លេបទាំងមូលស្រស់ៗ មិនធ្លាប់ឃើញ! រវាងពស់ថ្លាន់ និងជ្រូកព្រៃ…(មានវីដេអូ)
វីដេអូមួយត្រូវបានគេបង្ហោះនៅលើគេហទំព័រយូធូប ដោយមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ដែលវីដេអូនោះបានបង្ហាញពីពស់ថ្លាន់ពណ៌លឿងស្តើងឆ្នូតខ្មៅខ្នងមួយក្បាលដ៏វែង បានព្យាយាមលេបចំណីដែលធំជាងខ្លួនយ៉ាងតក់ក្រហល់។
គេបានឃើញពស់ថ្លាន់ប្រភេទនេះបានលូនសសៀរទៅក្បែរជ្រូកព្រៃ ដែលកំពុងឈ្មុសដីរកចំណីក្នុងព្រៃមួយកន្លែងនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ជ្រូកទាំងនោះហាក់មិនខ្លាចពស់កំណាចមួយក្បាលនេះទេ ទោះឃើញវាវារចូលក្បែរខ្លួនក៏មិនប្រញាប់រត់ទៅណាដែរ នៅតែរកស៊ីចំណីដដែល តែមើលទៅរអើលៗបន្តិច។
ចំណែកពស់ថ្លាន់បានឃើញជ្រូកព្រៃមួយក្បាលដាច់ហ្វូងនៅតែឯង ក៏សម្រេចចូលក្បែរសន្សឹមៗ រួចហក់ចាប់ជ្រូកព្រៃមួយក្បាល ធ្វើជាចំណីរបស់ខ្លួនទាំងកម្រោលតែម្ដង។ ពស់ថ្លាន់បានប្រើខ្លួនដ៏វែងរបស់វារុំព័ទ្ធរឹតជ្រូកព្រៃយ៉ាងតឹងណែនអស់ជាច្រើននាទី រហូតជ្រូកព្រៃដាច់ខ្យល់ ទើបវាព្យាយាមលេបទាំងមូល។
ពស់ថ្លាន់មួយក្បាលនេះទំនងជាស្រេកឃ្លានខ្លាំង ហើយបានព្យាយាមលេបជ្រូកព្រៃយ៉ាងយូរ តែជាអកុសលលេបទៅមិនរួច ក៏ខ្ជាក់ជ្រូកព្រៃចោលឲ្យដេកងាប់ រួចលូនចូលទៅក្នុងព្រៃបាត់ស្រមោល៕