ចេកដែលមានតម្លៃ១២ម៉ឺនដុល្លារ ឥឡូវមានគេយកទៅបរិភោគហើយ (មានវីដេអូ)

មនុស្សជាច្រើនកំពុងថតរូបជាមួយចេកដែលមានតម្លៃ១២ម៉ឺនដុល្លារ

អាមេរិក៖ ព័ត៌មានទាក់ទងនឹងចេកមួយផ្លែដែលត្រូវបានសិល្បករជនជាតិអ៊ីតាលីម្នាក់យកស្កុតបិទជាប់ជញ្ជាំង ហើយដាក់លក់ក្នុងតម្លៃ១២ម៉ឺនដុល្លារបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជុំវិញពិភពលោក។ គួររម្លឹកផងដែរថាចេកដែលបិទស្កុតជាប់ជញ្ជាំងនេះគឺជាស្នាដៃរបស់លោក Maurizio Cattelan ហើយគាត់បានដាក់ឈ្មោះឲ្យវាថា Comedian។

លោក David Datuna ដែលជាសិល្បករសំដែងអាមេរិកដើមកំណើតហ្សកហ្ស៊ី

ចេកមួយនេះបានដាក់តាំងក្នុងកម្មវិធីពិព័រណ៍សិល្បៈ Art Basel នៅក្នុងទីក្រុងម៉ៃអាមី ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះវាត្រូវបានគេយកចេញពីជញ្ជាំងនិងយកទៅញុំាផងដែរ។

សិល្បករសំដែងសញ្ជាតិអាមេរិកដើមកំណើតហ្សកហ្ស៊ីលោក David Datuna បានបរិភោគចេកមួយផ្លែនេះ ហើយលោកបានបង្ហោះវីដេអូមួយក្នុង Instagram ជាមួយពាក្យពេចន៍មួយចំនួនថាលោកពិតជាពេញចិត្តការដាក់តាំងស្នាដៃសិល្បៈមួយនេះណាស់ ចំណែកឯផ្លែចេកនេះវិញក៏មានរសជាតិឆ្ងាញ់ដែរ។


វីដេអូរបស់លោក David Datuna កំពុងបរិភោគចេកមួយផ្លែដែលមានតម្លៃ១២ម៉ឺនដុល្លារ
ស្របពេលលោកកំពុងបរិភោគចេកមួយផ្លែនេះ មនុស្សជាច្រើននៅក្នុងពិព័រណ៍សិល្បៈបានថតទិដ្ឋភាពមួយនេះនឹងបានចែកចាយវាទៅកាន់បណ្ដាញសង្គមផងដែរ៕

Leave a Reply

Your email address will not be published.