ទោះបីស្រលាញ់ក្នក់ក្នាញ់គាត់ប៉ុណ្ណា ក៏កុំថើបមាត់កូនអាយុក្រោម២ខែដែរ!!!

ការថើប មិនថាម្រាមជើង ម្រាមដៃ ថ្ពាល់ ឬ បបូរមាត់ឡើយ និយាយរួមគឺស្ទើរតែគ្រប់ផ្នែកទាំងអស់។ ទោះយ៉ាងណា សូមកុំថើបមាត់ទារកក្នុងរយៈពេលពីរខែដំបូង ហើយក៏កុំឱ្យអ្នកដទៃមកថើបឱ្យសោះ ព្រោះមូលហេតុខាងក្រោមនឹងធ្វើឱ្យអ្នកខ្លាចរអា។

១. មេរោគបង្កឱ្យកើតពងបែក បើធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លាប់
ឳពុកម្តាយពីរនាក់បានប្រកាស់ថា កូនតូចអាយុមួយខែរបស់ពួកគេបានស្លាប់ ក្រោយពីឆ្លងមេរោគ បន្ទាប់ពីមានសាច់ញាតិម្នាក់ថើបបបូរមាត់ទារករងគ្រោះ។ សាច់ញាតិម្នាក់នោះប្រហែលជាមិនបានដឹងពីវត្តមាននៃមេរោគ ដែលមិនគ្រោះថ្នាក់ខ្លាំងដល់មនុស្សពេញវ័យ ប៉ុន្តែងាយនឹងឆ្លងតាមមាត់នេះទេ។

២. ប្រព័ន្ធភាពស៊ាំនៅខ្សោយ
ទោះជាបានទៅពិនិត្យរោគសញ្ញាបានលឿនប៉ុន្តែទារកនោះមិនអាចរស់បាន ដោយសារការរាលដាលនៃមេរោគ រហូតដល់រលាកស្រោមខួរ។ នេះក៏ព្រោះតែប្រព័ន្ធការពាររបស់ទារក ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ថ្វីបើទឹកដោះដំបូងដែលសម្បូរទៅដោយអង់ទីគ័រការពារជំងឺ ក៏មិនគ្រប់គ្រាន់ទាំងស្រុងដែរ។ ដូច្នេះអ្នកត្រូវថែទាំទារកដោយយកចិត្តទុកដាក់បំផុត និងទប់ចិត្តកុំថើបផ្តេសផ្តាសទម្រាំប្រព័ន្ធភាពស៊ាំរបស់គេរឹងមាំជាមុនសិន។

៣. ប្រតិកម្មចំណីអាហារ
ចំណុចនេះឧស្សាហ៍កើតមានឡើង ជាពិសេសអាហារសមុទ្រ សណ្តែកដី គ្រាប់ស្វាយចន្ទី ។ល។ អាហារតែមួយមុខគត់ដែលទារកអាចញ៉ាំបានមុនអាយុ ៦ខែ គឺទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ដែលមិនងាយបង្កឱ្យទារកប្រតិកម្ម។ ទឹកមាត់មនុស្សធំមានផ្ទុកភាគល្អិតនៃអាហារដែលគេបានញ៉ាំ ហើយវានឹងនៅជាប់មាត់ ទោះពេលខ្លះដុសធ្មេញហើយក៏ដោយក៏នៅមិនទាន់បាត់អស់ដែរ។

៤. ប្រតិកម្មគីមី
ពេលមានភ្ញៀវមកមើលទារកទើបនឹងកើត អ្នកខ្លះមានលាបម្សៅ ក្រែម ឬគ្រឿងផាត់មុខផ្សេងៗដែលអាចធ្វើឱ្យមានប្រតិកម្មគីមី ពេលថើបលើស្បែក និងបបូរមាត់ដ៏ទន់របស់កូនង៉ែតនោះ។

៥. មិនទាន់ចាក់វ៉ាក់សាំងគ្រប់គ្រាន់
ថ្វីបើទារកទើបចាប់កំណើតត្រូវបានចាក់វ៉ាក់សាំងការពារជំងឺខាន់លឿង និងជំងឺឆ្លងដំបូងៗក៏ពិតមែន ក៏វ៉ាក់សាំងទាំងនោះត្រូវចាក់ក្នុងចំនួនច្រើនតាមការកំណត់មួយ ទើបមានប្រសិទ្ធភាពពេញលេញ។ អវត្តមានវ៉ាក់សាំង បង្កើនហានិភ័យនៃការឆ្លងជំងឺដែលអាចគ្រោះថ្នាក់ដល់ជីវិត តាមរយៈការប៉ះផ្ទាល់ពីមនុស្ស។

៦. ការឆ្លងជំងឺពោះវៀន
ប្រព័ន្ធរំលាយអាហាររបស់ទារកនៅទន់ខ្សោយណាស់ ដែលអាចរំលាយបានតែទឹកដោះម្តាយ ឬម្សៅទឹកដោះគោប៉ុណ្ណោះ ដែលសូម្បីដល់អាយុ ៦ ខែ ក៏មិនទាន់រឹងមាំទាំងស្រុងផង។ នៅដំណាក់កាលនេះ បើទារកឆ្លងជំងឺតាមទឹកមាត់មនុស្សធំដោយចៃដន្យ វានឹងបង្កឱ្យកើតរោគពោះវៀន ហើយអាចបណ្តាលឱ្យក្អួត ឬរាគរូសលើសប្រក្រតី ជាហេតុធ្វើឱ្យខ្សោះជាតិទឹក។ ពេលខ្សោះជាតិទឹក ច្បាស់ជាត្រូវព្យួរសេរ៉ូម ដែលធ្វើឱ្យទារកឈឺចាប់រាងកាយម្តងទៀត៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published.