ប៉ះគ្នាជាថ្មី!!! ឈិន មុន្នីនាថ ជាមួយ នូ ឧសភា ក្នុងរឿងអប់រំនិយាយពីតម្លៃនៃសុភមង្គលក្នុងគ្រួសារ!

(ភ្នំពេញ)៖ បន្ទាប់ពីបានសម្តែងជាមួយគ្នាក្នុងភាពយន្តភាគខ្មែរ ចំណងជើងថា «អ្នកម៉ាក់វ័យក្មេង» វគ្គ១រួចមក កញ្ញា ឈិន មុន្នីនាថ និងលោក នូ ឧសភា បានប៉ះគ្នាក្នុងភាពយន្តភាគម្តងទៀត គឺរឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ២ ដែលនិយាយពីតម្លៃនៃសុភមង្គលក្នុងគ្រួសារ, តួនាទីភរិយា និងស្វាមី ដែលប្រើជីវិតរួមគ្នាដល់ចាស់ព្រឹទ្ធ ចាស់ព្រេង។

ទោះទើបប្រឡូកក្នុងវិស័យសិល្បៈ តែទេពកោសល្យសម្តែងរបស់តារាប្រុសស្រីទាំងពីរ កញ្ញា ឈិន មុន្នីនាថ និងលោក នូ ឧសភា គឺស័ក្តិសមយ៉ាងខ្លាំង ដែលទាក់ចិត្តផលិតករ ឲ្យអ្នកទាំងពីរសម្តែង ជាមួយគ្នាម្តងទៀតក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ២ បន្ទាប់ពីទទួលការគាំទ្រច្រើនក្នុងវគ្គទី១។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កញ្ញា ឈិន មុន្នីនាថ បានឲ្យដឹងថា ចំពោះរឿងភាគខ្មែរ «អ្នកម៉ាក់វ័យក្មេង» វគ្គ១ គឺបានផលិតឡើងក្នុងន័យ បង្វែរអារម្មណ៍ទស្សនិកជនឲ្យមើលឃើញ នូវចន្លោះខ្វះខាតក្នុងការចិញ្ចឹមបីបាច់ និងកង្វះខាតនូវផ្តល់ភាពកក់ក្តៅ ដល់កូនៗនាសម័យឌីជីថល ខណៈរឿងនោះ គឺទទួលបាននូវការគាំទ្រលើសពីការរំពឹងទុកពីទស្សនិកជនយ៉ាងច្រើន ទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលឃ្លីបភាគច្រើន នៃរឿងនេះទទួលបានការទស្សនា រហូតដល់ជាង១០លានឯណោះ។

ដោយឡែក សម្រាប់លោក នូ ឧសភា ក៏បានបង្ហាញពីបំណងរបស់លោក គឺចង់ឲ្យគ្រប់ៗដឹងពីតម្លៃនៃសុភមង្គលគ្រួសារ និងតួនាទីភរិយា និងស្វាមីដែលប្រើដំណើរជីវិតរួមគ្នាដល់ចាស់រៀងៗខ្លួន។ តាមរយៈនេះលោក នូ ឧសភា បានលើកទឹកចិត្តដល់គូស្នេហ៍ ភរិយា-ស្វាមីទាំងអស់ ចូលរួមទស្សនា និងគាំទ្រខ្សែភាគយន្តភាគនេះឲ្យបានគ្រប់ៗគ្នា ដើម្បីយល់ដឹងបន្ថែមពីការរួមរស់ជាមួយគ្នា ជាស្វាមីភរិយា ក្នុងសង្គមសម័យថ្មី។

គួរជម្រាបថារឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ២បានរៀបចំពិធីក្រុងពាលី ផ្តើមថត នៅព្រឹកថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមកុះករ ពីសំណាក់តារាសម្តែងប្រុសស្រីល្បីៗ និងភ្ញៀវកិត្តិយសយ៉ាងច្រើន។ ក្នុងនោះរួមមាន លោក នូ ឧសភាព (តួឯកប្រុស) កញ្ញា ឈិន មុន្នីនាថ (តួឯកស្រី), កុមារី ម៉ានីកា, លោក អុំ សុវណ្ណគិរី, កញ្ញា ស៊ុយ បូណាវីន, កញ្ញា ពេជ្រ ចរណៃ, លោក ណារ៉ាឌី, លោក សុភ័ក្រ, លោក ស៊ីនី, អ្នកស្រី សក្ខណា, អ្នកស្រី រ៉េត រ៉ូស, អ្នកស្រី ឡាញ់ សូនី, អ្នកស្រី វ៉ាន់ ថង, លោក វុធ ថាណាក់ រួមទាំងតារាសម្តែងជាច្រើនដួងទៀត។ ភាពយន្ត «អ្នកម៉ាក់វ័យក្មេង» វគ្គ២ មានការចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ PNN៕

ប្រភពពី freshnews

Leave a Reply

Your email address will not be published.