ តែងកាន់កាបូបនេះជាប់តាមកៀកនឹងលោក សូម្បីតែក្នុងជណ្តើរយន្ត។ មន្រ្តីយោធាជាជំនួយការសរុប៥រូប ដែលមានតួនាទីផ្តល់ដំណឹងដល់ប្រធានាធិបតីអាមេរិក ក្នុងករណីសហរដ្ឋអាមេរិករងការវាយប្រហារនុយក្លេអ៊ែរគឺជាអ្នកផ្លាស់វេនគ្នា ទទួលបន្ទុកមើលការខុសត្រូវលើកាបូប Football។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


គួរជម្រាបថា ជាទូទៅក៏មានកាបូប Football និងលេខសម្ងាត់ Gold Code ដាច់ដោយឡែកផ្សេងទៀត សម្រាប់អនុប្រធានាធិបតីអាមេរិកផងដែរ ហើយនៅសេតវិមានវិញ មានកាបូបបម្រុងមួយជាប់នៅទីនោះជានិច្ច។ មកទល់បច្ចុប្បន្ន មិនធ្លាប់មានប្រធានាធិបតីអាមេរិកណាម្នាក់ បានប្រើកាបូបនុយក្លេអ៊ែរនេះឡើយ។ ដោយឡែក រុស្ស៉ីក៏មានកាបូបស្រដៀងគ្នានេះដែរហៅថា «Cheget» ដែលជាឈ្មោះភ្នំមួយនៅក្នុងប្រទេសរុស្ស៉ី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី freshnews

Leave a Reply

Your email address will not be published.