ពស់វែកមួយក្បាល លេបពស់ថ្លាន់ទាំងមូល វាសនាចុងក្រោយងាប់ទាំងពីរ…(មានវីដេអូ)

ហ្វីលីពីន៖ កាលកន្លងទៅនេះ ពស់វែកមួយក្បាល ត្រូវបានងាប់ ក្រោយពីព្យាយាមលេបពស់ថ្លាន់ទាំងមូល។ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃនោះ អ្នកភូមិបានប្រទះឃើញពស់ទាំងពីរក្បាលនៅឯវាលស្រែ ក្នុងខេត្ត Davao del Sur ប្រទេសហ្វីលីពីន។ ពស់វែក បានសម្លាប់ពស់ថ្លាន់ ដោយលេបទាំងមូល ដែលនៅសល់ត្រឹមកន្ទុយបន្ដិចប៉ុណ្ណោះ។ ឃើញដូច្នេះ អ្នកភូមិស្លន់ស្លោរ និងនាំគ្នាយកដំបងវាយសំពងទៅលើពស់វែក រហូតដល់ងាប់។

អ្នកភូមិម្នាក់បាននិយាយថា៖«មានពស់ជាច្រើននៅក្នុងតំបន់ដែលពួកខ្ញុំរស់នៅ ហើយនេះជាលើកទីមួយ ដែលពួកខ្ញុំបានឃើញពស់វែក លេបពស់ពស់ថ្លាន់បែបនេះ។ ក្នុងតំបន់នេះ ធ្លាប់មានមនុស្សស្លាប់ដោយសារពស់ចឹក ដូច្នេះហើយបានជាអ្នកភូមិសម្លាប់ពស់ចោល នៅពេលដែលឃើញភ្លាមៗ។»

ប្រភពបានបន្ដថា ក្រោយពីវាយសំពងពស់វែកងាប់រួចមក អ្នកភូមិបានយកកាំបិតទៅវះពោះពស់វែក ដើម្បីយកពស់ថ្លាន់ចេញ។ ពស់វែកត្រូវបានគេប៉ាន់ស្មានថា មានប្រវែង១២ហ្វីត (ប្រមាណ៣.៦៥ម៉ែត្រ) ចំណែកពស់ថ្លាន់មានប្រវែងពី៦ហ្វីត ទៅ៨ហ្វីត (ប្រមាណ១.៨២ ទៅ២.៤៣ម៉ែត្រ)។

យ៉ាងណាមិញ ក្រោយពីទទួលបានការរាយការណ៍ពីករណីខាងលើនេះរួចមក មន្ត្រីក្នុងតំបន់បានដាស់តឿនអ្នកភូមិទាំងអស់ឲ្យមានការប្រុងប្រយ័ត្ននឹងពស់នៅតាមវាលស្រែផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.